រន្ធត់! ជំងឺ​តម្រង​នោម សម្លាប់​មនុស្ស​សាហាវ​ដល់​ថ្នាក់​ហ្នឹង

  • 2017-06-23 06:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ពី​ឆ្នាំ​១៩៩០ អត្រា​មរណភាព ដោយ​សារ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​នៅ​កម្ពុជា កើន​ឡើង​ដល់ ៤៧,៨% (ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់) ដែល​ជា​មធ្យម​មាន​ប្រមាណ ២,១% ក្នុង​មួយ​ឆ្នាំ។ មនុស្ស​ភាគ​ច្រើន​មិន​សូវ​ខ្វល់ខ្វាយ​ពី​តម្រង​នោម​របស់​ពួកគេ​ទេ បើ​​ធៀ​ប​នឹង​ការ​ថែទាំ​ចំពោះ​សរីរាង្គ​ដទៃ​ទៀត ដូចជា បេះដូង និង​ថ្លើម។

តម្រង​នោម​មាន​តួនាទី​បញ្ចេញ​ចោល​នូវ​កាក​សំណល់ និង​ទឹក​ដែល​លើស​ក្នុង​រាងកាយ ហើយ​តម្រង​នោម​ក៏​ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ជួយ​រក្សា​លំនឹង​សារធាតុ​អំបិល​ក្នុង​រាង​កាយ ហើយ​ថែម​ទាំ​ជួយ​ឲ្យ​មាន​លំនឹង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​នៅ​ក្នុង​រាង​កាយ។

អ្នក​ជំងឺ​តម្រង​នោម ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ផ្សេង​ទៀត ដូចជា ជំងឺ​លើស​ឈាម ជំងឺ​សរសៃ​ឈាម​បេះដូង តម្រង​នោម​ត​ពូជ ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ អ្នក​ត្រូវ​ថែរក្សា​សុខភាព​តម្រងនោម ទោះ​បី​ជា​អ្នក​មិន​មាន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​ខាង​លើ​ក៏​ដោយ។

ត្រូវ​ធ្វើ​ម៉េច​ទើប​តម្រងនោម​មាន​សុភាព​ល្អ?

១. ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ។ គួរ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​ត្រូវ​បាន​ណែនាំ (៤ ទៅ ៦ កែវ) ដើម្បី​រក្សា​ឲ្យ​តម្រង​នោម​មាន​សុខភាព​ល្អ ប៉ុន្តែ​វា​គ្មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាក់​លាក់​ណា​មួយ​នោះ​ទេ។

២. ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​កាត់​បន្ថយ​ហានិភ័យ​ឡើង​ទម្ងន់ និង​ជំងឺ​លើស​ឈាម ដូច្នេះ​វា​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​តម្រង​នោម​ផង​ដែរ។ សូម​ចាំ​ថា ការ​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ និង​មាន​តុល្យភាព ជួយ​កាត់​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផង​ដែរ។ វា​អាច​ជួយ​រក្សា​ការពារ​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ។

៣. ទទួល​ទាន​អាហារ​បំប៉ន និង​ឱសថ​បុរាណ​ច្រើន​ហួស អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រង​នោម។ ជាមួយ​នឹង​ប្រភេទ​អាហារ​បំប៉ន​ជាច្រើន​ដែល​មាន​លើ​ទីផ្សារ​​បច្ចុប្បន្ន អ្នក​ត្រូវ​ពិនិត្យ​ជាមួយ​នឹង​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​ជា​មុន​សិន ដើម្បី​បញ្ជាក់​ថា​អាហារ​បំប៉ន​ដែល​អ្នក​ប្រើ មាន​សុវត្ថិភាព​សម្រាប់​តម្រងនោម។

៤. សូម​កុំ​ជក់​បារី! ការ​ជក់​បារី​អាច​បំផ្លាញ​សរសៃ​ឈាម ហើយ​នៅ​ពេល​តម្រង​នោម​មិន​មាន​លំហូរ​ឈាម​គ្រប់​គ្រាន់ វា​ក៏​មិន​អាច​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ​ដែរ។ ក្រៅ​ពី​នេះ ហានិភ័យ​ជំងឺ​លើស​ឈាម​ក៏​ជា​កត្តា​ដ៏​ចម្បង​មួយ​ដែរ​បង្ក​ទៅ​ជា​ជំងឺ​តម្រង​នោម។

៥. សូម​ធ្វើ​តេស្ដ​ថា​តើ​អ្នក​មាន​ការ​ប្រឈម​នឹង​ជំងឺ​តម្រង​នោម​ដែរ​អត់? ពិនិត្យ​សម្ពាធ​ឈាម​របស់​អ្នក​និង​ធ្វើតេស្ត​ឈាម (BUN និង creatinine)។ អ្នក​ក៏​អាច​ពិ​និត្យ​តេស្ត​ទឹកនោម​ដើម្បី​រក​មើល​គ្រាប់​ឈាម​ក្រហម ការ​បង្ក​រោគ​ក្នុង​ទឹក​នោម ឬ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​របស់​អ្នក​ផង​ដែរ។

បើ​មាន​​សំណួរ​ពាក់ព័ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​ការ​ថែរក្សា​​សុខភាព អាច​ទាក់ទង​តាម៖

  • ផេក​ហ្វេសប៊ុក Healthwise Digest
  • អ៊ីមែល healthwisedigest@dksh.com.kh
  • វិបសាយ www.healthwise-digest.com

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ Kanha នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម