កត្តា​៦​យ៉ាង​​ធ្វើ​ឲ្យ​នារី​មិន​មក​រដូវ និង​រដូវ​មិន​ទៀង

  • 2017-09-05 06:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នារី​មួយ​ចំនួន​តែង​តែ​ជួប​បញ្ហា​រដូវ​មិន​ទៀង និង ការ​ខក​ខាន​ក្នុង​ការ​មក​រដូវ ដូច្នេះនេះ​គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ ដែល​កើត​មាន​ញឹកញាប់​បំផុត​សម្រាប់​ការ​ខកខាន​ក្នុង​ការ​មក​រដូវ​របស់​អ្នក៖

១. ភាព​តាន​តឹង

អ្នក​ដឹង​រួច​ហើយ​ថា​ភាព​តានតឹង​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដូចជា​ឈឺក្បាល​ ការ​ឡើង​ទម្ងន់​ ស្បែក​ឡើង​មុន​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​ទៀត​ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​ការ​មក​រដូវ​របស់​អ្នក​ដែរ។ នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្រោម​ភាព​តានតឹង​ខាង​រាងកាយ​ ឬ អារម្មណ៍ ពេល​នោះ​ រាងកាយ​របស់​អ្នក​នឹង​បង្កើត​អ័រម៉ូន​ស្ត្រេស អ័រម៉ូន adrenaline និង cortisol ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខកខាន​ក្នុង​ការ​មក​រដូវ។

២. ឈឺ ឬ​ ប្រព័ន្ធ​ភាពស៊ាំ​ថយចុះ

គិត​អំពី​ពេលវេលា​ដែល​អ្នក​គួរ​តែ​បញ្ចេញ​ពង​អូវុល។ ប្រសិន​បើ​អ្នក​ឈឺ​បើ​ទោះ​ជា​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ ជំងឺ​ដែល​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​ការ​បញ្ចេញ​អូវ៉ុល​អាច​ត្រូវ​បាន​ពន្យារ​ពេល​ឬ​មិន​បាន​កើត​ឡើង​តែ​ម្ដង នោះ​មាន​ន័យ​ថា​រដូវ​របស់​អ្នក​នឹង​យឺត​ឬ​មិន​មាន​សោះ។ បើ​បើ​អាច​មាន​សុខភាព​ល្អ រឹង​មាំ​ឡើង​វិញ​នោះ​រដូវ​នឹង​ត្រឡប់​មក​ដូចដើម។

៣. ទម្ងន់

ទម្ងន់​របស់​អ្នក​អាច​ប៉ះពាល់​ដល់​អ៊ីប៉ូតាឡាមស្យូម​នៅ​ក្នុង​ក្រពេញ​ខួរក្បាល​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​និយតកម្ម​នៃ​ដំណើរ​ការ​ផ្សេងៗ​នៅ​ក្នុង​រាងកាយ​រួម​ទាំង​វដ្ត​រដូវ​របស់​អ្នក​ទៀត​ផង។ ការ​ស្រក​ទម្ងន់​ខ្លាំង​ ឬ ក៏​ទទួល​អាហារ​មិន​បាន​ត្រឹម​ត្រូវ នោះ​រាងកាយ​របស់​អ្នក​នឹង​មិន​បញ្ចេញ​អរម៉ូន​អ៊ឹស្ត្រូសែន​ដែល​ត្រូវការ​ដើម្បី​បង្កើត​ស្រទាប់​នៃ​ស្បូន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ការ​លើស​ទម្ងន់​ ឬ ទទួល​បាន​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​ក៏​អាច​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​បង្កើត​អ័រម៉ូន​អេស្ត្រូសែន​ច្រើនពេក។ លើស​ទម្ងន់​អាច​បណ្ដាល​ឱ្យ​អ្នក​មិន​បញ្ចេញ​ពង​អូវុល​​ជា​ច្រើន​ខែ​ ឬ បណ្តាល​ឲ្យ​ស្រទាប់​ខាង​ក្នុង​រីក​ធំ​ និង ក្លាយ​ទៅ​ជា​គ្មាន​ស្ថិរភាព​ដែល​នាំ​ឱ្យ​មាន​រដូវ​មិន​ប្រក្រតី។

៤. ប្រើ​កម្លាំង​ ឬ ហាត់​ប្រាណ​ហួស​កម្រិត

ជា​ការ​ពិត​ណាស់​ការ​ហាត់​ប្រាណ​គឺ​ល្អ​សម្រាប់​អ្នក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​នៅ​ពេល​ដែល​អ្នក​ហាត់​ហួស​ប្រមាណ រាង​កាយ​របស់​អ្នក​នឹង​មិន​ផលិត​អ័រម៉ូន​អឺរ៉ូ​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​វដ្ត​រដូវ​ឡើយ។ ស្ត្រី​មួយ​ចំនួន​ដូច​ជា​អ្នក​រាំ​របាំ​បាឡេ​ អ្នក​ហាត់​ប្រាណ​ និង អត្តពលិក​ ដែល​មាន​ជំនាញ​វិជ្ជា​ជីវៈ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​អស់​រដូវ (ខក​ខាន​ក្នុង​ការ​មក​រដូវ​បី​ខែ ​ឬ ច្រើន​ខែ​ជាប់ៗ​គ្នា) ។ ម្យ៉ាង​ទៀត​ការ​ធ្វើការ​ហួស​កម្លាំង​ដោយ​មិន​ទទួល​យក​កាឡូរី​គ្រប់គ្រាន់​អាច​បណ្ដាល​ឱ្យ​មាន​ការ​រំខាន​ដូច​គ្នា។

៥. ការ​ផ្លាស់​ប្ដូរ​ពេល​វេលា

ជឿ​ឬ​មិន​ជឿ​ ការ​ផ្លាស់​ប្តូរ​ពេល​វេលា​ដូច​ជា​ការ​ធ្វើ​ការ​វេន​យប់​ជំនួស​ឱ្យ​ថ្ងៃ​ ឬ ធ្វើ​ដំណើរ​ប្រទេស​ទៅ​ប្រទេស​ក្រៅ​ដែល​មាន​ពេល​វេលា​មិន​ដូច​យើង​អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​​មាន​ការ​ប៉ះ​ពាល់​ទៅ​លើ​ការ​ធ្វើ​និយតកម្ម​អ័រម៉ូន (រួម​ទាំង​ទទួល​ខុស​ត្រូវ​សម្រាប់​រដូវ​របស់អ្នក​ទៀត​ផង) ។ ដូច្នេះ​គួរ​តែ​កុំ​ព្យាយាម​ផ្លាស់​ប្ដូរ​អី បើ​សិន​ជា​វា​ស្ថិត​ក្នុង​ពេល​វេលា​ធម្មតា​នោះ​រដូវ​អ្នក​នឹង​ត្រឡប់​មក​វិញ។

៦. ការ​មាន​ផ្ទៃ​ពោះ

ពេល​ខ្លះ​ការ​ខកខាន​ក្នុង​ការ​មក​រដូវ​គឺ​ដោយ​សារ​តែ​រោគសញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ ដូចជា​ការឈឺក្បាល​ ការ​ហើម​ពោះ និង ការ​ស្រគាល​នៃ​សុដន់​ដូច​ពេល​ដែល​អ្នក​មក​រដូវ​អីចឹង។ ប្រសិន​បើ​រដូវ​របស់​អ្នក​យឺត​យ៉ាវ​ហើយ​អ្នក​បាន​រួមភេទ​ដោយ​មិន​បាន​ការពារ​ចូរ​ធ្វើតេស្ត​រក​មើល​ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​សិន​ទៅ ឬ ក៏​ដើម្បី​ចង់​ឲ្យ​កាន់​តែ​ច្បាស់​អ្នក​អាច​ទៅ​ពិគ្រោះ​និង​ធ្វើតេស្ត​នៅ​មន្ទី​ពេទ្យ​ក៏​បាន។

នៅ​មាន​ហេតុផល​ជា​ច្រើន​ទៀត ដូច្នេះ​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​នេះ​ឲ្យ​មែន​ទែន៕

ចុចអាន៖

ប្រភព៖ whattoexpect ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម