គ្រោះ​ថ្នាក់​ពេល​ធ្លាក់ ស ស្រីៗ​ត្រូវ​តែ​ដឹង បើ​មិន​អ៊ីចឹង វីវរ​មាន​រឿង​ធំ​ហើយ

  • 2017-06-02 08:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ធ្លាក់ ស បង្ក​ឡើង​ដោយ​បាក់តេរី (Bacterial Vaginaosis ឬ BV) បណ្តាល​មក​ពី​ការ​ដុះ​លូត​លាស់​នៃ​បាក់តេរី​បង្ក​គ្រោះ​ថ្នាក់​ច្រើន​នៅ​តំបន់​នោះ។ ជំងឺ​នេះ​ពាក់​ព័ន្ធ​នឹង​អតុល្យភាព​នៃ​បាក់តេរី "គ្រោះ​ថ្នាក់" និង "ល្អ"។ សូម​កុំ​លូក​លាង​ទ្វារ​មាស​ដោយ​របស់​ផ្សេងៗ​ផ្ដេសផ្ដាស!

មូល​ហេតុ​ចម្បង​ធ្វើ​ឱ្យ​ធ្លាក់ ស បង្ក​ឡើង​ដោយ​បាក់តេរី អាច​មក​ពី​បញ្ហា​លាង​សម្អាត​ទ្វារ​មាស និង​ផ្លាស់​ប្ដូរ​អ័រម៉ូន អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ជា​ទូទៅ បញ្ហា​នេះ​ក៏​ត្រូវ​គេ​ហៅ​ថា​ជា "ការ​រមាស់​ទ្វារ​មាស"។ ស្រ្តី​វ័យ​ជំទង់ និង​ស្ត្រី​នៅ​ទូទាំង​ពិភព​លោក កំពុង​ជួប​បញ្ហា​នេះ។

ជំងឺ​ធ្លាក់ ស បង្ក​ឡើង​ដោយ​សារ​បាក់តេរី ស្រដៀង​នឹង​ការធ្លាក់ ស បង្ក​ដោយ​​មេរោគ​ផ្សិត ប៉ុន្តែ​សម្រាប់​ការ​ធ្លាក់ ស ដោយ​បាក់​តេរី មាន​សភាព​ថ្លា​ជាង និង​មាន​ក្លិន។ បើ​មាន​ក្លិន​ឆ្អាប វា​ជា​សញ្ញា​គោល​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​មាន​ជំងឺ​ធ្លាក់ ស បង្ក​ឡើង​បាក់តេរី។ អ្នក​ប្រហែល​ជា​អាច​ជួប​ប្រទះ​ការ​ធ្លាក់​ស ក្នុង​លក្ខណៈ ស ថ្លា ឬ​ទឹក​រំអិល​ពណ៌​ប្រផេះ​ដែល​រាវ​ដូច​ទឹក ឬ​ហ្វូម មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​ក្នុង​ទ្វារ​មាស​ក្រោម​លក្ខខណ្ឌ​ធម្មតា ឬ​ខណៈ​ពេល​បត់​ជើង​តូច និង​រមាស់​ជុំវិញ​មាត់​ទ្វារ​មាស។

ប៉ុន្តែ សូម​កុំ​ច្រឡំ​ជំងឺ​ធ្លាក់ ស បង្ក​ឡើង​ដោយ​បាក់តេរី ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត ឬ​ពពួក trichomoniasis។ ការ​ឆ្លង​មេរោគ​ផ្សិត​បង្ហាញ​រោគ​សញ្ញា​ដូច​គ្នា ប៉ុន្តែ ស មាន​លក្ខណៈ​ខាប់​ជាង ឬ​មាន​លក្ខណៈ​ដូច​ឈីស។

ត្រូវ​ប្រុង​ប្រយ័ត្ន ដោយ​សារ BV អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ធ្ងន់ធ្ងរ។ វា​អាច​បង្កើន​ឱកាស​ខ្ពស់​ក្នុង​ឆ្លង​មេរោគ​អេដស៍ បើ​អ្នក​រួមភេទ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ព្រម​ទាំង​ឱកាស​ឆ្លង​ជំងឺ​កាមរោគ​ដទៃ​ទៀត ដូចជា ជំងឺ ក្លាមីដ្យា (Chlamydia) និង​ជំងឺ​ប្រមេះ​ទឹក​បាយ។ បើ​អ្នក​ឆ្លង BV កំពុង​មាន​ផ្ទៃ​ពោះ ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ អាច​កើត​មាន​ឡើង។

សូម​ព្យាបាល​ជំងឺ​ធ្លាក់​ស របស់​អ្នក​ជាមួយ​នឹង​ថ្នាំ អង់ទីប៊ីយ៉ូទិក (antibiotics) តាម​វេជ្ជបញ្ជា​ដែល​បាន​ណែនាំ (ថ្នាំ​គ្រាប់ ក្រែម​លាប​លើ​ទ្វារ​មាស ឬ​ថ្នាំ​ស៊ុល) ហើយ​អ្នក​អាច​នឹង​ត្រូវ​ការ​ថ្នាំ​អង់ទីប៊ីយ៉ូទិក​លើស​ពី​មួយ​ប្រភេទ ដោយ​សារ​តែ BV អាច​រើ​ឡើង​វិញ។ ក្រៅ​ពី​នេះ មាន​ថ្នាំ​ដែល​មិន​មែន​ជា​ថ្នាំ​សម្លាប់​មេរោគ ប៉ុន្តែ​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដោយ​មាន​សុវត្ថិភាព សូម្បី​តែ​ពេល​អ្នក​កំពុង​តែ​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន។ សូម​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព!

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទៈ DKSH

អត្ថបទពេញនិយម