អ្នក​មាន​ផ្ទៃ​ពោះ កុំ​សូវ​រាប់​អាន​មនុស្ស​៥ប្រភេទ​នេះ​ពេក ប្រយ័ត្ន...​

  • 2017-08-24 03:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គ្រូ​ពេទ្យ​ជំនាញ​តែង​ឱ្យ​ដំបូន្មាន​ពី​រឿង​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ ​ដេក ដើរ​ ឈរ​ អង្គុយ​ដើម្បី​ធានា​សុខភាព​ទាំង​ម្ដាយ​និង​គភ៌​។ ប៉ុន្តែ​ក្រៅ​ពី​របប​អាហារ និង​ឥរិយាបថ​ប្រចាំ​ថ្ងៃ បញ្ហា​ផ្លូវ​អារម្មណ៍​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ ដែល​អនាគត​ម្ដាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​។

មាន​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​រាប់រក​ក្នុង​រយៈ​ពេល​នេះ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​បាន​។

១- មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​បំភ័យ​៖

បើ​អ្នក​បាន​ជួប​មនុស្ស ឬ​មិត្ត​ភ័ក្ដិ​ដែល​តែង​និយាយ​ថា ភ័យ​ខ្លាច​រឿង​មាន​កូន គួរ​តែ​ចៀសវាង​ឱ្យ​ឆ្ងាយ​សិន​ទៅ​ មិន​បាច់​សួរ​នាំ ឬ​ជិតស្និទ្ធ​នឹង​ពួក​គេ​ទេ ព្រោះ​អ្នក​ទាំង​នោះ​អាច​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​​ភ័យ​ខ្លាច​ចំពោះ​ការ​ពរ​ពោះ​នៅ​ពេល​នេះ​។ ជា​ទូទៅ មនុស្ស​ប្រភេទ​នេះ​នឹង​សួរ​អ្នក​​នូវ​សំណួរ​មួយ​ចំនួន​ដូច​ជា តើ​ឯង​ទ្រាំ​ឈឺ​ពេល​ឆ្លង​ទន្លេ​បាន​ទេ? ឯង​ចង់​សម្រាល​ដោយ​ការ​វះកាត់​ឬ​ក៏​អី? ណែ​បើ​ឯង​វះ វា​អាច​... ជា​ដើម​។

២- មនុស្ស​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​ជោគជ័យ​ក្នុង​ពេល​ឆ្លង​ទន្លេ​៖

មិន​មែន​រើស​អើង ឬ​ស្អប់​ខ្ពើម​ពួក​គេ​ទេ ប៉ុន្តែ​ឆ្លង​តាម​បទ​ពិសោធន៍​បរាជ័យ ឬ​ជួប​រឿង​អាក្រក់​របស់​ពួក​គេ អាច​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​មិន​មាន​សុវត្ថិភាព​ចំពោះ​អ្វី​ដែល​អ្នក​នឹង​ឆ្លង​កាត់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ ដូច្នេះ​ ជា​ការ​ល្អ គួរ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពី​ពួក​គេ​សិន ព្រោះ​អ្នក​នឹង​អាច​ភ្លេច​គិត​ថា​មាន​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ ហើយ​នឹង​នៅ​តែ​រីករាយ​ចំពោះ​ថ្ងៃ​សម្រាល​ខាង​មុខ​។

៣- មនុស្ស​ចូល​ចិត្ត​ច្រណែន​៖

អ្នក​ខ្លះ​មិន​ទាន់​ទាំង​រៀបការ​ផង ក៏​កើត​ចិត្ត​ច្រណែន​ដែល​ឃើញ​គេ​មាន​ផ្ទៃ​ពោះ ហើយ​អ្នក​ខ្លះ​បន់​ឱ្យ​តែ​ឃើញ​គេ​ជួប​បញ្ហា​ក៏​មាន​។ វា​មិន​មែន​ទាំង​អស់ ប៉ុន្តែ​បើ​អ្នក​ធ្លាប់​ដឹង​ថា មនុស្ស​ម្នាក់​នោះ​តែង​មាន​ចិត្ត​ច្រណែន​គេ​ឯង ទោះ​រឿង​អ្វី​ក៏​ដោយ​នោះ គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​ពួក​គេ ព្រោះ​គេ​នឹង​បញ្ចេញ​កាយវិការ​ណា​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​អ្នក​ជា​មិន​ខាន​។

៤- មនុស្ស​ដែល​ឱ្យ​ដំបូន្មាន​ឥត​ប្រយោជន៍​៖

កុំ​ស្ដាប់​ដំបូន្មាន​ដែល​ឥត​បាន​ការ​ច្រើន​ពេក ព្រោះ​ការ​ឆ្លង​កាត់​របស់​មនុស្ស​តែង​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​។ ហើយ​ចំណុច​ខ្លះ​ដែល​មិន​សម​ថា​សំខាន់​ក្នុង​ការ​អនុវត្ត​សោះ ក៏​ត្រូវ​បាន​មនុស្ស​ប្រភេទ​នេះ​យក​មក​រ៉ាយរ៉ាប់​បែក​អូរ​ហូរ​ស្ទឹង​ដែរ​។ អ៊ីចឹង កុំ​ចំណាយ​ពេល​ទៅ​ស្ដាប់​ច្រើន​ពេក មិន​ដូច្នោះ​ទេ អ្នក​គង់​តែ​ត្រូវ​បែង​ចែក​ខួរក្បាល​គិត​ថា ចំណុច​ខ្លះ​គួរ​តែ​សាក​អនុវត្ត​ជា​មិន​ខាន​។

៥- មនុស្ស​ដែល​ឆាប់​បាក់​ទឹក​ចិត្ត ឬ​កើត​ទុក្ខ​ញឹក​ញាប់​៖

ក្នុង​រយៈ​ពេល​នេះ អ្នក​មិន​គួរ​នៅ​ក្បែរ​មនុស្ស​ដែល​កើត​ទុក្ខ​ញឹក​ញាប់​ពេក​ទេ ព្រោះ​ពេល​មាន​ផ្ទៃ​ពោះ គឺ​ជា​ពេល​ដែល​ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​គេ​។ ដោយ​សារ​តែ​អារម្មណ៍​ឈឺ​ចាប់ ឬ​កើត​ទុក្ខ​របស់​អ្នក​នៅ​ក្បែរ​ខ្លួន វា​អាច​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក ដែល​បណ្ដាល​ឱ្យ​ខួរ​ក្បាល​ទៅ​ជា​គិត​រឿង​ស្មុគស្មាញ​ដោយ​មិន​ដឹង​ខ្លួន​។ ​

អាន៖ ទម្លាប់​ចិញ្ចឹម​កូន​បែប​នេះ ថ្ងៃ​ក្រោយ​កុំ​បន្ទោស​ថា​កូន​ពិបាក​ប្រដៅ​

សរុប​មក​វិញ ម្ដាយ​​​កំពុង​ពរ​ពោះ​ដែល​តែង​តែ​រីករាយ និង​ស្រស់​ស្រាយ​នឹង​ធ្វើ​ឱ្យ​គភ៌​នៅ​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​បាន​ដូច​គ្នា​។ ដូច្នេះ​វា​ជា​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​តែ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​​ឱ្យ​បាន​មែនទែន ចៀស​វាង​មាន​ការ​ប៉ះ​ទង្គិច​ដោយ​មជ្ឈដ្ឋាន​នៅ​ជុំ​វិញ​ខ្លួន​ដូច​បាន​រៀបរាប់​ខាង​លើ។ រង់ចាំ​ពេល​សម្រាល​រួច អ្នក​អាច​រាប់​អាន​មនុស្ស​ប្រភេទ​ណា​ក៏​បាន​តាម​ចិត្ត​៕

​​

ប្រភព៖ curejoy ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម