មិន​ចង់​ឈឺចាប់​ដោយ​ការ​បែក​គ្នា គូ​ស្នេហ៍​ត្រូវ​ដឹង​រឿង​៩យ៉ាង​នេះ

  • 2017-07-27 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សាង​ទំនាក់​ទំនង​​ស្នេហា​​មួយ​បាន​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ព្រោះ​​យើង​ត្រូវ​ចំណាយ​ពេល​វេលា​មើល​ចិត្ត​គ្នា​​ទៅ​វិញ​ទៅ​មក​​យ៉ាង​យូរ ​ចំណាយ​ប្រាក់​​ច្រើន​ទិញ​របស់​របរ​ និង​ធ្វើ​ដំណើរ​កម្សាន្ត​ជិត​ឆ្ងាយ​​ ដើម្បី​​បង្កើត​អនុស្សាវរីយ៍​ផ្អែមល្ហែម​​រវាង​គ្នា​។

ប្រសិន​បើ​​ទំនាក់​ទំនង​​នេះ​បាន​បញ្ចប់​ទាំង​ចិត្ត​មិន​ទាន់​អស់​ស្រលាញ់ ភាគី​ម្ខាង​ច្រើន​​តែ​​សួរ​ខ្លួន​ឯង​ថា​ ​ខ្លួន​បាន​ធ្វើ​អ្វី​ខុស​? បើ​ចង់​​រក្សា​ទំនាក់​ទំនង​គូស្នេហ៍​ឲ្យ​បាន​យូរ​អង្វែង ​និង​ជៀស​វាង​​ជួប​បញ្ហា​​រកាំរកូស​​នាំ​ឲ្យ​ឈាន​​ដល់​​ថ្ងៃ​​បែក​បាក់​​គ្នា ​សូម​ស្វែង​យល់​ និង​​ប្រកាន់​ខ្ជាប់​​នូវ​ចំណុច​ខាង​ក្រោម​នេះ៖

១. គិត​រឿង​​ទំនាក់​ទំនង​មុន​គេ

​អ្នក​​ត្រូវ​បង្ហាញ​​ឲ្យ​ដៃគូ​​​ឃើញ​​ការ​យក​ចិត្ត​​ទុក​ដាក់ ​ផ្ដល់​កម្លាំង​ចិត្ត ភាព​​ទន់ភ្លន់​ និង​​ក្ដី​ស្រលាញ់​របស់​អ្នក​ចំពោះ​​គ្នា ហើយ​មិន​គួរ​បណ្ដោយ​​​​ឲ្យ​​កើត​មាន​ការ​ខឹង​សម្បារ​​​ញឹក​ញាប់​ឡើយ​។ ​​ប្រសិន​បើ​អ្នក​ខ្វល់​​​ខ្វាយ​នឹង​​ទំនាក់​ទំនង​ស្នេហា អ្នក​ប្រាកដ​ជា​​​នឹង​​ចង់​បន្ត​​រក្សា​​ឲ្យ​វា​មាន​ជា​រៀង​រហូត​​។

២. ស្វែង​យល់​​ចំណង់​ចំណូល​ចិត្ត​​ដៃគូ

អ្នក​​អាច​​សាកសួរ​​ខ្លួន​ឯង​ថា​ តើ​​នាង/គាត់ ​ចង់​បាន​​អ្វី ឬ​ចូល​ចិត្ត​​ធ្វើ​អ្វី។ តើ​​ដៃគូ​​ត្រូវ​ការ​ការ​លើក​ទឹក​​ចិត្ត​ឬ​អត់? តើ​អ្នក​ត្រូវ​ចំណាយ​ពេល​បន្ថែម​​នៅ​ក្បែរ​​​នាង/គាត់​ទេ? ​តើ​អ្នក​អាច​​ធ្វើ​អ្វី​​​បាន​ ដើម្បី​ឲ្យ​ដៃ​គូ​សប្បាយ​ចិត្ត​ជាមួយ​គ្នា។

៣. ការ​​ប្រាស្រ័យ​​ទាក់ទង​​គ្នា គឺ​ជា​រឿង​សំខាន់

​ត្រូវ​រក្សា​ការ​ទាក់ទង​គ្នា​ឲ្យ​ជាប់ ឬ​អាច​ឃើញ​​មុខ​គ្នា​​ឲ្យ​បាន​ម្ដង​​​ក្នុង​មួយ​ថ្ងៃ​​ បើ​អ្នក​ទាំង​​ពីរ​រវល់​នឹង​ការងារ​រៀង​ៗ​ខ្លួន។ ​បើ​នៅ​ឆ្ងាយ​​គ្នា​ ត្រូវ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ​ឬ​ទូរសព្ទ​​​ផ្ញើ​សារ​ពី​​ការ​នឹក​​រលឹក​​ចំពោះ​គ្នា។

៤. ចងចាំ​ទី​កន្លែង​​អ្នក​ចាប់​​ផ្ដើម​​ស្រលាញ់​គ្នា

​​ការ​ចងចាំ​ទីកន្លែង ​និង​ពេល​វេលា​​បាន​​ជួប​គ្នា​​ដំបូង​ គឺ​​ជា​​រឿង​​មួយ​ធ្វើ​ឲ្យ​​អ្នក​​​មាន​អារម្មណ៍​ថា​​ជា​ភាព​ផ្អែម​ល្ហែម និង​​មានន័យ​​​បំផុត​​ ​ក្នុង​ទំនាក់​ទំនង​ស្នេហា។

៥. ត្រូវ​ដឹង​​ថា​​​អ្នក​ចង់​ទៅ​​លេង​កន្លែង​ណា

ត្រូវ​ជជែក​​គ្នា​ស្វែង​រក​ទីកន្លែង​​ដើរ​កម្សាន្ត​​ដ៏​រ៉ូមែនទិក និង​ស្ងប់ស្ងាត់ ដើម្បី​​ពង្រឹង​ទំនាក់ទំនង​​ស្នេហា​ក៏​ដូច​ជា​បង្កើត​អនុស្សាវរីយ​ល្អ​ៗ​​ និង​សប្បាយរីករាយ​ជាមួយ​គ្នា។

៦. ​បើក​ចិត្ត​ឲ្យ​ទូលាយ

​​​ដៃគូ​សងខាង ​ត្រូវ​ចេះ​លើក​លែង​អធ្យាស្រ័យ​ឲ្យ​​គ្នា បើ​ម្នាក់​ធ្វើ​ខុស​ជ្រុលជ្រួស ​និង​​មិន​ត្រូវ​​​​ប្រតិកម្ម​ភ្លាម​ៗ​ គួរ​ស្វែង​យល់​ឫសគល់​​បញ្ហា​ជាមុន​សិន។ គូស្នេហ៍​មួយ​ចំនួន​ ត្រូវ​គេ​​មើល​ឃើញ​ថា​​​តែង​តែ​​ឈ្លោះ​​ទាស់​ទែង​​រហូត​​បែក​បាក់​គ្នា​​ ដោយ​សារ​​ការ​ប្រច័ណ្ឌ​ខុស​រឿង ការ​យល់​ច្រឡំ រួច​​​មិន​​ស្ដាប់​​ហេតុផល​​ដៃគូ។

៧. ​គោរព​និង​​ស្មោះ​ត្រង់​​​ចំពោះ​​គ្នា

​ការ​គោរព និង​​​ស្មោះ​ត្រង់​គ្នា​ គឺ​​ជា​រឿង​​ចាំបាច់​មិន​អាច​ខ្វះ​បាន​ក្នុង​ទំនាក់ទំនង​ស្នេហា។​ ការ​ស្ដី​​​បន្ទោស ប្រមាថ​មាក់ងាយ ​រវាង​គ្នា​ត្រូវ​ជៀស​វាង ពិសេស​ដៃគូ​និយាយ ឬ​សំណូមពរ​អ្វី​មួយ​​​ចង់​ឲ្យ​​យើង​ល្អ​​ គួរ​ធ្វើ​តាម​ឲ្យ​បាន។

៨. គោរព​ពេលវេលា

ពេល​កំពុង​លង់​ស្រលាញ់​គ្នា អ្នក​ទាំង​ពីរ​តែង​តែ​ចំណាយ​វេលា​ជួប​មុខ​​គ្នា ជជែក​លេង​​ជាមួយ​គ្នា​ដើម្បី​ស្វែង​យល់​ចិត្ត​​បន្ថែម​ ដូច្នេះ​ថ្ងៃ​ណាត់​ជួប ​អ្នក​ទាំង​ពីរ​ត្រូវ​មក​ដល់​ឲ្យ​ទាន់​​ម៉ោង​កំណត់ ជៀស​វាង​ដៃគូ​អាក់​អន់​ស្រពន់​ចិត្ត រហូត​នាំ​ឲ្យ​មាន​ការ​ស្ដី​បន្ទោស។

៩. នាំ​ដៃ​គូ​ឲ្យ​គ្រួសារ​សង​ខាង​បាន​ស្គាល់

ដំណាក់​កាល​នាំ​មនុស្ស​ជា​ទី​ស្រលាញ់​ឲ្យ​ប៉ា​ម៉ាក់​សង​ខាង​បាន​​ជួប​ បាន​ឃើញ គឺ​ជា​ដំណាក់​កាល​មាន​ភាព​ចាស់​ទុំ​ជាង​គេ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កក់​ក្ដៅ​ក្នុង​ចិត្ត​ថា​ ពួក​គេ​ត្រៀម​ក្លាយ​ជា​គ្រួសារ​​តែ​មួយ​ឆាប់​ៗ​៕

ចុចអាន៖

ប្រភព៖ Newsok ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម