កុំ​ដោយ​សារ​ស្រលាញ់​មនុស្ស​ម្នាក់ ហ៊ាន​លះបង់​ទាំង​អស់​ឲ្យ​សោះ

  • 2017-06-25 10:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ប៉ុន្មាន​ឃ្លា​ដូច​ជា៖ "គ្មាន​បង ខ្ញុំ​មិន​អាច​រស់​បាន​នោះ​ឡើយ" មិន​គួរ​យក​មក​និយាយ​ដោយ​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​គ្មាន​អ្នក​ណា​មិន​អាច​រស់​ដោយ​ខ្វះ​នរណា​ម្នាក់​បាន​ឡើយ។ សូម្បី​តែ​សាច់ញាតិ​នៅ​ក្នុង​គ្រួសារ បើ​សិន​ជា​មាន​ថ្ងៃ​ណា​មួយ​លែង​បាន​នៅ​ជាមួយ​យើង ក៏​យើង​ខំ​ប្រឹង​លេប​ទឹក​ភ្នែក​ចូល​ក្នុង បន្ត​ដើរ​ទៅ​មុខ​ដែរ។ ចុះ​ទម្រាំ​នេះ​គ្រាន់​តែ​ជា​សង្សារ...

ខ្ញុំ​ធ្លាប់​អាន​អត្ថបទ​មួយ​ដែល​គេ​ប្រាប់​ថា ជា​មធ្យម មនុស្ស​ម្នាក់​នឹង​ឈឺចាប់​ដោយ​សារ​ស្នេហា​៧​ដង​មុន​ពេល​ស្វែង​រក​ឃើញ​ស្នេហា​ពិត​របស់​ខ្លួន និង​ឈាន​ដល់​មង្គលការ។ ដូចនេះ​ហើយ គ្មាន​អ្នក​ណា​គួរ​យក​ការ​ស្លាប់​រស់​មក​និយាយ​ពេល​បែក​គ្នា​នោះ​ឡើយ ព្រោះ​អ្នក​គ្មាន​ជីវិត​៧​ដើម្បី​ដោះដូរ​នឹង​ស្នេហា​ពិត​១​ឡើយ។

រូបតំណាង

ថ្ងៃ​នេះ ពួក​យើង​គិត​ថា​ស្នេហា​ដែល​យើង​កំពុង​មាន​បច្ចុប្បន្ន​គឺ​ជា​មនោសញ្ចេតនា​ដែល​ល្អ​បំផុត និង​សន្យា​នឹង​នៅ​ក្បែរ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង។ តែ​ជីវិត​ប្រែប្រួល សូម្បី​តែ​អ្នក​រៀបការ​ហើយ ក៏​ត្រូវ​លែង​លះ​នឹង​គ្នា។ មាន​អ្នក​ណា​គេ​ហ៊ាន​និយាយ​ថា ពេល​ពាក់​ចិញ្ចៀន​ឲ្យ​គ្នា ពួក​គេ​មិន​បាន​ស្បថ​​ស្បែ​ថា​នឹង​រួមរស់​នឹង​គ្នា​អស់​មួយ​ជីវិត​នោះ?​

អ៊ីចឹង​បាន​គេ​តែង​ថា អ្នក​ឆ្លាត ទោះ​បី​ជា​ស្រលាញ់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ទុក​ខ្លះ​សម្រាប់​ខ្លួន​ឯង​ដែរ។ ទោះ​បី​ជា​ដឹង​ថា ពេល​ស្រលាញ់​ត្រូវ​តែ​អស់​ពី​ចិត្ត តែ​កុំ​ច្រឡំ​រវាង​ការ​អស់​ពី​ចិត្ត​ក្នុង​ស្មារតី និង​ទិដ្ឋភាព​ជាក់​ស្ដែង​ឲ្យ​សោះ។

រីឯ​អ្នក​ធ្វើ​ទុក្ខបុកម្នេញ​ខ្លួន​ឯង​នៅ​ពេល​ដៃ​គូ​ដើរ​ចេញ​នោះ គឺ​ជា​មនុស្ស​ដែល​ផ្អែក​ទៅ​លើ​បុគ្គល​ម្នាក់​ទៀត​ខ្លាំង​ពេក។ ពួក​គេ​មាន​អារម្មណ៍​ថា​រឿង​អ្វី​ៗ​គ្រប់​យ៉ាង​ទាល់​តែ​មាន​ការ​ចូល​រួម​របស់​គេ​បាន​ខ្លួន​ឯង​ធ្វើ​បាន ហើយ​ពួក​គេ​ផ្ដល់​សិទ្ធិ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ជា​អ្នក​សម្រេច​សុភមង្គល​របស់​ពួក​គេ៕

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម