នារី​មាន​ចរិត​យ៉ាប់​៦​យ៉ាង ដែល​បុរស​​ភាគ​ច្រើន​ទទួល​យក​មិន​បាន

  • 2017-09-22 07:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ចង់​ឲ្យ​មនុស្ស​ដែល​យើង​ស្រឡាញ់​លង់​ស្នេហ៍​យើង​វិញ​ដែរ​មែន​អត់? ហើយ​ក៏​គ្មាន​អ្នក​ណា​ដែល​ចង់​ឲ្យ​គូ​ស្នេហ៍​របស់​ខ្លួន​បោះបង់​ចោល​ដោយ​សារ​ចរិត​មិន​ល្អ​របស់​ខ្លួន​ឯង​ដែរ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ Kanha នឹង​បង្ហាញ​ពី​ចរិត​អវិជ្ជមាន​ចំនួន ៦​របស់​នារី​ៗ​ដែល​បុរស​ៗ​មិន​ចូលចិត្ត។ អ្នក​ណា​មិន​ចង់​ឲ្យ​គូស្នេហ៍​របស់​ខ្លួន​រត់​ចោល​ទេ អាច​មក​អាន​ទាំង​អស់​គ្នា ក្រែង​លោ​មាន​ត្រូវ​ចំណុច​ណា ស្រួល​កែប្រែ​ឲ្យ​បាន​ទាន់​ពេល៖

១. ធ្វើ​ចរិត​ដូច​ចៅហ្វាយ​នាយ ពូកែ​ត្រួតត្រា​និង​បញ្ជា

គេ​មាន​ចៅហ្វាយ​ម្នាក់​ហើយ​នៅ​កន្លែង​ធ្វើ​ការ ដូច្នេះ​សូម​កុំ​ធ្វើ​ខ្លួន​ជា​ចៅហ្វាយ​ទី​ពីរ​របស់​គេ​អី។ គួរ​ធ្វើ​ខ្លួន​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ស្រណុក​ក្នុង​ចិត្ត​ដែល​មាន​យើង​ជា​សង្សារ ជាជាង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ទើសទាល់។ គួរ​បណ្ដោយ​ឲ្យ​គេ​បាន​គិត បាន​សម្រេច​ចិត្ត និង​ធ្វើ​អ្វី​តាម​របៀប​របស់​គេ​ទៅ​ចុះ ព្រោះ​វា​អាច​នឹង​គ្មាន​ផល​ល្អ​ទេ បើ​គេ​មាន​អារម្មណ៍​ថា​ដូចជា​ត្រូវ​សង្សារ​របស់​ខ្លួន​ឯង​គ្រប់គ្រង​រហូត​លែង​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង។

២. មិន​បើក​ចិត្ត​ស្ដាប់​បញ្ហា​របស់​អ្នក​ណា ក្រៅ​ពី​ខ្លួន​ឯង

មនុស្ស​ប្រុស​ភាគ​ច្រើន​ចង់​ឲ្យ​គូ​ស្នេហ៍​របស់​ខ្លួន​អាច​ដើរ​តួ​ជា​ដៃ​គូ​គំនិត អាច​ប្រឹក្សា ឬ​បញ្ចេញ​អារម្មណ៍​ទុក្ខ​ព្រួយ​ខ្លះ មិន​មែន​ចូលចិត្ត​និយាយ​តែ​រឿង​ខ្លួន​ឯង ហើយ​មិន​ស្ដាប់​មិន​ខ្វល់​ពី​បញ្ហា​អ្នក​ដទៃ​នោះ​ទេ។ ទោះ​បី​យើង​មិន​អាច​ជួយ​គេ​បាន តែ​យ៉ាង​ហោច​ណា​ក៏​គួរ​ធ្វើ​ជា​អ្នក​​ស្ដាប់​បញ្ហា​​របស់​គេ​ ជួយ​និយាយ​កំដរ លួងលោម​ចិត្ត ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​កក់ក្ដៅ​ដោយ​មិន​ទូល​រែក​បញ្ហា​តែ​ម្នាក់​ឯង។ ផ្ទុយ​ទៅវិញ​បើ​យើង​តែង​សោះ​អង្គើយ​ជាមួយ​បញ្ហា​របស់​គេ គេ​នឹង​មាន​អារម្មណ៍​ថា​មាន​យើង​ ឬ​គ្មាន​យើង ក៏​មិន​មាន​អ្វី​ខុស​គ្នា​ដែរ។

៣.​ ចូលចិត្ត​កុហក

ការ​កុហក​ជា​​សញ្ញា​នៃ​ភាព​មិន​ស្មោះត្រង់។ សាកល្បង​គិត​ខ្លួន​ឯង​ទៅ​មើល​ថា យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​ត្រូវ​នៅ​ជាមួយ​មនុស្ស​ដែល​មិន​មាន​ស្មោះត្រង់​ជាមួយ​យើង? ការ​កុហក​អាច​នឹង​ដោះស្រាយ​ស្ថានការណ៍​​ខ្លះ​នៅ​ពេល​ដំបូង ប៉ុន្តែ​បើ​ញឹកញាប់ គេ​នឹង​អស់​ជំនឿ​មក​លើ​អ្នក ហើយ​មិន​បាច់​ប្រាប់​ក៏​ប្រហែល​អ្នក​ដឹង​ដែរ ថា​អ្នក​នឹង​ក្លាយ​ជា​អ្វី​ក្នុង​ខ្សែ​ភ្នែក​របស់​គេ។

៤. មិន​ចេះ​និយាយ​ពាក្យ​សុំទោស

ឆ្នាំ​២០១៧​ហើយ​ណា មនុស្ស​ប្រុស​ស្រី​គឺ​មាន​សិទ្ធិ​ដូច​គ្នា! កុំ​រវល់​តែ​គិត​ថា​ “ទោះ​បី​ខ្ញុំ​ខុស​ឬ​ត្រូវ មនុស្ស​ប្រុស​ត្រូវ​តែ​ជា​ភាគី​សុំ​ទោស​មុន”។ ការ​ពោល​ពាក្យ​សុំទោស​នៅ​ពេល​យើង​ធ្វើ​ខុស មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​អី​ឡើយ ប៉ុន្តែ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​អ្នក ក៏​ដូច​ជា​ចំពោះ​អារម្មណ៍​របស់​គេ រួម​ទាំង​អារម្មណ៍​ខ្លួន​ឯង​ដូច​គ្នា។  

៥. ពូកែ​ជីក​ឫស​ជីក​គល់​រឿង​ចាស់

អតីត​គឺ​អតីត បច្ចុប្បន្ន​គឺ​បច្ចុប្បន្ន។ មនុស្ស​យើង​ត្រូវ​ដើរ​ទៅ​មុខ មិន​មែន​ដើរ​ថយ​ក្រោយ​ទេ មែន​អត់? ការ​ជជីក​សួរ​ពី​កំហុស ឬ​ស្នេហា​ចាស់​របស់​គេ ក្រៅ​ពី​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​អារម្មណ៍​មិន​ល្អ​ហើយ វា​ក៏​ធ្វើ​ឲ្យ​ជីវិត​គូ​យើង​អាច​មាន​ភាព​រកាំរកូស​ដែរ។ ម្យ៉ាង​ទៀត​ទោះ​បី​ជីកឫសជីក​គល់​យ៉ាង​ណា​ក៏​មិន​មាន​អ្វី​ប្រសើរ​ឡើង​ដែរ ព្រោះ​គ្មាន​អ្នក​អាច​ទាញ​ពេល​វេលា​ថយ​ក្រោយ​ទៅ​ដោះស្រាយ​បញ្ហា​ក្នុង​អតីត​កាល​បាន​ទេ។  

៦. គ្មាន​អនាម័យ

កុំ​ថា​តែ​មនុស្ស​ប្រុស​ដែល​មិន​ចូលចិត្ត ចំណុច​នេះ​អ្នក​ណា​ៗ​ក៏​មិន​ចូលចិត្ត​ដែរ! អ្នក​ណា​ទៅ​ចង់​បាន​សង្សារ​មិន​ចេះ​​ស្អាត​នោះ​ទេ។ មិន​ចេះ​​ស្អាត​ត្រង់​នេះ​មិន​មែន​និយាយ​តែ​លើ​ការ​រៀប​ចំ​រូប​រាង​ខាង​ក្រៅ​​ដូច​ជា​សំលៀកបំពាក់ ធ្វើមុខ ធ្វើ​សក់ តែ​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​រួម​បញ្ចូល​ទាំង​ទង្វើ​នានា​ក្នុង​ការ​រស់​នៅ​របស់​យើង​ដែរ ដូច​ជា​ការ​មើល​ថែ​សម្អាត​បន្ទប់​គេង តុ​ធ្វើ​ការ និង​របស់របរ​ប្រើ​ប្រាស់​ផ្សេង​ៗ ៕  

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម