តារា​ជួរ​មុខ​ថៃ ៥​រូប ល្បី​មាន​ឫក​ធំ ពិបាក​ធ្វើ​ការ​ជាមួយ

  • 2017-07-21 04:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​តារា​សម្ដែង​ អ្នក​ណា​ៗ​ក៏​ត្រូវ​ការ​ឲ្យ​ខ្លួន​ឯង​មាន​ការ​តុប​តែង​ខ្លួន​បាន​ស្អាត​បំផុត មិន​ថា ពេល​ថត​ភាពយន្ត ឬ​ចេញ​ជួប​អ្នក​គាំទ្រ រហូត​​តារា​ល្បី​មួយ​ចំនួន​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា​ជា​មនុស្ស​ពិបាក​ធ្វើ​ការ​ជាមួយ​ ដោយ​សារ​ពួក​គេ​​ប្រកាន់​ឫក​ធំ និង​ត្រូវ​ការ​តាម​ចិត្ត​ខ្លួន​ឯង​ខ្លាំង​ពេក។ ផ្អែក​តាម​បណ្ដាញ​សារព័ត៌មាន​ថៃ​នានា គេ​បាន​ចាត់​ថ្នាក់​តារា​សម្ដែង​ល្បី​៥ រូប​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន​ថា​ពិបាក​ធ្វើ​ការ​ជាមួយ៖​

៥. Esther Supreeleela

តួ​ឯក​ស្រី​រឿង "កូន​ប្រសា​បំណុល" ដែល​ល្បី​មាន​ទេពកោសល្យ​សម្ដែង​បាន​ល្អ​ស្ទើរ​គ្រប់​រសជាតិ ត្រូវ​បាន​ប្រភព​មួយ​ចំនួន​និយាយ​ថា​ បន្ទាប់​ពី​មាន​កេរ្តិ៍ឈ្មោះ​ល្បី ក៏​ចាប់​ផ្ដើម​ដំឡើង​តម្លៃ​ខ្លួន​​​ខ្ពស់​ខ្លាំង ហើយ​កម្មវិធី​ខ្លះ​ទៅ​និយាយ​តែ​ប៉ុន្មាន​ម៉ាត់ តែ​ទារ​ថ្លៃ​ដល់​រាប់​សែន​បាត។

៤. Tor Thanapob

Tor តួ​ឯក​ប្រុស​ល្បី​ពី​រឿង​ភាគ​យុវវ័យ "Hormones” ធ្លាប់​រង​អាស្រូវ​ជាមួយ​អ្នក​ដឹកនាំ​ម្នាក់ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា តារា​វ័យ​ក្មេង​រូប​នេះ​ប្រកែក​មិន​ព្រម​ថត​ជាមួយ​តួ​ឯក​ស្រី ដោយ​សារ​ជាង​ធ្វើ​សក់​ ធ្វើ​ម៉ូដ​សក់​មិន​ត្រូវ​ចិត្ត។ ជុំ​វិញ​បញ្ហា​នេះ Tor បាន​ចេញ​មុខ​បក​ស្រាយ​ថា ខ្លួន​ពិត​ជា​មិន​ពេញ​ចិត្ត​ម៉ូដ​សក់​នៅ​ថ្ងៃ​នោះ​មែន តែ​មិន​បាន​បញ្ចេញ​អាកប្បកិរិយា​អ្វី​ឲ្យ​ពិបាក​ដល់​ក្រុម​ការងារ​ឡើយ។

៣. Mai Davika

ក្រោយ​ទទួល​តំណែង​ជា​តួ​ឯក​ស្រី​ទី​មួយ​ដែល​មាន​ភាពយន្ត​រក​ចំណូល​ដល់​ពាន់​លាន​បាត តាម​រយៈ​ភាពយន្ត "Pee Mak” តារា​ស្រី​កូន​កាត់​ថៃ-បែលហ្សិក បាន​ទទួល​ការងារ​ជា​ច្រើន​បន្ត​បន្ទាប់ តែ​ចុង​ក្រោយ​នេះ​មាន​ព័ត៌មាន​លេច​ឮ​ថា ​ពេល​ទៅ​ថត​ម៉ូដ​នា​ពេល​ថ្មី​ៗ​នេះ Mai បាន​ទាមទារ​ផ្លាស់​ប្ដូរ​ទីតាំង​ថត​ព្រោះ​ខ្លួន​មិន​ពេញ​ចិត្ត​ទីតាំង​ដែល​ក្រុមការងារ​ជ្រើសរើស ហើយ​ថែម​ទាំង​ផ្លាស់​ប្ដូរ​សំលៀកបំពាក់ និង​ផ្លាស់​ប្ដូរ​ជាង​ថត​ថែម​ទៀត។ ទោះ​យ៉ាង​ណា Mai បាន​ចេញ​មុខ​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​នេះ។​

២. James Jirayu

តារា​ប្រុស​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពេល​ទៅ​ណា​មក​ណា គឺ​តែង​ទាមទារ​ឲ្យ​មាន​អង្គរក្ស​ច្រើន មិន​ឲ្យ​ចាញ់​តារា​លំដាប់​ពិភពលោក​ឡើយ ហើយ​ តារា​រូប​នេះ​ធ្លាប់​សុំ​ប្ដូរ​យន្តហោះ​ពី​ធម្មតា ទៅ​ជា​លំដាប់​ VIP ពេល​ត្រូវ​ជិះ​ទៅ​សម្ដែង​នៅ​កូរ៉េ​ខាង​ត្បូង។ យ៉ាង​ណា​មិញ តួ​ឯក​ប្រុស​រឿង "សុភាព​បុរស​ភុត​ធិ​ផាត់" បាន​ចេញ​មក​ផ្ដល់​បទ​សម្ភាស​ថា​គ្រប់​យ៉ាង​គឺ​ជា​ការ​រៀប​ចំ​របស់​ក្រុម​ការងារ​ប៉ុណ្ណោះ សម្រាប់​ខ្លួន​គឺ​អាច​ជិះ​យន្តហោះ​ណា​ក៏​បាន។

១. Donut Manasnan

តារា​សម្ដែង​ស្រី​ដែល​មាន​បទ​ពិសោធន៍​សម្ដែង​ជា​ច្រើន​រឿង បាន​រង​ព័ត៌មាន​អាស្រូវ​ថា​ពិបាក​ធ្វើ​ការ​ជាមួយ​ក្រោយ​ពេល​​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នក​ដឹកនាំ​រឿង ដោយ​នៅ​ពេល​ដឹកនាំ​រឿង "Deun Pradab Dav” មាន​ក្រុមការងារ​ជា​ច្រើន​បាន​លា​ឈប់​ ដោយ​មូលហេតុ​ត្រូវ​បាន​ប្រភព​នានា​ខ្សឹបខ្សៀវ​ថា​មាន​ការ​មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ដឹកនាំ​រូប​នេះ។ ជុំ​វិញ​បញ្ហា​នេះ Donut ក៏​បាន​​ទទួល​ស្គាល់​ថា​ខ្លួន​អាច​នឹង​ពិបាក​ធ្វើ​ការ​ជាមួយ​ពិត​មែន ប៉ុន្តែ​គ្រប់​យ៉ាង​គឺ​ដើម្បី​ខ្សែ​ភាពយន្ត​ផលិត​ចេញ​មក​បាន​ល្អ​ប៉ុណ្ណោះ ៕​​​

ប្រភព៖ khaohit ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម