ដឹង​អត់ ជំងឺ​ហឺត​បណ្តាល​ពី​អ្វី? អាច​ព្យាបាល​ជា​ដាច់​ទេ?​

  • 2017-05-05 06:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ផ្លូវដង្ហើម កើត​លើ​សួត ធ្វើ​ឲ្យ​លំហូរ​នៃ​ខ្យល់​ទៅ​កាន់​ផ្លូវ​ដក​ដង្ហើម​រួម​តូច ស្ទះ និង​រលាក។ ជំងឺ​នេះ​ស្តែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ពិបាក​ដក​ដង្ហើម ដក​ដង្ហើម​ដង្ហក់​ខ្លីៗ ណែន​ទ្រូង។ ជា​អកុសល ជំងឺ​ហឺត​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ទេ ប៉ុន្តែ​គេ​អាច​ការពារ​ និង​គ្រប់​គ្រង​វា​បាន​។

ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ហឺត គឺ​កត្តា​បរិស្ថាន ដូច​ជា​ការ​រស់​នៅ​ក្នុង​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​ធូលី មេរោគ​ផ្សិត បាត់​តេរី រោម​សត្វ ផ្សែង​បារី ផ្សែង​យាន​យន្ត។ ក្នុង​ករណី​ខ្លះ​ទៀត​ជំងឺ​ហឺត​ជា​ជំងឺ​ត​ពូជ ឬ​ក៏​អាច​មក​ពី​បញ្ហា​ស្រ្តេស និង​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។     អការ និង​រោគ​សញ្ញា៖

  • ហត់

  • ពិបាក​ដក​ដង្ហើម

  • តឹង​ក្នុង​ទ្រូង

  • ក្អក​ខ្លាំង  

អ្នក​នឹង​អាច​ទទួល​រង​ពី​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ហឺត បើ​សិន​ជា​ទង​សួត​របស់​អ្នក​ត្បៀត។ ក្នុង​ករណី​អ្នក​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​ខុស​ធម្មតា ដូច​ជា​ជីពចរ​ដើរ​ញាប់ រន្ធ​ច្រមុះ​ឡើង​ធំ ត្រូវ​ប្រញាប់​ស្វែង​រក​ការព្យាបាល​ជា​បន្ទាន់។

  ការ​ព្យាបាល៖

ប្រាកដ​ណាស់​ជំងឺ​ហឺត​មិន​អាចព្យាបាល​ជា​ដាច់​នោះ​ទេ  ការ​គ្រប់គ្រង​ជំងឺ​ហឺត​ត្រូវ​បាន​ផ្តោត​លើ​ការ​ការពារ ឬ​បញ្ឈប់​ការ​រលាក និង​បន្ធូរ​បន្ថយ​សាច់ដុំ​លើ​ផ្លូវ​ដង្ហើម។

 

  • ប្រើ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ មាន​ប្រភេទ​ថ្នាំ «បំបាត់​អាការ​ឆាប់​រហ័ស» និង «គ្រប់គ្រង​ស្ថានភាព» (ថ្នាំ​ប្រឆាំង​ការ​រលាក​ដូច​ជា​ក្រុម Corticosteroids)

  • ប្រើ​ប្រាស់​ឧបករណ៍​វាស់លំហូរ​ខ្យល់​ចេញ​ពី​សួត

  • ប្រើ​ថ្នាំ​ហិត​បើក​ទង​សួត ដូចជា Albuterol Metaproterenol និង Pirbuterol សម្រាប់​សម្រួល​សាច់ដុំ​នៅ​ជុំវិញ​ផ្លូវ​ដង្ហើម​ដើម្បី​កែ​លម្អ​ចរន្ត​ខ្យល់។

  • ប្រើ​ម៉ាស៊ីន​ឆ្ពង់ ដើម្បី​ជួយ​កាត់​បន្ថយ​ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់​ជំងឺ​ហឺត

  • ព្យាបាល​តាម​វិធី​ភ្ញោច​ប្រព័ន្ធ​ការពារ​រាងកាយ ដោយ​ចាក់​ថ្នាំ​ដើម្បី​បង្កើន​ធាតុ​បង្ក​អាលែ្លក​ហ្សី​ដល់​ប្រព័ន្ធ​រាងកាយ​ឲ្យ​ស្គាល់ និង​បន្ថយ​សកម្មភាព​នៅ​ពេល​ក្រោយ។

ដោយ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​ប្រជាជន​ប្រហែល 300 លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​ទទួល​រង​ពី​ជំងឺ​ហឺត និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​250.000 ក្នុង​មួយ​ឆ្នាំ។ ដូចគ្នា​នេះ​ដែរ វា​គឺ​ជា​រឿង​ទុក្ខសោក​មួយ​ដោយ​ដឹង​ថា​ចំនួន​នៃ​អ្នក​ដែល​មាន​ជំងឺ​ហឺត​នឹង​អាច​កើន​ឡើង​ច្រើន​ជាង 100 លាន​នាក់​នៅ​ឆ្នាំ 2025៕

 

អត្ថបទ៖ DKSH