តូច​ចិត្ត​​នឹង​សម្ដី​កូន​ប្រុស ម្ដាយ​ចាស់​សុខ​ចិត្ត​លោត​សម្លាប់​ខ្លួន​ពី​អគារ​៧​ជាន់

  • 2017-09-18 04:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្ដាយ​ជរា​ម្នាក់​បាន​ដើរ​ចូល​ទៅ​រក​កាសែត​ក្នុង​បន្ទប់​របស់​កូន​ប្រុស ចៃដន្យ​កូន​ប្រុស​ក៏​ត្រលប់​មក​ដល់​ផ្ទះ​ល្មម។ កូន​ប្រុស​​មាន​អារម្មណ៍​មួម៉ៅ​មក​ពី​នាយ ព្រោះ​ទើប​តែ​ត្រលប់​មក​ពី​ចរចា​ជាមួយ​ដៃ​គូ​រក​ស៊ី​មិន​បាន​សម្រេច នៅ​ពេល​ចូល​មក​ឃើញ​ម្ដាយ​កំពុង​រើ​រក​របស់​នៅ​លើ​គ្រែ​របស់​ខ្លួន ក៏​មាន​អារម្មណ៍​កាន់​តែ​មួម៉ៅ​ថែម​ទៀត ហើយ​ក៏​ស្រែក​ថា៖

“ម៉ែ! មក​ធ្វើ​អី​នៅ​បន្ទប់​ខ្ញុំ កុំ​រញ៉េរញ៉ៃ​ជាមួយ​របស់​របរ​ខ្ញុំ ខ្ញុំ​ប្រាប់​ម៉ែ​ប៉ុន្មាន​ដង​ហើយ?” ម្ដាយ​ក៏​ងាក​មក​ពន្យល់​ប្រាប់​កូន​ប្រុស​ថា

“ម៉ែ​មក​រក​កាសែត ក៏​អង្គុយ​លើ​គ្រែ​ឯង​លេង​មួយ​ភ្លែត​ប៉ុណ្ណឹង​ឯង”

កូន​ប្រុស​បង្ហាញ​ទឹក​មុខ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង មុន​នឹង​ដើរ​ចេញ​ពី​បន្ទប់ និង​និយាយ​ចុង​ក្រោយ​ថា៖

“នៅ​ផ្ទះ​ក៏​មិន​ដែល​ធ្វើ​អី ទំនេរ​ណាស់​ទៅ​ហ្អី​មួយ​ថ្ងៃ​ៗ?”

នៅ​ពាក់​កណ្ដាល​យប់​ក្នុង​ថ្ងៃ​នោះ ម្ដាយ​ចាស់​​អភ័ព្វ ក៏​សម្រេច​ចិត្ត​លោត​សម្លាប់​ខ្លួន​ពី​អគារ​កម្ពស់​៧​ជាន់​ស្លាប់​​ភ្លាម​ៗ។

(គ្រាន់​តែ​ជា​រឿង​ប្រឌិត)

…………………………………………………………

“ម្ហូប​នៅ​លើ​តុ​ហ្នឹង​ពិសា​ទៅ មិន​បាច់​ចាំ​ទេ ថ្ងៃ​នេះ​ខ្ញុំ​ជាប់​ការងារ​ច្រើន”

“របស់​អស់​នេះ​តម្លៃ​ថ្លៃ​ណាស់ ពេល​ប្រើ​ប្រយ័ត្ន​ប្រយែង​ផង​ណា​ម៉ែ!”

“យប់​ជ្រៅ​ប៉ុណ្ណឹង​ហើយ​មក​អង្គុយ​ចាំ​ខ្ញុំ​ធ្វើ​អី ខ្ញុំ​ធំ​ហើយ​ណា​ ថ្ងៃ​ក្រោយ​មិនបាច់​ចាំ​ខ្ញុំ​ទេ​ម៉ែ ឮ​ដល់​គេ​ត្រង់​ណា​ខ្ញុំ​ខ្មាស​គេ​ត្រង់​ហ្នឹង!”   សួរ​ថា យើង​រវល់​ការងារ​ដល់​ថ្នាក់​មិន​អាច​ហូប​បាយ​ជាមួយ​ឪពុក​ម្ដាយ​សោះ?

បើ​របស់​ដែល​ទិញ​ក្នុង​តម្លៃ​ថ្លៃ​នោះ យើង​ទិញ​ឲ្យ​ចៅហ្វាយនាយ តើ​យើង​ហ៊ាន​និយាយ​បែប​នេះទេ?

ការ​ព្រួយ​បារម្ភ​ពី​កូន មិន​ដែល​សាបរលាប​បន្តិច​ទេ​ពី​ក្នុង​​ចិត្ត​របស់​ឪពុក​​ម្ដាយ។ គួរ​តែ​អរគុណ​​លោក នៅ​ពេល​ឃើញ​លោក​អង្គុយ​ចាំ​យើង​ត្រលប់​មក​ផ្ទះ ដូច​ដែល​យើង​អរគុណ​មិត្តភ័ក្ដិ​ នៅ​ពេល​យើង​មក​ដល់​កន្លែង​ជប់លៀង​យឺត​​ដែរ។ អ្នក​អាច​ធ្វើ​វា​ជាមួយ​អ្នក​ដទៃ​បាន តែ​ជាមួយ​ឪពុក​ម្ដាយ អ្នក​ធ្វើ​មិន​បាន?  

ទស្សនវិទូ​ខុងជឺ​ពោល​ថា “នៅ​ពេល​លោក​នៅ​មាន​ជីវិត ត្រូវ​មើល​ថែ​លោក​ដោយ​ក្ដី​គោរព កូន​ចៅ​ចេះ​បម្រើ​ប្រណិប័តន៍​ឪពុកម្ដាយ​នឹង​ស្រណុក​សុខ​សប្បាយ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​លោក បើ​សិន​ថ្ងៃ​ណា​មួយ​លោក​ចាកចេញ​ទៅ ត្រូវ​ចូលរួម​រំលែកទុក្ខ​ឲ្យ​អស់​ពី​ចិត្ត (កុំ​​​ស៊ី​ផឹក​សើច​សប្បាយ តែង​មុខ​តែង​មាត់ តែង​ខ្លួន​ហ៊ឺហា) ពេល​បូជា​លោក ត្រូវ​សង្រួម​ចិត្ត”។  

កុំ​ភ្លេច​​ថា ថ្ងៃ​មួយ​យើង​គ្រប់​គ្នា​ក៏​ត្រូវ​ចាស់ គ្រាន់​តែ​​ឪពុក​ម្ដាយ​ចាស់​មុន​យើង​ប៉ុណ្ណោះ។ អ្វី​ដែល​​យើង​គួរ​មាន​គឺ​ការ​យោគយល់ និង​ប្រតិបត្តិ​ចំពោះ​លោក​ឲ្យ​ដូច​ដែល​យើង​ចង់​បាន​ពី​កូន​ចៅ​ទៅ​អនាគត។  

ទាន់​លោក​នៅ កូន​ចៅ​សូម​យក​ចិត្ត​ទុក​ដាក់​លើ​គាត់​ថែម​បន្តិច​ទៀត ព្រោះ​ពេល​វេលា​នៅ​សល់​របស់​យើង​នៅ​រាប់​សិប​ឆ្នាំ​ទៀត តែ​ពេល​វេលា​នៅ​សល់​របស់​ពួក​គាត់​អាច​នៅ​ត្រឹម​រាប់​ថ្ងៃ​ផង​ក៏​ថា​បាន។

បណ្ដាំ​ម្ដាយ៖

កូន​មាស​ម្ដាយ កាល​កូន​នៅ​ក្មេង ម្ដាយ​ប្រើ​ពេល​វេលា​ទាំង​អស់​ចាំ​បង្រៀន​ឲ្យ​កូន​ប្រើ​ស្លាបព្រា ប្រើ​ចង្កឹះ​ចាប់​អាហារ បង្រៀន​កូន​ឲ្យ​ចេះ​ពាក់​ស្បែក​ជើង បង្រៀន​កូន​ស្លៀក​ខោ​អាវ ងូត​ទឹក​ឲ្យ​កូន លាង​ជុះ​លាង​នោម​ឲ្យ​កូន រឿង​ទាំង​នេះ​ម្ដាយ​មិន​ដែល​ភ្លេច​ទេ បើ​ថ្ងៃ​ណា​មួយ ម្ដាយ​ចាំ​លែង​បាន ឬ​ចាប់​ផ្ដើម​និយាយ​កាន់​តែ​យឺត សូម​កូន​ទុក​ពេល​ឲ្យ​ម៉ែ​បន្តិច ទុក​ពេល​ឲ្យ​​ម៉ែ​គិត... ជួន​កាល អ្វី​ដែល​ម៉ែ​​តែង​ចង់​និយាយ​ជាមួយ​កូន ម៉ែ​​ប្រហែល​ជា​លែង​បាន​និយាយ​ទៀត​ហើយ។

កូន​មាស​ម្ដាយ កូន​ចាំ​ទេ ម្ដាយ​ត្រូវ​បង្រៀន​កូន​ប៉ុន្មាន​រយ​ដង​ឲ្យ​កូន​និយាយ​ពាក្យ​ "ម៉ែ" បាន? ដឹង​ថា​ម៉ែ​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ​ ពេល​កូន​ចាប់​ផ្ដើម​និយាយ​ជា​ប្រយោគ​បាន? ចាំ​ថា​ម៉ែ​ត្រូវ​ឆ្លើយ​សំណួរ​កូន​ប៉ុន្មាន​រយ​ដង​ទេ ទម្រាំ​កូន​យល់​អ្វី​ដែល​កូន​ឆ្ងល់? ដូច្នេះ បើ​ថ្ងៃ​មួយ ម៉ែ​សួរ​កូន​​ហើយ​សួរ​ទៀត​ពី​រឿង​ដដែល​ៗ សូម​កូន​កុំ​ធុញ​ម៉ែ​បាន​ទេ?

កូន​​ម្ដាយ ថ្ងៃ​នេះ​ជើង​ម្ដាយ​ចាប់​ផ្ដើម​ខ្សោយ​កម្លាំង ឈរ​មិន​សូវ​បាន​យូរ ដើរ​ហើរ​លំបាក ម្ដាយ​សូម​ឲ្យ​កូន​ចាប់​ដៃ​និង​គ្រាហ៍​ម្ដាយ នៅ​កំដរ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ម្ដាយ​ផុត​ដង្ហើម ដូច​ថ្ងៃ​ដែល​កូន​កើត​មក ម្ដាយ​ក៏​គ្រាហ៍​កូន​ដើរ​យ៉ាង​នេះ​ដូច​គ្នា!

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម