វិធី​ម៉ាស្សា​​ឱ្យ​មុខ​ស្លីម​ស្អាត មិន​ចាំបាច់​វះកាត់

  • 2017-09-14 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​មុខ​ស្លីម គ្មាន​សាច់​ហៀរ​ធ្លាក់​សង​ខាង​មែន​ទេ? បើ​អ្នក​មិន​ចង់​ចំណាយ​ពេល​ និង​លុយ​ទៅ​វះកាត់​ អាច​សាក​ល្បង​វិធី​ងាយ​ៗ​ដោយ​ខ្លួន​ឯង​នេះ​បាន​។ គ្រាន់​តែ​ម៉ាស្សា​និង​ធ្វើ​ចលនា​ខ្លះ​ៗ​លើ​មុខ ហើយ​អាច​ធ្វើ​បាន​គ្រប់​កន្លែង និង​គ្រប់​ពេល​។

មុន​នឹង​ឈាន​ដល់​ការ​ម៉ាស្សា មិត្ត​នារី​អាច​កម្ដៅ​សាច់ដុំ​ដោយ​វិធី​ហា​មាត់​អាន​អក្សរ​អង់គ្លេស​៤​តួ​នេះ​សិន (I, O, E, A) ដើម្បី​ឱ្យ​ឆ្អឹង​ថ្គាម​ធ្វើ​ចលនា​បាន​ស្រួល​ជា​មុន​សិន​។

១- ​ដំណាក់​កាល​ទី​១ អ្នក​ត្រូវ​អង្គុយ​ចុះ ហើយ​ងើយ​ក្បាល​ឡើង​លើ។ សាក​ស្រមៃ​ថា អ្នក​នឹង​យក​បបូរ​មាត់​ខាង​ក្រោម​ទៅ​ប៉ះ​ពិតាន​​។ ដាក់​បបូរ​មាត់​ខាង​ក្រោម​ឱ្យ​លយ​ចេញ​ក្រៅ​បែប​នេះ​ពី​៥​ទៅ​១០​វិនាទី ហើយ​សម្រាក​បន្តិច រួច​បន្ត​ឡើង​វិញ​២-៣​ដង​ទៀត។

២- ​ក្រោក​ឈរ​យក​ដៃ​មក​ខ្វែង​គ្នា​ឱប​ដើម​ដៃ​ទាំង​សង​ខាង​វិញ​ម្ដង​ រួច​ងើយ​ចង្កា​ឡើង​លើ។ កាល​ណា​ងើយ​ដល់​អស់​លទ្ធភាព​ហើយ សូម​ដក​ដង្ហើម​វែងៗ ហើយ​រាប់​ដល់​១០​ឬ​១៥ ទើប​សម្រួល​មក​ធម្មតា​វិញ​។

៣- ឈរ​ឱ្យ​ត្រង់​ខ្លួន ហើយ​ដាក់​ខ្មៅដៃ​បៀម​ក្នុង​មាត់​ឱ្យ​ណែន។ សាក​ល្បង​យក​មាត់​ដែល​បៀម​ខ្មៅដៃ​នោះ​សរសេរ​ឈ្មោះ​ ឬ​ពាក្យ​អ្វី​មួយ​នៅ​ក្នុង​ខ្យល់​។ ធ្វើ​បែប​នេះ​ចុះ​ឡើង​ៗ​យ៉ាង​ហោច​ណាស់​៣​នាទី។

៤- ដក​ដង្ហើម​ឱ្យ​វែងៗ ហើយ​បិទ​មាត់​ដែល​មាន​ខ្យល់​នៅ​ពេញ​នោះ​ឱ្យ​ជាប់​។ យក​ដៃ​ទាំង​ពីរ​មក​ដាក់​ត្រង់​ថ្ពាល់​ទាំង​សង​ខាង ហើយ​លា​ប្រអប់​ដៃ​គ្រប​ត្រចៀក​។ បន្ទាប់​មក រុញ​ប្រអប់​ដៃ​ទាំង​ពីរ​នោះ​ខ្ទប់​ថ្ពាល់​ចុះ​ឡើង​ដើម្បី​បង្កើត​ចលនា​សាច់​ដុំ​ថ្ពាល់​។ ធ្វើ​បែប​នេះ​ប្រហែល​១៥​វិនាទី សម្រាក​បន្តិច​ រួច​អនុវត្ត​៥-៦ដង​ទៀត។

កុំ​ភ្លេច​សាកល្បង​ទាំង​អស់​គ្នា ហើយ​បើ​បាន​លទ្ធផល​យ៉ាង​ណាៗ ប្រាប់​មក​ Kanha ឱ្យ​ដឹង​ផង! សំណាង​ល្អ!

​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម