បទពិសោធដ៏ឈឺចាប់ផ្សេង​គ្នារបស់មនុស្ស​ស្រី​ ​ធ្លាប់​បាត់បង់ស្នេហា​

  • 2017-08-16 03:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​ប្រាថ្នា​ចង់​ឲ្យ​ស្នេហា​បែកបាក់​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​រឿង​ដែល​បម្រុង​នឹង​កើត​ហើយ​ទោះ​ជា​ព្យាយាម​យ៉ាង​ណា​ក៏​មិន​អាច​កែ​ប្រែ​បាន​ដែរ។ សម្រាប់​អ្នក​ដែល​ធ្លាប់​ជួប​រឿង​នេះ​ប្រាកដ​ជា​យល់​អារម្មណ៍​នេះ​ច្បាស់​ណាស់ ហើយ​ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​បាន​ឆ្លង​កាត់​នៅ​ពេល​បាត់បង់​ស្នេហា ៖

នីកា ៖ « ខ្ញុំ​ចាំ​ថា​កាល​ហ្នឹង​យើង​អត់​មាន​បាន​ឈ្លោះ​គ្នា ឬ ក៏​មាន​រឿង​អី​អត់​ល្អ​ជាមួយ​គ្នា​ទេ គឺ​ធម្មតា​ទាំង​អស់ ប៉ុន្តែ​សុខៗ​គាត់​ក៏​អត់​ខ្វល់ អត់​សួរនាំ Call ក៏​អត់ ហើយ​ពេល​ខ្ញុំ​ Chat ទៅ​គាត់​ក៏​អត់​តប​ដែរ។ ដល់​ពេល​អីចឹង​ទៅ​ខ្ញុំ​ក៏​អត់​ដឹង​ធ្វើ​ម៉េច មាន​តែ​តាម​ហ្នឹង។ ដំបូង​គឺ​ពិបាក​​ធ្វើ​ចិត្ត​ខ្លាំង និយាយ​ទៅ​គឺ​សឹង​តែ​រាល់​យប់​ដែល​ខ្ញុំ​យំ​នឹក​គាត់ ប៉ុន្តែ​ពេល​វេលា​គឺ​ល្អ​បំផុត​ក្នុង​ការ​កាត់​ចិត្ត។»

លីនីន ៖ « ពួក​យើង​បែក​គ្នា​ដោយ​សារ​គាត់​លួច​មាន​អ្នក​ថ្មី ហើយ​គាត់​ចង់​បាន​ម្ដង​ទាំង​ពីរ តែ​ខ្ញុំ​ធ្វើ​អត់​បាន រួច​ក៏​ដើរ​ចេញ​ខ្លួន​ឯង។ ពេល​ហ្នឹង​ខ្ញុំ​ខូច​ចិត្ត​ខ្លាំង សឹង​តែ​មិត្តភក្តិ ភ័យ​ថា​ខ្ញុំ​គិត​អី​ផ្ដេសផ្ដាស​ទៀត​ផង ប៉ុន្តែ​ពេល​វេលា​កាន់​តែ​យូរ​ខ្ញុំ​កាន់​តែ​គិត​យល់​ជាង​មុន បន្ទាប់​មក​ខ្ញុំ​ក៏​តាំង​ចិត្ត​ថា​ធ្វើ​ជីវិត​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​មុន ហើយ​មក​ដល់​ពេល​នេះ គឺ​ជិត​ ៣ ឆ្នាំ​ហើយ​ដែល​ពួក​យើង​បែក​គ្នា។»

គីមលី ៖ « ខ្ញុំ​ឈឺចាប់​ជាង​គេ​គឺ​ពេល​ដែល​គាត់​ប្រាប់​ខ្ញុំ​ថា​ គាត់​នៅ​ស្រឡាញ់​សង្សារ​ចាស់​គាត់ ហើយ​គាត់​អរគុណ​ខ្ញុំ​ដែល​កំដរ​គាត់។ ឭ​គាត់​និយាយ​អីចឹង​ហើយ ឲ្យ​ខ្ញុំ​តស៊ូ​ម៉េច​ទៀត​ទៅ មាន​តែ​ដើរ​ចេញ​ទោះ​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ មក​ដល់​ឥលូវ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់ តែ​ខ្ញុំ​ជឿ​ថា​មិន​យូរ​ទេ​ខ្ញុំ​នឹង​ធ្វើ​ចិត្ត​បាន​ព្រោះ​មនុស្ស​ក៏​ចេះ​យំ​ហត់​ដែរ ខ្ញុំ​ជឿ​ថា​ពេល​ខ្ញុំ​ហត់​ខ្ញុំ​នឹង​ឈប់​ខ្លួន​ឯង។»

រ៉ា​នីត ៖ « និយាយ​ទៅ​គាត់​អត់​ដែល​ស្រឡាញ់​ខ្ញុំ​ផង គាត់​ទុក​ខ្ញុំ​ចោល​រហូត ពេល​ខ្ញុំ​អត់​សប្បាយ​ចិត្ត ពេល​ខ្ញុំ​ត្រូវ​ការ​គាត់ គឺ​អត់​មាន​មុខ​គាត់​ទេ។ សួរ​ថា​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​អាច​ទ្រាំ​បាន? គាត់​ចំណាយ​ពេល​​សប្បាយ​ជាមួយ​អ្នក​ផ្សេង ច្រើន​ជាង​និយាយ​ជាមួយ​ខ្ញុំ​ទៀត។ ​បែប​ហ្នឹង​ហើយ​ខ្ញុំ​ក៏​ដក​ខ្លួន​ចេញ​ពី​គាត់​ទៅ ព្រោះ​គិត​ថា​នៅ​ក៏​អត់​ន័យ អ្វី​ដែល​ខ្ញុំ​លះបង់​ដូច​ខ្យល់​អីចឹង​គេ​អត់​ដែល​មើល​ឃើញ​ឡើយ។»

ការ​ពិត​នៅ​មាន​រឿង​ជា​ច្រើន​​ទៀត​ដែល​ធ្វើ​ឲ្យ​ស្នេហា​បែក​បាក់ បើ​យើង​ដឹង​ថា​គ្មាន​ន័យ​អី​ហើយ ដោះលែង​វា​ក៏​ល្អ​ដែរ ព្រោះ​កាន់​តែ​ឱប​ក្រសោប​ អ្នក​កាន់​តែ​ឈឺចាប់៕​

ចុចអាន៖មនុស្ស​បែក​គ្នា​ហើយ​ ហេតុអី​មិន​អាច​រាប់​អាន​គ្នា​វិញ​បាន?

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម