វិធី​លើក​លែង​ទោស​ឲ្យ​អ្នក​និយាយ​កុហក

  • 2017-05-23 07:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ស្រលាញ់​នរណា​ម្នាក់​រហូត​ដល់​ថ្នាក់ បើ​ទោះ​បី​ជា​ដឹង​ថា​គេ​កំពុង​និយាយ​កុហក​ក៏​នៅ​តែ​ស្រលាញ់​?

គេ​និយាយ​ថា៖ "អារម្មណ៍​ដែល​សប្បាយ​បំផុត​នោះ​គឺ ស្ដាប់​គេ​និយាយ​កុហក​ទាំង​ដែល​យើង​បាន​ដឹង​ការ​ពិត"។

ខ្ញុំ​និយាយ​ថា៖ "នោះ​គឺ​ជា​អារម្មណ៍​ឈឺចាប់​បំផុត"

រូបតំណាង

នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ការពិត​ហើយ តែ​ខ្ញុំ​នៅ​តែ​ស្ដាប់​នូវ​សម្ដី​កុហក​របស់​អ្នក​ដទៃ។ មិន​មែន​ដោយ​សារ​ពេញ​ចិត្ត​មើល​ការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​គេ​នោះ​ទេ។ តែ​ដោយ​សារ​ខ្ញុំ​គិត​ថា មនុស្ស​​យើង​ទោះបី​ជា​ស្និទ្ធ​ប៉ុណ្ណា​ក៏​តែង​មាន​អាថ៍កំបាំង​រៀង​ខ្លួន រឿង​ដែល​មិន​ចង់​ឲ្យ​គេ​ដឹង។ ឬ​ក៏​គេ​អាច​កំពុង​បញ្ចុះ​បញ្ចូល​ខ្លួន​ឯង​ឲ្យ​ជឿ​នូវ​រឿង​ដែល​គេ​បង្កើត​ឡើង។ ខ្ញុំ​មិន​ដែល​មាន​អារ្មណ៍​ថា​សប្បាយ​ចិត្ត​សោះ​នៅ​ពេល​ធ្វើ​ជា​ទស្សនិកជន​របស់​គេ បើ​មិនចង់​និយាយ​ថា​ពិបាក​ចិត្ត​ខ្លាំង។ នៅ​ពេល​បំផុត ខ្ញុំ​ដឹង​ថា គេ​មិន​ទាន់​ទុក​ចិត្ត​យើង​គ្រប់​គ្រាន់​ដើម្បី​ចែក​រំលែក​បាន​រឿង​ទាំង​អស់។

ផិតក្បត់​ដើរ​ទន្ទឹម​ជាមួយ​នឹង​ការ​កុហក។ នៅ​ពេល​ដែល​យើង​គោរព​នរណា​ម្នាក់ យើង​នឹង​មិន​និយាយ​កុហក​នោះ​ឡើយ។ ខ្ញុំ​មិន​និយាយ​កុហក បើ​ទោះ​បី​ជា​រឿង​តូច​តាច ព្រោះ​ខ្ញុំ​ជឿជាក់​ថា​ថ្ងៃ​ណា​មួយ​វា​នឹង​ត្រូវ​បាន​លាត​ត្រដាង។

ពួក​គេ​អាច​បោកប្រាស់​ខ្ញុំ​បាន​មិន​មែន​ដោយ​សារ​គេ​មាន​ជំនាញ​កុហក​នោះ​ទេ តែ​ដោយ​សារ​តែ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ជឿជាក់​ពួក​គេ។ គេ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​មិន​មែន​ដោយ​សារ​គេ​អស្ចារ្យ​អី​នោះ​ទេ តែ​ដោយ​សារ​ខ្ញុំ​ផ្ដល់​ឱកាស​ឲ្យ​គេ​ធ្វើ​បែប​នេះ​លើ​ខ្ញុំ។

កាល​ពី​មុន ខ្ញុំ​ធ្លាប់​គិត​ថា ឲ្យ​តែ​ខ្លួន​យើង​ធ្វើ​ល្អ​ដាក់​គេ គេ​នឹង​ល្អ​ដាក់​យើង​វិញ។ ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា វា​មិន​មែន​អញ្ចឹង​នោះ​ទេ។ នៅ​លើ​លោក​នេះ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ណាស់ បោក​ប្រាស់ ច្រណែន​ឈ្នានីស គឺ​មាន​សព្វ​បែប​យ៉ាង។ នៅ​ពេល​នេះ ខ្ញុំ​នឹង​មិន​បោះ​បង់​អ្នក​ណា​ចោល​ទាំង​អស់ តែ​ខ្ញុំ​នឹង​មិន​ត្រចៀក​ស ឆាប់​ជឿ​សម្ដី​នរណា​ម្នាក់​ទៀត​ឡើយ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម