វីវរ​បាត់! អ្នក​ប្រើ​រោម​សត្វ​ របស់​មិន​ស្អាត​មកត្បាល​ត្រចៀក ប្រយ័ត្ន​រលាក​ស្រោម​ខួរ ធ្ងន់​ដល់ថ្នាក់...

  • 2017-10-06 08:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ចូលចិត្ត​យក​រោម​សត្វ ឬ​របស់​ផ្សេងៗ​ដែល​មិន​បាន​សម្អាត​បាន​ល្អ មក​ត្បាល​ត្រចៀក អាច​នឹង​ធ្វើ​ឲ្យ​កើត​ជំងឺ​រលាក​ត្រចៀក​ស្រួច​ស្រាវ ហើយ​បើ​ជំងឺ​នេះ​វិវត្ត​ធ្ងន់ធ្ងរ អ្នក​នឹង​អាច​កើត​ជំងឺ​រលាក​ស្រោម​ខួរ រលាក​ខួរក្បាល អាប់សែ​ខួរក្បាល និង​បាត់បង់​ការ​ស្ដាប់​ជា​អចិន្ត្រៃយ៍។

ជំងឺ​រលាក​ត្រចៀក ក៏​អាច​បណ្ដាល​មក​ពី​ជំងឺ​ដទៃ​ទៀត ដូចជា ផ្ដាសាយ ផ្ដាសាយ​ធំ ឬ​ប្រតិកម្ម​អាលែកហ្ស៊ី ដែល​អាច​ឲ្យ​មាន​ការ​កក​ស្ទះ ហើម​រន្ធ​ច្រមុះ បំពង់​ក និង​បំពង់ eustachian tubes (បំពង់​តូច​ចង្អៀត​ពីរ​ដែល​រត់​ពី​ត្រចៀក​កណ្ដាល​ទៅ​ផ្នែក​ខ្ពស់​ខាង​ក្រោយ​បំពង់​ក និង​នៅ​ពី​ក្រោយ​រន្ធ​ច្រមុះ)។

ការសម្អាតត្រចៀកតាមបែបបុរាណរបស់ចិន

រោគ​សញ្ញា​ជំងឺ​រលាក​ត្រចៀក មាន ឈឺ​ត្រចៀក ហូរ​ទឹក​រងៃ​ពី​ត្រចៀក ឈឺ​ក្បាល ក្ដៅ​ខ្លួន មួម៉ៅ និង​មាន​អារម្មណ៍​ធ្ងន់ៗ​ក្នុង​ត្រចៀក។ គ្រូ​ពេទ្យ​អាច​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​បញ្ចុះ​កម្ដៅ​មួយ​ចំនួន​ដើម្បី​ជួយ​បន្ថយ​ការ​ឈឺចាប់ និង​គ្រុន​ក្ដៅ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​នឹង​ឈាន​ដល់​វះ​កាត់។

អ៊ីចឹង អ្នក​គួរ​សម្អាត​ត្រចៀក​ភ្លាមៗ បន្ទាប់​ពី​មាន​ទឹក​មិន​ស្អាត​ចូល​ត្រចៀក និង​ជៀស​វាង​ការ​ដាក់​វត្ថុ​គ្មាន​អនាម័យ​ក្នុង​ត្រចៀក ដើម្បី​ការពារ​ពី​ការ​ឆ្លង​មេរោគ បាក់តេរី ឬ​វីរុស​ផ្សេងៗ ព្រម​ទាំង​មិន​គួរ​ព្យាយាម​ត្បាល​អាចម៍​ត្រចៀក​ចេញ​ញឹក​ញាប់​ពេក​ទេ ព្រោះ​វា​នឹង​ចេញ​ដោយ​ខ្លួន​ឯង។

ម្យ៉ាង​ទៀត ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ ពេល​មាន​អារម្មណ៍​ឈឺ​ចាប់ ឬ​មិន​ស្រួល​ក្នុង​ត្រចៀក ព្រម​ទាំង​ជៀស​វាង​លេប​ថ្នាំ មុន​ពេល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​អាច​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​វេលា លុយ​កាក់ ឬ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ Kanha នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម