បើ​សិន​ជា​នារី​ខ្មែរ​ណាប្រកាន់​យក ៦ ចំណុច​នេះ គឺ​ប្រាសចាក​ពី​ «ច្បាប់​ស្រី​»​

  • 2017-10-06 03:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«ច្បាប់​ស្រី» អាច​នឹង​មនុស្ស​គ្រប់​គ្នា​ធ្លាប់​ឮ ប៉ុន្តែ​ក៏​ប្រហែល​មាន​នារី​មួយ​ចំនួន​ធំ​មិនសូវ​​បាន​​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ថ្ងៃ​នេះ​ កញ្ញា នឹង​លើក​ពី​ចំណុច​ខ្លះៗ​យក​មក​បង្ហាញ​ទៅ​ដល់​នារី​ ដើម្បី​ជា​ការ​ដាស់តឿន​រំលឹក​ឲ្យ​បាន​ដឹង​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។ ខាង​ក្រោម​នេះ​ជា​ចំណុចប្រាសចាក​ពី​គន្លង​នៃ​ «ច្បាប់​ស្រី​» បើ​សិននារី​មាន​ជាប់​ខ្លួន៖

១. ឆ្មើងឆ្មៃ ចិត្ត​មិន​បាន៖ មាន​ន័យ​ថា​មិន​រាប់​ញាតិ ឆ្មើងឆ្មៃ​គិត​ថា​អ្នក​ដទៃ​មិន​ដល់​ខ្លួន ឬក៏​រិះថាំ ចិត្ត​មិន​បាន​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ដូចដែល​ច្បាប់​ស្រី​លើក​ឡើង​ថា**« ក្រមួយ​មិន​ចេះ​រិះគិត ឃើញ​ញាតិឆ្ងាយ​ជិត​ហៅ​ឡើង​ឆី​ស្លា។ ទោះ​មាន​មិន​មាន​ក្ដី​ណា​ ពាក្យ​ផ្អែម​ចរចារ​ទើបប​គេ​ស្រឡាញ់។ កុំ​ជូរចិត្ត​ស្មូរកំណាញ់ មិន​មាន​អស់អញ នឹង​ញាតិ​សន្ដាន។»**

រូបតំណាង

**២. ញ៉េះញ៉ោះ​ដូច​ក្មេង ឃើញ​ប្រុស​ស្អាត​មិន​បាន ៖** មនុស្ស​ស្រី​ដែល​លេង​មិន​ចេះ​គិត​ដូច​ក្មេង មិន​ដឹង​កាលៈទេសៈ មាន​ចរិត​ង៉ក់ងរ​ច្រើន ហើយ​ពេល​ដែល​ឃើញ​មនុស្ស​ប្រុស​តែងតែ​ធ្វើ​ឬកធ្វើ​ពារ​ចូល​ជិត​គេ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លួន​ឯង ។ ដូចដែល​ច្បាប់​ស្រី​លើក​ឡើង​ថា**«កុំ​លេង​ដូច​ក្មេង​ញ៉េះញ៉ោះ ឃើញ​ប្រុស​កម្លោះ​សសៀរ​ចូល​ជិត សើច​ព្រៀង​កញ្ច្រៀង​មិន​គិត ប្រុស​ព្រើល​បាន​ចិត្ត​វា​ហ៊ាន​ដោយសារ។»**

៣. មិន​ខំ​ជួយ​រក តែ​ជួយ​តែ​ចាយ ៖ នារី​ដែល​ពឹង​តែ​ប្ដី មិន​ខំ​ជួយ​រក មិន​ខំ​ជួយ​ថែ​បែរ​ជា​ចេះ​តែ​ដើរ​ចាយ សប្បាយ​តែ​មាត់​ឯង។ បែប​នេះ​មិន​សម​ជា​ចរិយា​មនុស្ស​ល្អ​នោះ​ទេ ដូចដែល​ច្បាប់​ស្រី​លើក​ឡើង​ថា**«ហៅ​ស្រី​ឥត​លក្ខណា ឥត​មាន​កិរិយា​មាយាទ​ពុុំ​សម ធ្វើការ​ផង​ណា​ប្រើ​ខំ ទោះ​ត្បាញ​ចាក់ដំ នាង​ខំ​ឲ្យ​ហើយ។»**

រូបតំណាង

​៤. ធ្វើ​ការ​មិន​ចប់​ចុង​ចប់​ដើម ៖ ការ​ងារ​ធ្វើ​មិន​ដែល​ហើយ ទុក​ចុះ​ទុក​ឡើង មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​លេស​រហូត។ បើ​អ្នក​ជា​មនុស្ស​បែប​នេះ​គឺ​ខុស​នឹង​ច្បាប់​ស្រី​​ដែល​បាន​លើក​ឡើង​ថា**« កុំ​ទុក​តោ​មុខ​ទឿត​ឡើយ ថា​ចាំ​បង្ហើយ​កម្រ​ណាស់​ណា។ ទោះធ្វើ​ហូល​គោម​ព្រែផ្កា ដាក់​ត្បាញ​ហើយ​ណា បាន​ស្រេច​សឹម​ធ្វើ។»**

៥. នាំ​ភ្លើង​ចេញ និងចូល​ក្នុង​ផ្ទះ ៖ មាន​ន័យ​ថា​នាំ​រឿង​ក្ដៅ​ក្រហាយ​មក​ចូល​កក្នុង​ផ្ទះ​ទាំង​គ្មាន​បាន​ប្រយោជន៍​អី​មក​វិញ​ក្រៅ​ពី​មួរម៉ៅ ឈ្លៅ​គ្មា។ មួយ​ទៀត​គឺ​នាំ​រឿង​ក្នុង​ផ្ទះ​ទៅ​ដើរ​ប្រាប់​គេ​ឯង​មិន​ចេះ​លាក់​ការ​លើក​មុខ​មាត់​ឲ្យ​គ្រួសារ។ ដូច​ក្នុង​ច្បាប់​ស្រី​លើក​ឡើង​ថា**«ភ្លើង​ក្នុង​មិន​ប្រុង​ប្រយ័ត្ន នាំ​មក​បង្កាត់​ឲ្យ​ចេះ​ឯ​ក្រៅ។ អុចអាល​បណ្ដាល​ឲ្យ​ក្ដៅ ដាល​ដល់​កូន​ចៅ​ អសោយ​អប្រិយ។»**

រូបតំណាង

៦. ភ្លេច​គុណ​ឪពុក​ម្ដាយ ៖ អកត្តញ្ញូ​ជាមួយ​អ្នក​មាន​គុណ​ មាត់ធំ​មាត់​តូច​ដាក់​គាត់ ធ្វើ​ឲ្យ​គាត់​ពិ​បាក​ចិត្ត ហើយ​ពេលមាន​ប្ដី​មាន​កូន​មិនបាន​តប​ស្នង​សង​គុណ បម្រើ​លោក​ឲ្យ​ស្រួល​។ បើ​អ្នក​ដើរ​គន្លង​នេះ​មាន​ន័យ​ថា​អ្នក​ប្រាសចាក​ពី​ភាព​កត្តញ្ញូ​ជា​កូន​ស្រី​ហើយ ដែល​ដូច​ច្បាប់​ស្រី​ថា**«ភ្លើង​មួយ​នោះ​ឲ្យ​រក្សា​ គឺ​គុណ​មាតា បិតា​ស្ងួន​គ្រង ឲ្យ​នាង​ធ្វើ​ដោយ​គន្លង ប្រណិប័តន៍​កុំ​ឆ្កង នឹង​ម្ដាយ​ឪពុក។»**

នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល កញ្ញា​ មិន​បាន​លើក​មក​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​គួរ​តែ​ដឹង​ថា​អ្វី​ល្អ​ អ្វី​អាក្រក់​ដែរ។

ចុចអាន៖ចង់​ឲ្យ​ព្រឹកឡើង​​ជា​ថ្ងៃ​ដ៏​ល្អ និង​មាន​សិរីសួស្ដី កុំ​ភ្លេច​ធ្វើ​រឿង ៦ យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម