អាយុ​២៣​ឆ្នាំ មិន​ដឹង​ថា​ជីវិត​នឹង​រសាត់អណ្ដែត​ទៅ​ណា

  • 2017-07-28 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ឆ្នាំ​មុន កាល​ពី​អាយុ​២២​ឆ្នាំ ពេល​ដែល​នៅ​ក្នុង​អង្គុយ​ក្នុង​សាលា​នៅ​ឡើយ។ មួយ​ថ្ងៃ​ៗ​មក​រៀន​ដឹង​តែ​ស្ងាប និង​ធុញ​ទ្រាន់​ចំពោះ​លំហាត់​ដែល​គ្រូ​ដាក់​ឲ្យ។ ម្នាក់​ៗ​ចង់​តែ​ចប់​ឲ្យ​លឿន​ដើម្បី​ចេញ​ពី​សាលា។ តែ​ដល់​ពេល​ចេញ​បាន​ហើយ ទើប​ដឹង​ថា​អង្គុយ​ក្នុង​សាលា​គឺ​ប្រសើរ​ជាង​ខាង​ក្រៅ​នេះ​ច្រើន​ណាស់។

អាយុ​២៣​ឆ្នាំ អាយុ​ពិបាក​ស្មាន​យ៉ាង​ម៉េច​មិន​ដឹង។ ធំ​ក៏​មិន​ធំ តូច​ក៏​មិន​តូច។ អ្នក​ខ្លះ​មាន​ប្ដី​មាន​កូន អ្នក​ខ្លះ​រត់​គ្រប់​ទិស​ដើម្បី​រក​ការងារ​ធ្វើ ឯ​អ្នក​ខ្លះ​ទៀត​ដេក​ផ្ទះ​ធ្វើ​មិន​ដឹង​ចាំ​ឲ្យ​ផុត​ថ្ងៃ។ អ្នក​មួយ​ចំនួន​អត់​ការងារ​ធ្វើ មើល​គេ​មាន​ការងារ​ល្អ​ធ្វើ។ ខ្លះ​ក៏​ត្រេកអរ​ឲ្យ​មិត្តភ័ក្ដិ ខ្លះ​ក៏​សម្ងំ​ឈ្នានីស​គេ ខ្លះ​ក៏​បន្ទោស​ខ្លួន​ឯង។ គ្រប់​យ៉ាង​សុទ្ធ​តែ​ដូច​នេះ ស្រពិចស្រពិល​រវាង​ការពិត និង​សុបិន។

អាយុ​២៣​ឆ្នាំ នៅ​ពេល​សម្ពាធ​ជីវិត​ចាប់​ផ្ដើម​ដើរ​ចូល​ក្នុង​ការ​រស់​នៅ​របស់​យើង។ នៅ​ពេល​យើង​ដឹង​ថា​ខ្លួន​ត្រូវ​មាន​ទំនួលខុសត្រូវ​ចិញ្ចឹម​ខ្លួន​ឯង និង​គ្រួសារ។ ការ​រំពឹង​ទុក​ដ៏​ធំ​ពេក​សម្រាប់​កូន​ម្នាក់​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា។ ការ​ភ័យ​ខ្លាច​ត្រូវ​គេ​យក​មក​ប្រៀបធៀប​នឹង​កូន​គេ។ "កូន​គេ​អាយុ​ប៉ុន​ឯង​ដែរ គេ​អញ្ចេះ​អញ្ចោះ" ធ្វើ​ឲ្យ​យើង​សឹង​តែ​បាត់បង់​សុបិន​របស់​ខ្លួន​។ បំណង​ប្រាថ្នា​ចង់​ធ្វើ​អ្វី​ផ្ទាល់​ខ្លួន​ស្រាប់​តែ​បាត់​បង់​ព្រោះ​ត្រូវ​ស្វះស្វែង​ដើរ​រក​ការងារ។ រាល់​យប់​គឺ​ជា​ការ​គិត​ដ៏​វែង​ឆ្ងាយ​ពី​ជីវិត​ខាង​មុខ។

អាយុ​២៣ អាយុ​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​សំនួរ​ឈឺក្បាល​ច្រើន​ទ្វេ​ដង​ដូច​ជា៖ "មាន​សង្សារ​នៅ" “ពេល​ណា​យក​ប្ដី?”...។ ធុញ​ទ្រាន់​ដល់​ថ្នាក់​ចង់​រត់​ចោល​ស្រុក​ម្ដងៗ។

អាយុ​២៣​ឆ្នាំ អាយុ​ងាយ​នឹង​បាក់​ទឹក​ចិត្ត តែ​បាន​ត្រឹម​លាក់​សម្រាប់​ខ្លួន​ឯង ព្រោះ​ដល់​អាយុ​នេះ​ទៅ​ហើយ បើ​ទៅ​រំអួយ​ដាក់​គេ​ដូច​មិន​សូវ​សម៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម