ចង់​ដឹង​អត់​ ហេតុ​អ្វី​បាន​ជា​ទឹក​ដោះ​ដំបូង​រាង​ខាប់​ហើយ​មាន​​ពណ៌​លឿង​ថ្លា​?​

  • 2017-05-03 09:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យើង​​ប្រាកដ​ជា​ធ្លាប់​ឮ​​ថា​ទឹក​ដោះ​ដំបូង​មាន​ប្រយោជន៍​ច្រើន​ហើយ​​សំខាន់​បំផុត​សម្រាប់​ការ​លូត​លាស់​របស់​ទារក​​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​ច្រើន។ ប៉ុន្តែ​ ​តើ​អ្នក​មាន​​ដឹង​ទេ​ថា​ទឹក​ដោះ​ដំបូង​មាន​សភាព​ខាប់​នឹង​មាន​ពណ៌​លឿង​ថ្លា​ខុស​ពី​ទឹក​ដោះ​ធម្មតា​ ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

«ចា៎! ​ទឹក​ដោះ​ដំបូង​មាន​លក្ខណៈ​​​បែប​នេះ​គឺ​ដោយ​សារ​តែ​នៅ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ជា​ពិសេស​គឺ​​មាន​អង្គ​បដិបក្ខប្រាណ​ច្រើន​​ ហើយ​អ្វី​ដែល​សម្បូរ​ខ្លាំង​ជាង​គេ​​គឺ​ជីជាតិ A ​ដែល​អាច​ជួយ​​​បង្កើត​នូវ​អង់ទីគ័រ​ការពារ​កុមារ​ប្រឆាំង​ជំងឺ​ផ្សេង​ៗ។ ​​វា​ថែម​ទាំង​ជួយ​បញ្ចេញ​លាមក​ព្រៃ​បាន​​លឿន​ កាត់​បន្ថយ​ជំងឺ​ខាន់លឿង និង​ជួយ​ភ្នែក​​ទៀង​ផង។​»​ នេះ​ជា​ការ​លើក​ឡើង​របស់​​​លោក​ស្រី​វេជ្ជបណ្ឌិត​ ប្រាក់​ សោភ័ណនារី​ នាយក​រង​មជ្ឈមណ្ឌល​ជាតិ​គាំ​ពារ​មាតា​ និង​ទារក​ និង​ជា​ប្រធាន​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​ ក្នុង​វេទិកា​ពិភាក្សា​ស្ដី​ពី​ «ការ​លើក​កម្ពស់​ការ​ចិញ្ចឹម​ទារក​ និង​កុមារ» ​​ដែល​បាន​ធ្វើ​ឡើង​នៅ​​ព្រឹក​ថ្ងៃ​ទី ៣​ ឧសភា​ ឆ្នាំ​២០១៧​។​ ​

លោក​ស្រី​វេជ្ជបណ្ឌិត​ ប្រាក់​ សោភ័ណនារី

លោក​ស្រី​វេជ្ជបណ្ឌិតបាន​បន្ថែម​ថា​ ទឹក​ដោះ​ដំបូង​រាង​ខាប់​ហើយ​បរិមាណ​តិច​តួច​​បំផុត​និង​ចេញ​តែ​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ទារក​កើន​ប៉ុណ្ណោះ។​ មាន​ម្ដាយ​ទើប​សម្រាល​មួយ​ចំនួន​យល់​ច្រឡំ​ថា​ខ្លួន​មិន​មាន​ទឹក​ដោះ​​ព្រោះ​សុដន់​មាន​សភាព​ធម្មតា ​ប៉ុន្តែ​តាម​ពិត​​គឺ​មាន​ទឹក​ដោះ​​ដំបូង​​ក្នុង​​នោះ។​ កាល​ណា​កូន​ចាប់​ផ្ដើម​ជញ្ជក់​ ទឹក​ដោះ​ក៏​ចាប់​ផ្ដើម​ផលិត​ជា​បន្តបន្ទាប់​មក​ដែរ​៕

អត្ថបទ៖ Chhai Yarith

អត្ថបទពេញនិយម