«​បង​ភ្ជាប់​ពាក្យ​ហើយ​» ជា​ពាក្យ​មួយ​ឃ្លា​ដែល​បាន​ទម្លុះ​បេះដូង​ស្រី​ម្នាក់​ទាំង​គ្មាន​រឿង​អី​សោះ

  • 2017-04-20 10:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាង​មួយ​ឆ្នាំ​ដែល​ពួក​យើង​ទាក់ទង​គ្នា​ ហើយ​ក៏​មិន​ដែល​មាន​រឿង​អ្វី​នឹង​គ្នា​ដែរ​ ប៉ុន្តែ​ហេតុ​អី​ក៏​សុខ​ៗ​មាន​រឿង​នេះ​កើត​ឡើង?

[….] ខ្ញុំ​ចាំ​ថា​ពួក​យើង​យើង​ស្គាល់​គ្នា​តាម​ Facebook ហើយ​ក៏​រាប់​អាន​គ្នា​ និង​ chat ជាមួយ​គ្នា​​ជាង​២​ខែ។ អារម្មណ៍​ស្រឡាញ់​ក៏​ចាប់​ផ្ដើម​មាន​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ដោយសារ​តែ​ពួក​យើង​នៅ​ឆ្ងាយ​ពី​គ្នា​ពេក​ទើប​ខ្ញុំ​ចេះ​តែ​គិត​ច្រើន​ ព្រោះ​គាត់​នៅ​ក្រចេះ​​ហើយ​ខ្ញុំ​នៅ​កំពង់​ចាម។​ ម្យ៉ាង​ទៀត​រឿង​ដែល​ខ្ញុំ​ភ័យ​ខ្លាច​ជាង​គេ​គឺ​ រឿង​ដែល​ខ្ញុំ​ធ្លាប់​រៀប​ការ​ហើយ​ ថែម​ទាំង​មាន​កូន​ម្នាក់​ទៀត​ផង។​ ខ្ញុំ​ខ្លាច​គាត់​ស្អប់​ខ្ពើម​ខ្ញុំ​ ប្រកាន់​នឹង​ខ្ញុំ​ ព្រោះ​គាត់​មិន​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដូច​ខ្ញុំ​ឡើយ។ ដោយ​ហេតុ​តែ​មនុស្ស​ពីរ​នាក់​មាន​អារម្មណ៍​តែ​មួយ​ ខ្ញុំ​ក៏​មិន​ចង់​លាក់​បាំង​រឿង​ជាមួយ​គាត់​ទៀត​ ខ្ញុំ​ក៏​បាន​និយាយ​ពី​អតីតកាល​ទាំង​អស់​របស់​ខ្ញុំ​ទៅ​គាត់​ ទោះ​បី​ជា​គាត់​ស្អប់​ខ្ពើម​ ឬ​យ៉ាង​ណា​ក៏​ដោយ។

ជា​រឿង​មួយ​ដែល​រីករាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ម្ដង​ទៀត​ គឺ​គាត់​ថែម​ទាំង​មិន​ប្រកាន់​ខ្ញុំ​ ថែមទាំង​អាណិត​ស្រឡាញ់​ខ្ញុំ​ទ្វេដង។​ គាត់​ថា​អ្នក​ណា​ក៏​មាន​អតីតកាល​ដែរ​ ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ពិត​ជា​ចង់​ថែទាំ​ខ្ញុំ​ណាស់​មិន​ចង់​ឲ្យ​ខ្ញុំ​លំបាក​ម្នាក់​ឯង​ទៀត​នោះ​ទេ ហើយ​ថែម​ទាំង​​សួរ​ខ្ញុំ​ថា៖

«អូន​ឯង​ព្រម​រស់​នៅ​ជាមួយ​បង​អត់?» គ្រាន់​តែ​ឮ​សំណួរ​នេះ​បេះដូង​លោត​សឹង​មិន​ទាន់​ ទឹក​ភ្នែក​ចង់​ស្រក់​ព្រោះ​មិន​នឹក​ស្មាន​ថា​គាត់​អាច​ទទួល​យក​ខ្ញុំ និង​អតីតកាល​ខ្ញុំ​បាន​នោះ​ទេ។

«​ព្រម!» ជា​ពាក្យ​ដែល​ខ្ញុំ​ឆ្លើយ​ចេញ​ពី​មាត់​ និង បេះដូង​ ហើយ​បូក​រួម​ទាំង​ស្នាម​ញញឹម​ចំពោះ​ក្ដី​សង្ឃឹម​មួយ​នេះ។

[…] ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ការ​ស្រឡាញ់​របស់​យើង​ទាំង​ពី​ល្អ​ទៅ​ល្អ​ទៅ​ ទោះ​បី​ជា​មិន​សូវ​បាន​ជួប​គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​ជឿ​ទុក​ចិត្ត​គាត់​ និង​ស្រឡាញ់​គាត់​មិន​ដែល​ថយ។ តាំង​ពី​ពួក​យើង​ស្រឡាញ់​គ្នា​មក​គឺ​មិន​មែន​ឈ្លោះ​គ្នា​ ឬ​មាន​រឿង​អី​ដែល​មិន​ចុះ​សម្រុង​គ្នា​ឡើយ​ ហើយ​ទង្វើ​គាត់​គឺ​​តែងតែ​បង្ហាញ​មក​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​ពិត​ជា​ស្រឡាញ់​ខ្ញុំ​មែន ទោះ​បី​ជា​គាត់​គាត់​មិន​ដែល​ផ្ដល់​អ្វី​ក៏​ដោយ​ ប៉ុន្តែ​ទង្វើ​ និង ពាក្យ​សម្ដី​របស់​គាត់​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្ដៅ​ និង​រីករាយ​ជាមួយ​ជីវិត​ឡើង​វិញ។

[…] រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ពិត​ជា​ដើរ​លឿន​មែន​ ទោះ​បី​ជា​លំបាក​ជួប​គ្នា​ នឹក​គ្នា​ប៉ុណ្ណា​ក៏​ខ្ញុំ​មិន​ត្អូញត្អែរ សំខាន់​ឲ្យ​តែ​ការ​ស្រឡាញ់​មួយ​នេះ​ស្ថិតស្ថេរ​ និង មាន​នៅ​ក្នុង​ចិត្ត​គាត់​រហូត។

ខែ​ មេសា​ ដែល​ជា​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ ក៏​ឈាន​មក​ដល់​ តែ​មួយ​រយៈនេះ​គាត់​មិន​សូវ​ជា​បាន​ទាក់ទង​មក​ខ្ញុំ​ដូច​មុន​ទេ​ ហើយ​ពេល​ដែល​ខ្ញុំ​ទូរស័ព្ទ​ទៅ​គាត់​ក៏​គាត់​មិន​ទទួល​ដែរ​។ ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​នោះ​ទេ​ព្រោះ​ពួក​យើង​គ្មាន​រឿង​អី​ជាមួយ​គ្នា​នោះ​ទេ​ ប្រហែល​ជា​គាត់​អាច​រវល់​ជាមួយ​គ្រួសារ​ព្រោះ​ ១ ​ឆ្នាំ​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ជួបជុំ​គ្រួសារ​ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​មិន​បាន​គិត​អី​ច្រើន​ទៀត​ដែរ។

កន្លង​បាន​ប៉ុន្មាន​ថ្ងៃ​មក​ ចូល​ឆ្នាំ​ក៏​បាន​ចប់​ដែរ​តែ​គាត់​នៅ​តែ​មិន​បាន​ទាក់​ទង​មក​ខ្ញុំ​ដដែល​ ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​មាន​រឿង​អី​មែន​ ទឹក​ភ្នែក​ក៏​ចាប់​ផ្ដើម​ស្រក់​ ក្នុង​ដៃ​កាន់​ទូរស័ព្ទ​ជាប់​ព្រោះ​រង់​ចាំ​គាត់​ទាក់ទង​មក​ខ្ញុំ។

«ទីង!» ជា​សំឡេង​ chat ដែល​បាន​លោត​ចូល​ក្នុង​ទូរស័ព្ទ​ខ្ញុំ។

ឃើញ​ឈ្មោះ​គាត់​ ខ្ញុំ​អរ​សឹង​តែ​ចង់​បាក់​ក​ ព្រោះ​នឹក​ខ្លាំង​ណាស់​ បារម្ភ​ខ្លាំង​ណាស់។ ដៃ​ចាប់​ផ្ដើម​បើក​សារ​ដែល​គាត់​ chat​ មក​ខ្ញុំ​ទាំង​ញញឹម​មិន​ឈប់​។

« អូន! »

«ខែ​ក្រោយ​បង​ភ្ជាប់​ពាក្យ​ហើយ អូន​អាច​មក​ចូលរួម​បាន​អត់?» គ្រាន់​តែ​ឃើញ​ភ្លាម​បេះដូង​ខ្ញុំ​សឹង​តែ​ធ្លាក់​ចុះ​ដល់​ដី​ អួល​ដើម​ក​ មិន​ដឹង​ត្រូវ​និយាយ​បែប​ណា​ ក្នុង​ចិត្ត​ដូច​គេ​យក​កាំបិត​មក​បុក​ទ្រូង​អីចឹង។ ទឹកភ្នែក​ហូរ​ស្ទើរ​តែ​ខ្វាក់​ភ្នែក​ទៅ​ហើយ​ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​បាន​ជា​គាត់​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ទេ​? ខ្ញុំ​ខុស​អី​មែន​ទេ? បើ​គង់​តែ​បែប​នេះ​ ហេតុ​អី​ក៏​ចាប់​ផ្ដើម? ចុះ​ពាក្យ​ដែល​ថា​ចង់​រស់​នៅ​ជាមួយ​ខ្ញុំ មើល​ថែ​ខ្ញុំ​ទៅ​ណា​អស់​ហើយ? ដឹង​អត់​ថា​វា​ឈឺ​ចាប់​ខ្លាំង? អ្នក​បាន​បំផ្លាញ​ជីវិត​ខ្ញុំ​ម្ដង​ទៀត​ហើយ ហេតុ​អី? ហេតុ​អី​?

[…] តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​មិន​បាន​និយាយ​ ឬសួរ​នាំ​អ្វី​ទៀត​ឡើយ ព្រោះ​ទោះ​បី​ជា​ខ្ញុំ​ខំ​និយាយ​ ខំ​ឃាត់​យ៉ាង​ណា​ក៏​គ្មាន​ន័យ​ដែរ​ មនុស្ស​ដែល​ចង់​ទៅ​ហើយ​ទោះ​ខំ​ព្យាយាម​ឃាត់​គេ​ ក៏​គេ​នៅ​តែ​ទៅ។ គ្រប់​ពេល​ឲ្យ​តែ​ខ្ញុំ​នឹក​គេ​ខ្ញុំ​តែង​​មើល​ chat​ ចាស់​ៗ​ដែល​ពួក​យើង​លេង​ជាមួយ​គ្នា​ពី​មុន​ មើល​រួច​ទឹក​ភ្នែក​ក៏​ហូរ​ ចិត្ត​ក៏​ឈឺ​ ប៉ុន្តែ​មាន​តែ​វា​ទេ​ដែល​ជា​ការ​ចង​ចាំ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​ចាកចេញ​ពី​ស្រមោល​ដ៏​ខ្មៅ​ងងឹត​នេះ​ណាស់ តែ​វា​នៅ​តែ​លង​បន្លាច​ខ្ញុំ​គ្រប់​ពេល។​

សង្ឃឹម​ថា​គេ​នឹង​មាន​សេចក្ដី​ជា​អ្នក​ថ្មី​ដែល​គេ​នឹង​រៀប​ការ​​ ខ្ញុំ​គ្មាន​អ្វី​នោះ​ទេ​គឺ​មាន​តែ​ការ​ជូនពរ​នេះ​ គឺ​ជា​ការ​ជូនពរ​ពី​ចម្ងាយ​ដល់​មនុស្ស​ដែល​គេ​ធ្លាប់​ប្រាប់​ថា​ស្រឡាញ់​ខ្ញុំ​ និង​ចង់​រស់​នៅ​ជាមួយ​ខ្ញុំ៕​​​​​

ផ្ដល់​សាច់​រឿង​ដោយ៖ បង​ស្រី កញ្ញា​ ខេត្ត​កំពង់​ចាម​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម