ក្បួន​តុបតែង​ផ្ទះ​ឱ្យ​លុយ​ហូរ​ចូល​ឆឹបៗ ស្រីៗ​គួរ​តែ​ដឹង​

  • 2017-09-13 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តុបតែង​និង​រៀបចំ​ផ្ទះ​ត្រូវ​ការ​នារី​ជា​ចាំបាច់ ព្រោះ​នារី​ត្រូវ​បាន​ចាត់​ទុក​ជា​ទ្រព្យ​សំណាង​សម្រាប់​គ្រួសារ​។ បើ​នាង​មាន​គំនិត​ចេះ​រៀបចំ​ទុក​ដាក់​ផ្ទះ​សម្បែង​បាន​ល្អ នោះ​គ្រួសារ​នឹង​មាន​ក្ដី​សុខ រួម​ទាំង​ប្រាក់​កាក់​ក៏​រត់​ចូល​ទៅ​តាម​នោះ​ដែរ​។​ មាន​វិធី​តុបតែង​ផ្ទះ​មួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​គ្រួសារ​សុខ​សប្បាយ ហើយ​រក​ស៊ី​ធូរ​ជាមួយនឹងរបៀប​រៀបរយ​ និង​សោភ័ណភាព​នៅ​ក្នុង​ផ្ទះ​។

១- បើក​ទ្វារ​បង្អួច​ឱ្យ​ស្រឡះ ដើម្បី​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ចូល បណ្ដេញ​ថាមពល​អាក្រក់​៖

ផ្ទះ​ងងឹត គ្មាន​ពន្លឺ​គ្រប់​គ្រាន់ អាច​នាំ​ភាព​ស្មុគស្មាញ​ដល់​គ្រួសារ​ ថែម​ទាំង​បង្ក​លទ្ធភាព​ដល់​ជំងឺ​ផ្សេង​ៗ និង​សត្វ​ចង្រៃ​បាន​ទៀត​ផង​។​ ដូច​នេះ​ភរិយា​វ័យ​ឆ្លាត​គួរ​ចេះ​រៀប​ចំ​ផ្ទះ​ឱ្យ​បាន​ស្រឡះ ដោយ​ការ​បើក​ទ្វារ​បើក​បង្អួច​ឱ្យ​បាន​ធំៗ ទទួល​យក​ខ្យល់​អាកាស​ពី​ខាង​ក្រៅ​ និង​បន្ថែម​ថាមពល​ដោយ​ប្រើ​ផ្កា​ស្រស់​ដែល​មាន​ក្លិន​ក្រអូប​ៗ ដើម្បី​ធ្វើ​ឱ្យ​សមាជិក​គ្រួសារ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ ពេល​បាន​ឈាន​ជើង​ចូល​ដល់​ក្នុង​ផ្ទះ​។

២- ប្រមូល​របស់​ចាស់ៗ ឬ​បាក់​បែក​ចោល​ឱ្យ​អស់​៖

របស់​បាក់​បែក​ឬ​របស់​ចាស់ៗ​ច្រើន​ពេក នាំ​ឱ្យ​ក្នុង​ផ្ទះ​មើល​ទៅ​មាន​តែ​ភាព​សោះ​កក្រោះ និង​មិន​ស្រណុក​ក្នុង​ចិត្ត​ឡើយ​។ គួរ​ប្រមូល​របស់​ណា​ដែល​គិត​ថា ប្រើ​លែង​កើត ឬ​​ប្រេះ​ស្រាំ​​ចោល​ឱ្យ​អស់ ហើយ​ជំនួស​មក​វិញ​ដោយ​របស់​ថ្មី ភ្លឺ​ថ្លា​ចែង​ចាំង​ ឬ​របស់​ណា​ដែល​អាច​ជួស​ជុល​ប្រើ​វិញ​បាន គួរ​ជួស​ជុល​ជា​ថ្មី ដើម្បី​បង្កើន​ថាមពល​ដល់​គ្រួសារ​ទាំង​មូល​ ចៀស​វាង​នៅ​បន្ត​ប្រើ​ទាំង​ខូច​ខាត​។

៣- សម្អាត​ទ្វារ​និង​ផ្លូវ​ចូល​ឱ្យ​បាន​ស្អាត​៖

តាម​ផ្លូវ​ហុងស៊ុយ ទ្វារ​គឺ​ជា​កន្លែង​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ ព្រោះ​លុយ​ហូរ​ចូល​ឬ​មិន​ចូល​គឺ​តាម​ទ្វារ​នេះ​ហើយ​។ គួរ​ជូត​សម្អាត​ទ្វារ និង​ផ្លូវ​ចូល​ឱ្យ​ស្អាត​ជា​ប្រចាំ កុំ​ឱ្យ​ធូលី​ដី និង​ហាម​ដាក់​​របស់​អ្វី​រាំង​ផ្លូវ​ចូល​។

៤- ផ្ទះ​បាយ​៖

ផ្ទះ​បាយ​ក៏​ជា​និមិត្តរូប​នៃ​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​ដែរ​។ ដូច្នេះ​ដើម្បី​រក្សា​ទ្រព្យ​ក្នុង​ផ្ទះ​បាន​គង់វង្ស មេផ្ទះ​ឬ​ភរិយា​ត្រូវ​ចេះ​ចង្ក្រាន​ជើង​ឆ្នាំង ប្រដាប់ប្រដា​ផ្ទះ​បាយ​ឱ្យ​មាន​របៀប​រៀបរយ មាន​បន្លែ​បង្ការ​គ្រប់​គ្រាន់​កុំ​ឱ្យ​ដាច់ ​និង​គ្រឿង​ទេស ចៀសវាង​ដើរ​ខ្ចី​ឬ​សុំ​គេ​។ ​

៥- រៀប​ចំ​ក្នុង​ផ្ទះ​ និង​បន្ទប់​គេង​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​៖

មាន​ដែល​ចាប់អារម្មណ៍​ទេ​ថា កាល​ដែល​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​ធុញ ឬ​ខ្ជិល​ ដោយ​សារ​តែ​ឃើញ​របស់​ក្នុង​ផ្ទះ​រាយប៉ាយ គ្មាន​សណ្ដាប់​ធ្នាប់​។ ជាពិសេស​ក្នុង​បន្ទប់​គេង បើ​បើក​ទ្វារ​ចូល​ទៅ​ ឃើញ​ខោអាវ​នៅ​រប៉ាត់រប៉ាយ របស់​របរ​ផ្សេង​ទៀត​គរ​ដូច​ភ្នំ អ្នក​នឹង​គ្មាន​អារម្មណ៍​ធ្វើ​អ្វី​ទាំង​អស់ ក្រៅ​ពី​វាស​រក​កន្លែង​គេង​ឱ្យ​ផុត​។ ដូច្នេះ​កាត់​បន្ថយ​អារម្មណ៍​អួអាប់ និង​នាំ​សិរីសួស្ដី​ដល់​ខ្លួន​ ដោយ​ការ​រៀបចំ​របស់​របរ​ដាក់​តាម​កន្លែង ​និង​កុំ​ភ្លេច​ដាក់​របស់​ណា​មាន​ក្លិន​ក្រអូបៗ​នៅ​ក្បែរ​ខ្លួន​ផង​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម