គ្រាន់​ Luhan បង្ហាញ​មុខ​មិត្ត​ស្រី ដល់​ថ្នាក់​គាំង​បណ្ដាញ​សង្គម Weibo ភ្លែត

  • 2017-10-12 05:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​សង្ហារ​សញ្ជាតិ​ចិន Luhan ថ្មីៗ​នេះ​បាន​បង្ហោះ​ជា​សាធារណៈ​ពី​មុខមាត់​ពិត​នៃ​មិត្ត​ស្រី​របស់​លោក លើ​បណ្ដាញ​សង្គម​យក្ស Weibo។ ជា​រឿង​អស្ចារ្យ​ក្រោយ​ Luhan ណែនាំ​មិត្ត​ស្រី​ថ្មី​មាន​គណនី​ឈ្មោះ @Guan Xiaotong ដែល​ជា​តារា​សម្ដែង​ល្បី​របស់​ប្រទេស​ចិន ភ្លាម​នោះ​មាន​ការ​ចែក​រំលែក​ជា​បន្តបន្ទាប់​ដល់ ៥,១៦៥,០០០ ដង​គិត​ត្រឹម​ពេល​រសៀល​នា​ថ្ងៃ​អង្គារ។

ប៉ុន្តែ​ដោយ​សារ​ចំនួន​ការ​ចុច​ចូល​មើល​ច្រើន​ដង លើស​ពី​អ្វី​ដែល​បណ្ដាញ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ Weibo មិន​ធ្លាប់​ទទួល ក្រោយ ៣០ នាទី​ក៏​មាន​បញ្ហា​គាំង ដោយ​ភ្នាក់ងារ​បម្រើ​សេវា​អតិថិជន​និយាយ​ថា​ក្រុម​ការងារ​ខ្លួន​កំពុង​ធ្វើ​ការ​ជួសជុល​លើ​បញ្ហា​នេះ ហើយ​ធ្វើ​ឲ្យ​គណនី​មួយ​ចំនួន​ដំណើរការ​ទៅ​ដោយ​មិន​​ប្រក្រតី​ឡើយ។ បញ្ហា​គាំង Server ដ៏​ធំ បាន​ជួសជុល​ជា​រួចស្រេច ចំណាយ​ពេល​ជាង ៤ ម៉ោង​ឯ​ណោះ។​

Luhan បច្ចុប្បន្ន​មាន​វ័យ ២៧ ឆ្នាំ​ខណៈ​មិត្ត​ស្រី​កញ្ញា Xiaotong មាន​វ័យ ២០ ឆ្នាំ ដោយឡែក​ពួក​គេ​​ធ្លាប់​សម្តែង​រួម​គ្នា​ក្នុង​រឿង​ភាគ​ចិន "Sweet Combat” ម្ល៉ោះ​ហើយ​ទើប​មាន​ការ​លើក​ឡើង​ពី​មតិ​អ្នក​គាំទ្រ​មួយ​ចំនួន​ថា​ការ​ដែល​ Luhan ប្រកាស​រឿង​នេះ ទំនង​គ្រាន់​ជា​ការ​ផ្សព្វផ្សាយ​ពី​ភាពយន្ត​ខ្លួន​ឲ្យ​ល្បី​តែ​ប៉ុណ្ណោះ។

រំឭក​ថា​ចំពោះ​ការ​ចាប់​អារម្មណ៍​លើ​ផុស​របស់ Luhan អាច​រាប់​ថា​ច្រើន​ជាង​កាល​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama បង្ហោះ​លើ​ Twitter កាល​ពី​ខែ​សីហា ទទួល​បាន​ត្រឹម ១,៧១៣,០០០ Retweets និង​ជាង ៤,៦០៧,000 Likes តែ​ប៉ុណ្ណោះ ៕

ប្រភព៖ ibtimes ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម