ស្នេហា​ក្រៀមក្រំ​បំផុត​គឺ​មិន​មែន​ស្នេហា​ដំបូង​ហើយ​ក៏​មិន​​មែន​ស្នេហា​ចុង​ក្រោយ

  • 2017-07-17 09:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​អ្នក​ជា​ស្នេហ៍​ដំបូង​របស់​គេ អ្នក​នឹង​ត្រូវ​បាន​គេ​ចងចាំ​អស់​មួយ​ជីវិត ហើយ​បើ​អ្នក​ជា​ស្នេហ៍​ចុង​ក្រោយ​របស់​គេ អ្នក​ទាំង​២​នឹង​ដើរ​​ដល់​ចុង​ផ្លូវ​ទាំង​២​នាក់។ តែ​ពិត​ជា​គួរ​ឲ្យ​ក្រៀមក្រំ​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​ស្ថិត​នៅ​ចន្លោះ​ស្នេហ៍​ទាំង​២​នេះ។

ប្រហែល​ជា​អ្នក​ណា​ក៏​ធ្លាប់​ចង់​ក្លាយ​ជា​ស្នេហា​ដំបូង​របស់​អ្នក​ណា​ម្នាក់​ដែរ បើ​ទោះ​បី​ជា​គេ​ថា​ស្នេហ៍​ដំបូង​តែង​ដើរ​មិន​ដល់​គោលដៅ។ បើ​មិន​បាន​ធ្វើ​ជា​ស្នេហ៍​ដំបូង បាន​ធ្វើ​ជា​ស្នេហ៍​ចុង​ក្រោយ​ក៏​បាន​ព្រោះ​អ្នក​នឹង​អាច​ដឹក​ដៃ​មនុស្ស​អ្នក​ស្រលាញ់​ដើរ​ដល់​ទី​បញ្ចប់។ តែ​មាន​អ្នក​ណា​ហ៊ាន​ធានា​ថា​អ្នក​មក​ក្រោយ​និង​ក្លាយ​ជា​ស្នេហា​ចុង​ក្រោយ​របស់​គេ​នោះ។

សម្រាប់​មនុស្ស​ស្រី​ដែល​មក​ក្រោយ​ហើយ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទៀត​នោះ ពួក​គេ​មិន​មែន​ជា​ឈឺចាប់​បំផុត​លើ​លោក​ទេ​ឬ? ព្រោះ​មិន​អាច​ទទួល​បាន​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង​របស់​គេ​ហើយ ថែម​ទាំង​ដើរ​បាន​តែ​ពាក់​កណ្ដាល​ផ្លូវ​ទៀត។

ពួក​គេ​មិន​អាច​ទទួល​បាន​មនោសញ្ចេតនា​១០០% ដោយ​សារ​មុន​មក​ដល់​ពួក​គេ បុរស​នោះ​ធ្លាប់​ត្រូវ​រង​របួស​មួយ​ផ្នែក​ទៅ​ហើយ។ មួយ​វិញ​ទៀត ស្រមោល​របស់​ស្នេហា​ទី​១​ប្រាកដ​ជា​នៅ​អន្ទង​តាម​ពួក​គេ​មិន​ដាច់។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​រឹត​តែ​មិន​អាច​ធានា​ឲ្យ​ខ្លួន​ឯង​ថា ពួក​គេ​នឹង​ក្លាយ​ជា​ស្នេហ៍​ចុង​ក្រោយ​របស់​សង្សារ​បច្ចុប្បន្ន​នោះ​ដែរ។

អ៊ីចឹង​ពួក​គេ​ជា​នរណា? ពួក​គេ​ជា​មនុស្ស​ស្រី​ដែល​ប្រៀប​ដូច​ខ្យល់​បក់​កាត់​ជីវិត​នរណា​ម្នាក់ មិន​បន្សល់​អ្វី​គួរ​ឲ្យ​កត់​សម្គាល់។ មនុស្ស​ស្រី​ទាំង​ឡាយ​ណា​ដែល​មិន​មែន​ជា​ស្នេហា​ដំបូង​របស់​អ្នក​ណា ឬ​ស្នេហា​ចុង​ក្រោយ​របស់​អ្នក​ណា​គឺ​ជា​អ្នក​ដែល​រង​ទុក្ខ​ច្រើន​បំផុត។

គេ​តែង​និយាយ​ច្រើន​អំពី​ការ​ឈឺចាប់​ដែល​ស្នេហ៍​ដំបូង​បន្សល់​នូវ និង​សុភមង្គល​ដែល​ស្នេហ៍​ចុង​ក្រោយ​នាំ​មក តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នៅ​ចាំ​ស្នេហា​ទី​២ ទី​៣​នោះ? យ៉ាងណាក៏ដោយ ត្រូវ​ជឿជាក់​ថា​គង់​មាន​ថ្ងៃ​ណា​មួយ អ្នក​នឹង​ក្លាយ​ជា​ស្នេហ៍​ដំបូង​របស់​នរណា​ម្នាក់ និង​ប្រាកដ​ជា​ក្លាយ​ជា​ស្នេហា​ចុង​ក្រោយ​របស់​អនាគត​ស្វាមី​អ្នក៕

ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម