កាន់​តែ​ធំ ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន

  • 2017-06-16 04:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​មាន​ការ​បោះ​ឆ្នោត​ជ្រើស​យក​អ្នក​ឃោឃៅ​បំផុត​ក្នុង​លោក​នេះ ខ្ញុំ​នឹង​បោះ​ឲ្យ​ពេល​វេលា។ បើ​ទោះ​បី​ជា​អ្នក​សោក​ស្ដាយ​យុវភាព​យ៉ាង​ណា​ក៏​ដោយ ឬ​គ្រាន់​តែ​ចង់​ត្រលប់​ទៅ​ពេល​វេលា​កំពុង​នៅ​រៀន​យ៉ាងម៉េច​ក៏​ដោយ ក៏​ពេល​វេលា​មិន​អនុញ្ញាត​នោះ​ដែរ។ រាល់​អ្វី​ៗ​ទាំង​អស់​នឹង​ត្រូវ​ពេល​បំផ្លាញ​ទាំង​អស់​ដោយ​គ្មាន​ប្រណី។ អ្នក​ណា​ក្នុង​ចំណោម​ពួក​យើង​ក៏​នឹង​ត្រូវ​កប់​អនុស្សាវរីយ៍​ទាំង​អស់​ទៅ​ក្នុង​អតីតកាល​ដែរ ព្រោះ​ពួក​យើង​ត្រូវ​តែ​បង្ខំ​ចិត្ត​ក្លាយ​ជា​មនុស្ស​ធំ។

ស្ដាប់​មើល​ទៅ​គឺ​ព្រៃ​ផ្សៃ​ តែ​វា​គឺ​ជា​ទិដ្ឋភាព​ពិត​នៅ​ក្នុង​ជីវិត។ យើង​ត្រូវ​រៀន​ទទួល​យក​វា បើ​ទោះ​ចង់​ឬ​មិន​ចង់​ក៏​ដោយ។ នៅ​ចាំ​ថា កាល​ពី​តូច នៅ​ពេល​ធ្វើ​អ្វី​ខុស​មួយ គ្រាន់​តែ​លើក​ដៃ​សំពះ​សូមទោស នឹង​ត្រូវ​បាន​លើក​លែង​ទាំង​អស់។ តែ​នៅ​ពេល​ឈាន​ជើង​ចូល​សង្គម នៅ​ពេល​ដោះ​ស្រាយ​កំហុស​អ្វី​មួយ ពាក្យ​សូមទោស​មួយ មិន​អាច​យក​ជា​ការ​បាន​នោះ​ឡើយ។

សង្គម​មួយ​នេះ មិន​មែន​អ្នក​ណា​ក៏​រួសរាយ និង​ចិត្ត​ល្អ​ដល់​ថ្នាក់​នឹង​លើក​លែង​ទោស​ឲ្យ​អ្នក​នោះ​ឡើយ។ ហើយ​ក៏​គ្មាន​អ្នក​ណា​ទំនេរ​មក​បារម្ភ​ថា​អ្នកឆ្អែត​ឃ្លាន សប្បាយ​ចិត្ត ឬ​កើត​ទុក្ខ​នោះ​ដែរ។ កាន់​តែ​ធំ កាន់​តែ​ឃើញ​ថា​ជីវិត​​កាន់​តែ​មាន​សម្ពាធ ហើយ​ភ្ជាប់​មក​ជាមួយ​វា​នោះ​គឺ​ទំនួល​ខុស​ត្រូវ។ ទំនួល​ខុស​ត្រូវ​ជា​មួយ​គ្រួសារ ជាមួយ​មនោសញ្ចេតនា ជាមួយ​ការងារ ជាមួយ​សង្គម និង​ជា​ពិសេស​​នោះ​គឺ​ជាមួយ​ខ្លួន​ឯង។

ពេល​ខ្លះ​ចង់​នៅ​តូច​រហូត តែ​គិត​ឡើង​វិញ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អាត្មានិយម និង​គ្មាន​ភាព​ទទួល​ខុសត្រូវ​អ្វី​សោះ ហើយ​ក៏​ចាប់​ផ្ដើម​គិត​ដល់​ប៉ាម៉ាក់ ពួក​គាត់​បាន​លះបង់​ច្រើន​ពេក​ហើយ​សម្រាប់​យើង ទាំង​មិន​ទាន់​ទទួល​បាន​វិញ​អ្វី​ទាំង​អស់។

កាន់​តែ​ធំ គិត​កាន់​តែ​ច្រើន។ តែ​រាល់​ការ​គិត​ច្រើន ក៏​ត្រូវ​តែ​រៀន​ធ្វើ​កាន់​តែ​ច្រើន ប្រែ​ការ​គិត​ទៅ​ជា​សកម្មភាព​ពិត​ប្រាកដ។ ពេល​ខ្លះ ដោយ​សារ​តែ​គិត​ច្រើន​ពេក ក៏​មាន​អារម្មណ៍​ថា​តឹងតែង​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក ចង់​បន្ធូរ​បន្តិច​ឲ្យ​ងាយ​ដក​ដង្ហើម ព្រោះ​យើង​ទាំង​អស់​គ្នា​ក៏​មិន​មែន​ជា​អ្វី​ក្រៅ​ពី​មនុស្ស​សាមញ្ញ​មួយ​រូប៕

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel