ស្រក់​ទឹក​ភ្នែក​ពេល​ដឹង​រឿង​រ៉ាវ​លោក​យាយ​ទិញ​សំបុត្រ​រថភ្លើង​ពីរ​សន្លឹក តែ​អង្គុយ​តែ​ម្នាក់​ឯង

  • 2017-05-06 08:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​យាយ​ជនជាតិ​តៃវ៉ាន់​វ័យ ៨០ឆ្នាំ​ម្នាក់ និង​ស្វាមី​របស់​គាត់​មាន​បំណង​ប្រាថ្នា​ចង់​ជិះ​រថភ្លើង​ល្បឿន​លឿន​ដើរ​កម្សាន្ត​ពី​ទីក្រុង​ចាងហួ ទៅ​ទីក្រុង​កៅស៊ុង។ ចៅ​ស្រី​របស់​លោក​យាយ​បាន​ថត​វីដេអូ​រៀបរាប់​ពី​សេចក្ដី​ស្នេហា​របស់​លោក​យាយ​ ប៉ុន្តែ​នឹក​ស្មាន​មិន​ដល់​ថា​នៅ​ពេល​វីដេអូ​ឃ្លីប​មួយ​នេះ​ត្រូវ​បាន​បង្ហោះ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​យ៉ាង​ច្រើន ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទប់​ទឹក​ភ្នែក​មិន​បាន។

ពេល​ដែល​លោក​យាយ​ទិញ​សំបុត្រ​រថភ្លើង គាត់​ក៏​មិន​​ភ្លេច​ទិញ​ទុក​សម្រាប់​ស្វាមី​របស់​គាត់​ ដោយ​ប្រាប់​ទៅ​អ្នក​លក់​សំបុត្រ​ថា "ឲ្យ​សំបុត្រ​យាយ​ពីរ​សន្លឹក​មក យក​អា​កៅអី​ជាប់​គ្នា យាយ​នាំ​ប្ដី​យាយ​មក​ជិះ​រថភ្លើង​ដែរ"។ ពេល​ចូល​ដល់​កន្លែង​អង្គុយ គាត់​ក៏​អង្គុយ​ចុះ​ព្រម​ទាំង​បើក​កាបូប ទាញ​រូប​ថត​ចេញ​មក​ដាក់​លើ​កៅអី​ក្បែរ​ខ្លួន។ ពេល​សម្លឹង​មើល​ជិត​ៗ​គេ​ក៏​អាច​ដឹង​ថា នោះ​គឺ​រូបថត​ប្ដី​របស់​លោក​យាយ​នោះ​ឯង។ ស្វាមី​របស់​លោក​យាយ​​បាន​ស្លាប់​មុន​ពេល​ដែល​អ្នក​ទាំង​ពីរ​អាច​ធ្វើ​តាម​ក្ដី​ស្រមៃ។ ក្រៅ​ពី​នេះ​ នៅ​តាម​ផ្លូវ​ លោក​យាយ​ក៏​បាន​រៀបរាប់​ប្រាប់​ប្ដី​របស់​លោក​យាយ​រហូត​ថា ពួក​គាត់​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ណា​ហើយ។

ក្នុង​វីដេអូ​ឃ្លីប​នោះ ចៅ​ស្រី​របស់​លោក​យាយ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ឪពុក​ម្ដាយ​នាង​ត្រូវ​ទៅ​ធ្វើ​ការ ដូច្នេះ​ពួក​គាត់​ក៏​មិន​សូវ​បាន​នៅ​ផ្ទះ។ នាង​បាន​ធំ​ឡើង​ដោយ​រស់​នៅ​ជាមួយ​លោក​យាយ និង​លោក​តា​។ កាល​ពី​ឆ្នាំ​មុន​លោក​តា​បាន​លា​ចាក​លោក​ដោយ​សារ​ជំងឺ​មហារីក។ យាយ​របស់​នាង​ខូច​ចិត្ត​ជា​ខ្លាំង និង​តែង​ទៅ​អង្គុយ​នៅ​តុ​ធ្វើ​ការ​របស់​លោក​តា​ជា​ប្រចាំ។ ពេល​ខ្លះ​គាត់​ក៏​លួច​យំ​ ពេល​នឹក​ដល់​លោក​តា។ ថ្ងៃ​មួយ​គាត់​និយាយ​ថា "យាយ​ចង់​រក​ពេល​មួយ​ថ្ងៃ ទិញ​សំបុត្រ​រថភ្លើង​ពីរ​សន្លឹក ហើយ​នាំ​តា​ឯង​​ជិះ​រថភ្លើង​ដើរ​លេង"។ កាល​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ មិន​ទាន់​កសាង​រួច​រាល់ ​លោក​តា​ធ្លាប់​និយាយ​ថា "ចាំ​គេ​ធ្វើ​ហើយ​យើង​ទៅ​ដើរ​លេង​ជាមួយ​គ្នា ហើយ​នាំ​កូន​ចៅ​ទៅ​ជាមួយ​ផង"។

ដូច្នេះ​ហើយ​ទើប​លោក​យាយ​ចង់​ធ្វើ​តាម​ក្ដី​សុបិន​របស់​លោក​តា។ បន្ទាប់​ពី​វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ ក៏​មាន​មនុស្ស​ជា​ច្រើន​ចូល​ទស្សនា​និង​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​របស់​ខ្លួន​ចំពោះ​លោក​យាយ។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

នេះ​ជា​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ ហើយ​ក៏​ជា​ការ​ដាស់​តឿន​ដល់​មនុស្ស​គ្រប់​គ្នា​ថា សូម​កុំ​​រង់​ចាំ​ដល់​មាន​អ្វី​គ្រប់យ៉ាង ទើប​ចំណាយ​ពេល​ស្វែង​រក​សេចក្ដី​សុខ ត្រូវ​ប្រញាប់​ធ្វើ​ទាន់​មាន​ឱកាស ដូច្នេះ​ទើប​មិន​ស្ដាយ​ក្រោយ​នៅ​ពេល​គ្រប់​យ៉ាង​ក្លាយ​ជា​យឺត​ពេល ៕

ប្រភព៖ liekr

ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម