៥​ការងារ​ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​រៀន​បណ្ដើរ​រក​លុយ​បណ្ដើរ

  • 2017-08-15 02:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ​និស្សិត​​ជា​ច្រើន​រូប​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​របស់​ពួក​គេ​ដើម្បី​ធ្វើ​ការ​រក​ចំណូល​ផ្គត់ផ្គង់​ខ្លួន​ឯង​ជាជាង​ចាយ​លុយ​ឪពុក​ម្ដាយ ហើយ​អ្នក​ខ្លះ​ក៏​​ចង់​សន្សំ​លុយ​ដើម្បី​សម្រេច​ក្ដី​សុបិន​ផ្សេង​ៗ​របស់​ខ្លួន មិន​ថា​រៀន​បន្ត ទិញ​របស់​ដែល​ខ្លួន​ចង់​បាន ឬ​ទៅ​ដើរ​កម្សាន្ត​នៅ​ទី​កន្លែង​ក្នុង​ក្ដី​ស្រមៃ -ល-។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ Kanha សូម​ណែនាំ​ការងារ​ក្រៅ​ម៉ោង​ចំនួន ៥​ប្រភេទ​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​កំពុង​សិក្សា ចង់​ដឹង​ថា​មាន​អាជីព​អ្វី​ខ្លះ មាន​តែ​តាមដាន​ទាំង​អស់​គ្នា​តែ​ម្ដង៖

១. ផ្នែក​សេវាកម្ម

ការងារ​ក្រៅ​ម៉ោង​ផ្នែក​បម្រើ​សេវាកម្ម​គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​និស្សិត​​ ដែល​គុណសម្បត្តិ​របស់​ការងារ​នេះ​គឺ​​ម៉ោង​ការងារ​​មាន​លក្ខណៈ Flexible ច្រើន​ដែល​យើង​អាច​ជ្រើសរើស​ពេលវេលា​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​បាន ហើយ​ក៏​ជា​ការងារ​ដែល​អាច​ឲ្យ​អ្នក​ស៊ាំ​នឹង​ភាព​អត់ធ្មត់ និង​ជំនាញ​ធ្វើ​ការ​ជាមួយ​អតិថិជន។ ការងារ​ក្រៅ​ម៉ោង​ទាំង​នេះ​អ្នក​អាច​​ស្វែង​រក​បាន​តាំង​ពី​នៅ​ភោជនីយដ្ឋាន ហាង​លក់​ទំនិញ លក់​គ្រឿង​សម្អាង ឬ​ហាង​លក់​សំលៀកបំពាក់​ផ្សេង​​ៗ​ជា​ដើម។

២. ធ្វើ​អាហារ ឬ​ធ្វើ​នំ​លក់

សម្រាប់​យុវវ័យ​ដែល​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​អាហារ ឬ​នំ បង្អែម​ផ្សេង​ៗ និង​មាន​ស្នាដៃ​ផ្សំ​គ្រឿង​ល្មម​ត្រូវ​មាត់​អ្នក​ញ៉ាំ​បាន អាជីព​នេះ​គឺ​សក្ដិសម​ខ្លាំង​តែ​ម្ដង។ អាច​ធ្វើ​ជា​បាយ​ប្រអប់ បង្អែម ឬ​នំ​ Cake/Bakery ផ្សេង​ៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។

សួរ​ថា​ធ្វើ​ហើយ​យក​ទៅ​លក់​ឯណា?  សម័យ​នេះ​អ្នក​អាច​ប្រើ​បណ្ដាញ​សង្គម​បានដើម្បី​ប្រូម៉ូត​ស្នាដៃ​របស់ខ្លួន បើ​អ្នក​ណា​ចាប់​អារម្មណ៍​អាច​កុម្ម៉ង់​យើង​ផ្ទាល់​បាន មិន​អីចឹង​ទេ​អាច​​ប្រើ​វិធី​ទាក់ទង​ហាង​ផ្សេង​ៗ​ឲ្យ​​យក​នំ​របស់​យើង​ទៅ​លក់ ដោយ​យើង​បែង​ចែក​ភាគរយ ឬ​ថ្លៃ​ជួល​ហាង​​ទៅ​តាម​ការ​ស្រុះស្រួល​គ្នា។ បើ​ស្នាដៃ​យើង​ល្អ នោះ​នំ​របស់យើង​នឹង​លក់​បាន​ច្រើន​តាម​នោះ​ដែរ។

៣. លក់​អីវ៉ាន់​អនឡាញ

Shopping Online ជា​អ្វី​ដែល​នារី​ៗ​បច្ចុប្បន្ន​ចូលចិត្ត​មែន​អត់? អីចឹង​បើ​យើង​អាច​វិវត្ត​ខ្លួន​ពី​អ្នក​ទិញ មក​ធ្វើ​ជា​អ្នក​លក់​វិញ​គឺ​កាន់​តែ​ល្អ។ អ្នក​ចង់​លក់​ទំនិញ​អនឡាញ ត្រូវ​ចាប់​ផ្ដើម​ដោយ​ការ​រកមើល​ផលិតផល​​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត ឬ​ចាប់​អារម្មណ៍​ដើម្បី​យក​មក​លក់ ព្រោះ​អ្វី​ដែល​យើង​ចូលចិត្ត យើង​នឹង​អាច​យល់​ពី​វា​ច្រើន និង​ធ្វើ​ឲ្យ​យើង​មាន​ការ​តាំង​ចិត្ត ក៏​ដូច​ជា​ផ្ដល់​ព័ត៌មាន​លម្អិត​ឲ្យ​អតិថិជន​​បាន​ច្រើន​តាម​នោះ​ដែរ។ បើ​សិន​រក​នឹក​មិន​ឃើញ​ថា​ខ្លួន​ចូលចិត្ត​អ្វី​ជា​ពិសេស​ទេ អាច​ដាក់​លក់​ផលិតផល​ដែល​មនុស្ស​ទូទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា គ្រឿង​សម្អាង សំលៀកបំពាក់ ផលិតផល​ថែ​សម្រស់​ជា​ដើម។

៤. ជា​គ្រូ​បង្រៀន​ពិសេស

ធ្វើ​គ្រូ​បង្រៀន​ក្រៅ​ម៉ោង ឬ​តាម​ផ្ទះ​គឺ​ជា​ការងារ​ដែល​គ្រប់​គ្នា​អាច​ធ្វើ​បាន ប្រសិន​បើ​អ្នក​មាន​មុខ​វិជ្ជា​ណា​មួយ​ដែល​គិត​ថា​ខ្លួន​ឯង​ពូកែ​ជា​ពិសេស មិន​ថា​ការ​បង្រៀន​ភាសា បង្រៀន​មុខ​វិជ្ជា​ផ្សេង​ៗ​សម្រាប់​សិស្ស​វិទ្យាល័យ បង្រៀន​គូ​ររូប​ ឬ​បង្រៀន​លេង​តន្ត្រី​​ជា​ដើម។ ប្រសិន​បើ​គិត​ថា​ខ្លួន​មិន​ទាន់​មាន​បទពិសោធន៍​មិន​ហ៊ាន​បង្រៀន អ្នក​អាច​រក​មើល​វគ្គ​គរុកោសល្យ​ខ្លី​ៗ​រៀន​សិន​បាន​នៅ​តាម​សាលារៀន​ឯកជន ឬ​អង្គការ​នានា ឬ​អាច​ស្រាវជ្រាវ​តិចនិក​ផ្សេង​ៗ​លើ​អ៊ីនធឺណិត​មក​ជា​ជំនួយ​សម្រាប់​ការ​បង្រៀន​របស់​យើង​បាន។

៥. ​ជា​អ្នក​សរសេរ​ប្លុក ឬ​វេបសាយ

សម្រាប់​អ្នក​មាន​ជំនាញ​​ក្នុង​ការ​សរសេរ​អាច​ទាក់ទាញ​ចិត្ត​អ្នក​អាន​បាន ​យើងសូម​​ណែនាំ​ អាជីព​អ្នក​និពន្ធ ឬ​សរសេរ​អត្ថបទ​សម្រាប់​វេបសាយ​នានា​ដែល​ទទួល​យក​អ្នក​សរសេរ​ឯករាជ្យ ឬ​ក្រៅ​ម៉ោង ពុំ​ដូច្នេះ​ទេ​អ្នក​អាច​បង្កើត​ប្លុក​សរសេរ​បង្ហោះ​ដោយ​ខ្លួន​ឯង​តែ​ម្ដង ដោយ​អាច​រក​លុយ​ពី​ Advertisement នានា​ពី Google, ឬ Facebook ជាដើម។ ប្រភេទ​អត្ថបទ​ដែល​អ្នក​អាច​ជ្រើសរើស​សរសេរ​បាន​អាច​ជា​អត្ថបទ Fashion អាហារ​ សុខភាព Lifestyle ការ​ធ្វើ​ជំនួញ ឬ​បច្ចេកវិទ្យា​ជា​ដើម ៕

ចុចអាន៖

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម