ម៉ូដែល​អាយុ​២៦​ឆ្នាំ តែ​ស្បែក​ជ្រួញ​ដូច​យាយ​ចាស់ធ្លាប់បាក់ទឹកចិត្ត តែពេលនេះ...

  • 2017-07-15 02:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Sara Geurts​ បាន​​បើក​កកាយ​ប្រាប់​ពិភពលោក​ថា នាង​បាន​ទទួល​រង​ជំងឺ​ស្បែក​ដ៏​កម្រ​មួយ​ឈ្មោះ​ថា​ Ehlers-Danlos ​ដែល​ជា​​ជាលិកា​​​ខូច​​​ក្នុង​ខ្លួន​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផលិត​ខូឡាជិន​ (សរសៃ​ទឹក​ប្រូតេអ៊ីន) ​សម្រាប់​បំប៉ន​រាងកាយ តាំង​ពី​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ​។

ជំងឺ​ដ៏​កម្រ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ស្បែក​របស់​នាង​ឡើង​ជ្រីវជ្រួញ​ខ្លាំង និង​​មើល​ទៅ​ចាស់​ជាង​អាយុ​ពិត​ប្រាកដ​ ហើយ​មក​ដល់​ពេល​នេះ Geurts មាន​វ័យ​២៦​ឆ្នាំ​ហើយ នាង​បាន​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឱ្យ​គ្រប់​គ្នា​​ផ្លាស់ប្ដូរ​ការ​គិត​លើ​បញ្ហា​សម្រស់ ឈប់​ឱ្យ​ផ្ដោត​តែ​លើ​ភាព​ស្អាត​ឱ្យ​បាន​។

​​«ពេល​នៅ​រៀន​វិទ្យាល័យ ខ្ញុំ​ធ្លាប់​ព្យាយាម​បិទ​បាំង​វា​​! ខ្ញុំ​ខ្លាច​គេ​សួរ​នាំ​រឿង​ស្បែក​ចម្លែក​របស់​ខ្ញុំ​! គឺ​ខ្ញុំ​មិន​ចង់​និយាយ​ពី​វា​តែ​ម្ដង​!» Geurts បាន​លើក​ឡើង​ដូច្នេះ​ ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​អង់គ្លេស​ The Sun​។

​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ព្យាយាម​លាក់​បាំង​ស្បែក​របស់​ខ្លួន​ Geurts បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ការ​គិត​ ដោយ​ហ៊ាន​បញ្ចេញ​ភាព​មិន​ប្រក្រតី​របស់​នាង​តាម​រយៈ​ការ​ចូល​ធ្វើ​តារា​ម៉ូដែល​ ហើយ​នៅ​​ឆ្នាំ​២០១៥​ Geurts បាន​ផ្ញើ​សាច់​រឿង​ពិត​របស់​នាង​ទៅ​ក្នុង​កម្មវិធី​ Love Your Lines​លើ​បណ្ដាញ​សង្គម​ Tumblr ដែល​ជា​ការ​ហ៊ាន​បង្ហាញ​ស្នាម​ជ្រីវជ្រួញ ឬ​សង្វារ ឬ​ស្លាកស្នាម​ផ្សេង​ៗ​លើ​ស្បែក​របស់​នារី នាង​ទទួល​បាន​ការ​គាំទ្រ​ និង​កោត​សរសើរ​នឹក​ស្មាន​មិន​ដល់​ ដោយ​វីដេអូ​​របស់​នាង​ត្រូវ​បាន​គេ​ចូល​មើល​ជិត​២​លាន​ដង។​​

​ ​«គ្រប់​ស្នាម​ជ្រួញ​លើ​ដង​ខ្លួន​របស់​ខ្ញុំ​ គឺ​ជា​សម្រស់​របស់​ខ្ញុំ​​ ហើយ​វា​ក៏​ស្រស់​ស្អាត​តាម​បែប​របស់​វា​! គ្មាន​អ្នក​ណា​មាន​ស្បែក​បែប​នេះ​ដូច​ខ្ញុំ​ឡើយ ហើយ​នេះ​ជា​សម្រស់​ពិត​របស់​ខ្ញុំ​តែ​ម្ដង​!» តាម​រយៈ​ពាក្យ​សម្ដី​មួយ​នេះ Geurts មាន​ន័យ​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចេះ​ស្រលាញ់​អ្វី​ដែល​មាន​លើ​ខ្លួន​ពួក​គេ ជាជាង​ការ​ព្យាយាម​ធ្វើ​អ្វី​ ឬ​កែ​ប្រែ​តាម​អ្នក​ដទៃ ហើយ​មិន​ចាំ​បាច់​ទាល់​តែ​ស្រស់​ស្អាត​តាម​ស្ដង់ដារ​ស្រី​ស្អាត​ ទើប​គេ​ហៅ​ស្អាត​នោះ​ទេ។

​Geurts បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​ដឹង​ថា បំណង​ប្រាថ្នា​ដែល​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​របស់​ខ្ញុំ​ អាច​ខុស​នឹង​ស្តង់ដារ​សង្គម​ដែល​ផ្ដោត​តែ​លើ​ភាព​ស្អាត​ឥត​ខ្ចោះ​តែ​មួយ​មុខ។ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ការ​ហ៊ាន​បង្ហាញ​អ្វី​ដែល​ខ្លួន​មាន និង​ទំនុក​ចិត្ត​លើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ ទោះ​បី​វា​មិន​ឥត​ខ្ចោះ​ដូច​គេ ទើប​ជា​អ្វី​ដែល​គួរ​កោត​សរសើរ​។»

ប្រភព៖ The Sun ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម