ពេល​ដល់​អាយុ​៣០​ឆ្នាំ បែក​បាក់​ស្នេហា ឬ​ឯកា​ក៏​មិន​គួរ​ឲ្យ​ខ្លាច​ដូច​អត់​លុយ

  • 2017-10-13 03:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​អាយុ​ដែល​ត្រូវ​មាន​គ្រួសារ​ហើយ ការ​ព្រួយ​បារម្ភ​ក៏​ដូច​ជា​ភ័យ​ខ្លាច​នឹង​កាន់​តែ​កើន​ឡើង តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ជាង​គេ​គឺ​ការងារ និង​លុយ​កាក់។

ការ​រស់​នៅ​កាន់​តែ​ទាន់​សម័យ មនុស្ស​កាន់​តែ​មាន​វិធី​ច្រើន​ដើម្បី​កម្សាន្ត​អារម្មណ៍​ក្រោយ​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ។ សម្រាប់​អ្នក​អាយុ​៣០​ឆ្នាំ អាយុ​ដែល​មនុស្ស​ជុំ​វិញ​យើង​សុទ្ធ​តែ​មាន​ការងារ​រឹង​មាំ និង​គ្រួសារ​អស់ ហើយ​ឪពុក​ម្ដាយ​ចូល​និវត្តន៍​លែង​រក​លុយ​បាន​ទៀត​ហើយ​នោះ គេ​មាន​ការ​រឿង​ជា​ច្រើន​ត្រូវ​ព្រួយ​បារម្ភ​ជាង​រឿង​ស្នេហា។ គេ​លែង​ខ្លាច​រឿង​ខូច​ចិត្ត ក៏​មិន​ខ្លាច​បាត់​បង់​មិត្តភ័ក្ដិ មិន​ខ្លាច​គេ​មិន​ចាប់​អារម្មណ៍​យើង មិន​ខ្លាច​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ។

គេ​អាច​ដើរ​រំលង​ការ​ភ័យ​ខ្លាច​សាមញ្ញ​ទាំង​អស់​នេះ​បាន​យ៉ាង​ធម្មតា។ តែ​មិន​មែន​មាន​ន័យ​ថា​គេ​លែង​មាន​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។ ជំនួស​មក​វិញ គេ​មាន​ការ​ភ័យ​ខ្លាច​ដែល​ជាក់​ស្ដែង​ជាង​រឿង​ទាំង​នោះ។ ខ្លាច​អត់​អង្ករ​ច្រក​ឆ្នាំង ខ្លាច​អត់​ការងារ​ធ្វើ ខ្លាច​ថា​យើង​មិន​អាច​រក​លុយ​គ្រប់​ដើម្បី​ចំណាយ។

ទាល់​តែ​ធ្លាប់​ឈរ​នៅ​ទី​ទាល់​ច្រក​ខ្លាំង​មែន​ទែន ទើប​អ្នក​យល់​ពី​តម្លៃ​នៃ​លុយ។ ដូច​នេះ​គេ​តែង​និយាយ​ថា៖ "បើ​គ្មាន​អ្វី​សោះ គួរ​ណាស់​ត្រូវ​មាន​លុយ"។ ស្ដាប់​មើល​ទៅ​គឺ​សម្ភារៈនិយម តែ​វា​ជា​ការពិត។ ព្រោះ​នៅ​ពេល​ដែល​គ្មាន​នរណា​នៅ​លួង​យើង ក៏​ហោច​ណាស់​យើង​អាច​ប្រើ​លុយ​ដើម្បី​ធ្វើ​អ្វី​ឲ្យ​សប្បាយ​ដើម្បី​លួង​ឯង៕

ចុចអាន៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម