ជ្រុល​ចិត្ត​ស្រលាញ់​គេខ្លាំង តែ​គេ​វិញ​​ធ្វើ​ហីៗ​ ស្រឡាញ់​មិន​ចំ​ស្រឡាញ់ គួរ​ធ្វើ​យ៉ាងម៉េចល្អ?

  • 2017-09-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មិន​មែន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ តែ​ក៏​នៅ​តែ​មាន​ចំណុច​ដូច​គ្នា នោះ​គឺ​ការ​មិន​រវល់ មិន​សូវ​ខ្វល់​ខ្វាយ​ពីមនុស្ស​ដែល​ស្រឡាញ់​គេ រហូត​ពេល​ខ្លះ​ធ្វើ​ឲ្យ​នាង​ដើរ​ចេញ​ក៏​មាន។ បើ​សិន​ជា​អ្នក​កំពុង​ស្រឡាញ់​ចំ​មនុស្ស​ប្រុស​បែប​នេះ​ គួរ​តែ​សាក​ល្បង​រៀន​ពី​ចំណុច​ខាង​ក្រោម​នេះ ៖

១. បង្កើន​ភាព​រឹង​មាំ និង​ពេល​វេលា​ឲ្យ​ខ្លួន​ឯង

ចំណុច​នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​រៀន​ធ្វើ​ចិត្ត​ឲ្យ​រឹង​មាំ ទូលាយ និង​កុំ​ព្យាយាម​ចូល​ខ្លួន​ទៅ​ក្នុង​ជីវិត​គាត់​ច្រើន​ពេក​អី។ ប្រើ​ពេល​ដែល​គាត់​ទុក​អ្នក​ចោល​ដើរ​ចេញ​ទៅ​ក្រៅ ដើម្បី​ទទួល​យក​បទពិសោធនថ្មី​ៗ រាប់​អាន​មិត្ត​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ភាព​រីករាយ​ឲ្យ​ខ្លួន​ឯង​ដូច​គ្នា ព្រោះ​ពេល​ខ្លះ​បើ​យើង​កាន់​តែ​ចូល​ជិត​គាត់​នោះ​គាត់​អាច​កាន់​តែ​បាន​ចិត្ត កាន់​តែ​ធុញ។

រូបតំណាង

**២. ធ្វើ​ខ្លួន​ឲ្យ​អាថ៌កំបាំង**

មិន​មែន​ឲ្យ​អ្នក​លាក់​ខ្លួន​ពី​គាត់​នោះ​ទេ តែ​ត្រូវ​ចេះ​គ្រប់គ្រង​លើ​សកម្មភាព​ខ្លួន​ឯង កុំ​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា​អ្នក​កំពុង​នៅ​ឯណា ឬកំពុង​ធ្វើ​អ្វី​ច្រើន​ពេក ព្រោះ​ពេល​ដែល​គាត់​លែង​ដឹង​​ពីអ្នក​ នោះ​គាត់​នឹង​ចាប់​ផ្ដើម​គិត​ពី​អ្នក​វិញ​ក៏​ថា​បាន។ ដូច្នេះ​ហើយ​ត្រូវ​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង ទោះ​បី​អ្នក​ចង់​ឲ្យ​គាត់​ឃើញ គាត់​ដឹង​ក៏​ដោយ​ក៏​មិន​ត្រូវ​បង្ហាញ​គ្រប់​ពេល​គ្រប់​វេលា​ដែរ។

៣. កុំ​បញ្ចេញ​អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​គាត់​ឲ្យ​អស់​ខ្លាំង​ពេក

ទោះ​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក៏​ត្រូវ​ចេះ​ទប់​ចិត្ត​ដែរ មិន​ត្រូវ​បញ្ចេញ​ឲ្យ​អស់​ឡើយ។ គួរ​ធ្វើ​ខ្លួន​ធម្មតា ហើយ​រក្សា​គម្លាត​រវាង​អ្នក​ និង​គាត់ ហើយ​ធ្វើ​ចិត្ត​ឲ្យ​បាន​នឹង​ធឹង ដូច​គ្មាន​រឿង​អ្វី។ ទោះ​អ្នក​ចង់​ប្រាប់​ថា​នឹក​គាត់​ ស្រលាញ់​គាត់ បារម្ភ​ពី​គាត់ គ្រាន់​តែ​បញ្ចេញ​តិចតួច​​ទៅបាន​ហើយ កុំ​ធ្វើ​តាម​អារម្មណ៍​ពេក ព្រោះ​បែប​នេះ​ អាច​ឲ្យ​គាត់​ងាក​មក​ស្រឡាញ់ បារម្ភ​ពី​អ្នក​ខ្លាំង​ជាង​មុន​ក៏​ថា​បាន។

រូបតំណាង

៤. រៀប​ចំ​ខ្លួន​ឲ្យ​បាន​ស្អាត​បាត

ទោះ​មាន​គាត់​ ឬអត់​គាត់​ក៏​អ្នក​ត្រូវ​តែ​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ស្អាត​ដែរ ព្រោះ​មនុស្ស​ស្រី​ត្រូវ​ការ​ចំណុច​នេះ​ខ្លាំង​ណាស់។ បង្កើន​ទំនុកចិត្ត​ជាមួយ​ភាព​ស្រស់​ស្អាត​របស់​អ្នក នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​តម្លៃ ហើយ គាត់​ក៏​គួរ​តែ​ឲ្យ​តម្លៃ​អ្នក​ខ្ពស់​ជាង​នេះ​មិន​មែន​ហីៗ​ដាក់​អ្នក​បែប​ហ្នឹង​ទេ។

៥. ផ្ញើសារ​ Good morning​ ទៅ​គាត់​រាល់​ព្រឹក

ដឹង​អត់​ថា​ហេតុអី​ត្រូវ​ធ្វើ​បែប​នេះ? Good morning​ មួយ​ឃ្លា​មាន​ឥទ្ធិពល​លើ​ចិត្ត​មនុស្ស​ណាស់ ទោះ​បី​គាត់​ចង់​ឃើញ​ ឬមិន​ចង់​ឃើញ​ក៏​ដោយ អ្នក​គួរ​តែ​ផ្ញើ​ទៅ​ដោយ​មិន​បាច់​និយាយ​អី​ច្រើន​ទេ ហើយ​បើ​គាត់​តប​វិញ គ្រាន់​តែ​មើល​ទៅ​បាន​ហើយ​មិន​បាច់​និយាយ​អី​បន្ត​នោះ​ទេ​បើ​គាត់​មិន​បាន​សួរ​អី​ទៀត។ យូរ​ៗ​ទៅ​គាត់​នឹង​យល់​ពី​អត្ថន័យ​ និងតម្លៃ​នៃ​ការ​ស្រឡាញ់​របស់​អ្នក។

៦. ធ្វើ​ខ្លួន​ឲ្យ​រីករាយ និងមាន​ស្នាម​ញញឹម​ស្អាត​បំផុត

នៅ​ពេល​ដែល​អ្នក​កាន់​តែ​មាន​តម្លៃ​នោះ​គាត់​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​ពី​តម្លៃ​អ្នក មាន​ន័យ​ថា​គ្មាន​គាត់​ក៏​អ្នក​នៅ​តែ​សប្បាយ​ចិត្ត និងមាន​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មនុស្ស​ប្រុស​ជា​ច្រើន​ប្រាថ្នា​ចង់​ឃើញ។ បែបនេះ​ហើយ​ទើប​អ្នក​ត្រូវ​តែ​ធ្វើ​ខ្លួន​ឯង​ឲ្យ​រីករាយ ទើប​មាន​ថាមពល​ជាជាង​អង្គុយ​ធ្វើ​ខ្លួន​ឲ្យ​គេ​អាណិត។

រូបតំណាង

ការពិត​គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​នោះ​ទេ ស្រឡាញ់​មនុស្ស​ម្នាក់​គ្មាន​ហេតុផល​ណា​មួយ​ឡើយ ដូច្នេះ​បើ​ស្រឡាញ់​ហើយ​ត្រូវ​ចេះ​តស៊ូ​ដើម្បី​បាន​របស់​ដែល​យើង​ចង់​បាន តែ​បើ​អ្នក​អស់​ការ​តស៊ូ​ហើយ​គួរ​តែ​លែង​វា​ឲ្យ​ទៅ​ចុះ៕

ចុចអាន៖កាន់​តែ​ឈ្លោះ​គ្នា ស្នេហា​រវាង​មនុស្ស​ពីរ​នាក់​នឹង​កាន់​តែ​ខិតជិត​ផ្លូវ​បំបែក

អត្ថបទ៖ ផេង ផលធិតា