ពេល​ចេញ​ធ្វើ​ការ​ទើប​ដឹង​ថា មនុស្ស​មាន​មុខ​ច្រើន​ណាស់ មិន​មែន​តែ​២​ទេ

  • 2017-08-11 03:10:55
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រឡូក​ក្នុង​សង្គម​ធ្វើ​ការ​ទើប​ដឹង​ថា មនុស្ស​មាន​ច្រើន​ប្រភេទ​ជាង​ខ្ញុំ​គិត​ច្រើន​ណាស់។

រូបតំណាង

ថ្ងៃ​នេះ​ខ្ញុំ​អារម្មណ៍​មិន​ល្អ​សោះ សូម្បី​តែ​ញញឹម​បន្តិច​ក៏​គ្មាន​ដែរ។ រវាង​ជញ្ជាំង​ទាំង​៤​ទិស ខ្ញុំ​មាន​អារម្មណ៍​ដូច​ត្រូវ​គេ​ផ្ដាច់​ចេញ។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ទៅ​ណា​មក​ណា ដូច​ជា​បាត់​អស់​ទិស​តំបន់។

រឿង​ក្នុង​ជីវិត​នេះ​កើត​ឡើង​ហាក់​ដូច​ជា​តឹងតែង​ដល់​ហើយ មិន​ដូច​នឹង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត។ វា​បង្ខំ​យើង​ឲ្យ​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។ មនុស្ស​នៅ​ពេល​នេះ​មាន​មុខ​ច្រើន មិន​មែន​តែ​២​ទៀត​ទេ។ គេ​អាច​សើច​នៅ​មុខ​យើង សរសើរ​យើង តែ​បើ​យើង​ប្រហែស​តែ​បន្តិច គេ​នឹង​ច្រាន​យើង​គ្មាន​ប្រណី ហើយ​សើច​ចំអក​ទៀត​នោះ។

ការងារ​កំពុង​ធ្វើ​ដែល​ធ្លាប់​ស្រមៃ​ថា​នឹង​សប្បាយ​នោះ គឺ​ខ្ញុំ​បាន​គិត​ខុស​ហើយ។ ដើម្បី​រក្សា​បាន​វា ខ្ញុំ​ត្រូវ​ប្ដូរ​ដោយ​ទឹក​ភ្នែក។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​ធ្វើ​ឲ្យ​ពេញ​ចិត្ត​ទាំង​អស់​គ្នា។ ខ្ញុំ​ដូច​ជា​នៅ​ក្នុង​សមរភូមិ​តែ​ម្នាក់​ឯង ហើយ​សត្រូវ​គ្មាន​អ្នក​ណា​ក្រៅ​ពី​មិត្ត​រួម​ការងារ​នេះ​ឯង។ ខ្ញុំ​តែង​រិះរក​វិធី​យ៉ាងណា​កុំ​ឲ្យ​រក​រឿង ឈ្នានីស។ សម្ពាធ​ខ្លាំង​ដល់​ថ្នាក់​ហូប​អី​លែង​ចូល។

ហើយ​មាន​ថ្ងៃ​ខ្លះ​ដូច​ថ្ងៃ​នេះ​ដែរ ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ញ៉ាំ​បាយ​ឬ​នៅ ស្គែន​ក្រយៅ​ម្រាម​ដៃ​ឬ​នៅ។ ខ្ញុំ​នៅ​តែ​ត្រូវ​តតាំង​ជាមួយ​សត្រូវ​នៅ​ខាង​ក្រៅ​នោះ​ម្នាក់ឯង។ ដូច​គេ​និយាយ​មិន​ខុស​មែន ជីវិត​ប្រៀប​ដូច​រឿង​ភាគ​ដែរ ដោយ​ក្នុង​នោះ​យើង​ជា​តួឯក ហើយ​​យើង​អាច​ដើរ​តួ​បាន​ច្រើន​ប្រភេទ ដោយ​អាស្រ័យ​លើ​កាលៈទេសៈ។

អ្នកណា​ធ្លាប់​ជួប​បញ្ហា​បែប​នេះ? ជួយ​ប្រាប់​​ផង​ថា​ជួប​ហើយ​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា?


អត្ថបទ៖ Caramel