មនុស្ស​ស្រី​អាយុ​ជិត​៣០​ឆ្នាំ និង​ភាព​ឯកា​ដែល​គ្មាន​អ្នក​ណា​យល់

  • 2017-08-18 03:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​អាយុ​៣០​ឆ្នាំ សំនួរ​ដែល​តែង​ជួប​ប្រទះ​ជាង​គេ​គឺ៖ "ពេល​ណា​មាន​ប្ដី?”។ មាន​ពេល​ខ្លះ​មាន​គេ​សួរ​ច្រើន​ពេក ក៏​បែរ​ជា​ខ្ជិល​ឆ្លើយ​បាន​ត្រឹម​តែ​ញញឹម ហើយ​សួរ​ខ្លួន​ឯង​វិញ​ថា៖ ហេតុ​អ្វី​ចាំ​បាច់​យក​ប្ដី?

ជីវិត​​ពេល​បច្ចុប្បន្ន​មិន​ល្អ​ឬ? មាន​ការងារ​ធ្វើ​ល្អ មាន​លុយ​ចាយ មាន​ផ្ទះ​នៅ។ យូរ​ម្ដង​ៗ​អាច​ដើរ​លេង​បាន​ទៀត។ ទោះ​គ្មាន​គ្រួសារ​មែន តែ​ក៏​មាន​សេរីភាព​ដែរ។

ពេល​ខ្លះ​ឃើញ​មិត្តភ័ក្ដិ​មាន​ប្ដី និង​កូន​ពរ​ពេញ​ដៃ ក៏​ស្រមៃ​ចង់​មាន​នឹង​គេ​ដែរ។ ពេល​ខ្លះ​ទៀត​អង្គុយ​ស្ដាប់​មិត្តភ័ក្ដិ​រៀប​រាប់​ពី​ទុក្ខ​លំបាក​ពេល​មាន​គ្រួសារ ក៏​ដូច​ជា​គ្រួសារ​ខាង​ប្ដី​គេ​ធ្វើ​បាប​យ៉ាង​ម៉េច​ខ្លះ ក៏​គិត​វិញ​ថា តាម​ការ​ពិត​នៅ​អត់​គូ​ដូច​នេះ​ហើយ​ជា​ការ​ត្រឹម​ត្រូវ។

ស្មាន​តែ​រស់​នៅ​បែប​នេះ​រហូត​គឺ​ល្អ​ហើយ​នោះ តែ​ក៏​មាន​ខ្លះ​មាន​ចិត្ត​​ឯកា​គួរ​ឲ្យ​ចម្លែក។ ល្ងាច​ពេល​ចេញ​ពី​ធ្វើ​ការ​ខ្លះ ចង់​ញ៉ាំ​បាយ​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់​មែន​ទែន។ មាន​ថ្ងៃ​ខ្លះ ស្រាប់​តែ​ក្ដៅ​ខ្លួន​ដូច​ភ្លើង ចង់​បាន​ណាស់​ដៃ​មួយ​ស្ទាប​ក្បាល ហើយ​នៅ​ក្បែរ​មើល​ថែ​យើង។ តែ​មើល​ជុំវិញ​បន្ទប់​ទៅ មាន​តែ​យើង​ម្នាក់​ឲ្យ​គត់។

អារម្មណ៍​ពេល​ខ្លះ​គិត​ថា ម្ដេច​ក៏​បន្ទប់​នេះ​ទូលាយ​យ៉ាង​នេះ គ្រែ​នេះ​ម៉េច​ក៏​ធំ​ខ្លាំង​ម្ល៉េះ ទោះ​បី​ជា​ទិញ​ខ្នើយ​ច្រើន​ដល់​នេះ​ទៅ​ហើយ។ ពេល​ឃើញ​គ្រួសារ​តូច​របស់​គេ​ថត​រូប​គ្រួសារ ចិត្ត​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​រសាត់​អណ្ដែត​ខ្លាំង​ណាស់។

មនុស្ស​ស្រី​អាយុ​៣០​តែង​មាន​អារម្មណ៍​បែប​នេះ។ អារម្មណ៍​ឯកា​ហើយ​តែង​សួរ​ខ្លួន​ឯង​ថា ជីវិត​នេះ​នឹង​រសាត់​ទៅ​ណា។ តែង​តែ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​អារម្មណ៍​ឯកា​នេះ​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម