រស់​ក្នុង​សង្គម​ឲ្យ​ថ្លៃថ្នូរ​ ស្ត្រី​គួរ​មាន​អាកប្បកិរិយា​ទាំង​នេះ

  • 2017-04-21 01:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​បច្ចុប្បន្ន​ ចំណេះ​ដឹង​ជា​រឿង​មួយ​ហើយ​ តែ​អាកប្បកិរិយា​ក៏​ជា​កត្តា​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​ស្ត្រី​ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ទាំង​៨សម្រាប់​ស្ត្រី​​​អនុវត្ត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្លៃថ្នូរ​ម្នាក់​ក្នុង​សង្គម៖

១. ទាន់​ពេល​វេលា៖ ​ត្រូវ​គោរព​ពេល​វេលា​ជានិច្ច​មិនថា​​ការងារ​​ ណាត់​សង្សារ​ ឬ​ជួប​មិត្ត​ភក្ដិ​នោះ​ទេ​។ បើ​យើង​​ទាន់​ពេល​ យើង​នឹង​ទទួល​បាន​ការ​គោរព​ពី​អ្នក​ជុំវិញ។​

២. សំលៀកបំពាក់​សមរម្យ៖ មិនមែន​​ស្លៀក​តាម​ស្ទីល​ផ្ទាល់​ខ្លួន​យើង​ទេ​ តែ​​ត្រូវ​តម្រូវ​តាម​កម្មវិធី​ដែល​យើង​ចូលរួម។

៣. ទម្លាប់​សួរ​​ជា​មុន៖ ជា​ពិសេស​នៅ​កន្លែង​ធ្វើ​ការ។ ឧទាហរណ៍​៖ ​មិន​គួរ​ញ៉ាំ​អ្វី​ដែល​យើង​ឃើញ​ដោយ​មិន​បាន​សួរ​គេ​នោះ​ទេ​ព្រោះ​អ្នក​រួម​ការងារ​អាច​ទុក​សម្រាប់​ធ្វើ​អ្វី​មួយ។

៤. ការ​​អញ្ជើញ៖ បើ​ហៅ​គេ​មក​ ត្រូវ​បំពេញ​នាទី​ជា​​ម្ចាស់​ផ្ទះ​ឲ្យ​អស់​ពី​ចិត្ត​ទោះ​ជាមួយ​​មិត្ត​​ស្និទ្ធស្នាល​​​ក៏​ដោយ។ បើ​គេ​អញ្ជើញ​ជា​ភ្ញៀវ​វិញ ត្រូវ​ថ្លែង​អំណរគុណ ជូន​អំណោយ​ និង​ជួយ​ម្ចាស់​ផ្ទះ​​​ ហើយ​មិន​ត្រូវ​រអ៊ូ​ពី​នេះ​ពី​នោះ​ទេ។

៥. ប្រើ​ទូរស័ព្ទ៖ កុំ​ចុច​ទូរស័ព្ទ​ពេល​កំពុង​សន្ទនា​ (បើ​ចាំបាច់​ គួរ​សុំ​ទោស​គេ​ហើយ​ដើរ​ទៅ​ជ្រុង​ម្ខាង), ជៀស​វាង​និយាយ​ទូរស័ព្ទ​ពេល​កំពុង​មាន​មនុស្ស​ច្រើន (បើ​ចាំ​បាច់​ គួរ​និយាយ​តិច​ៗ​), កុំ​លើក​ទូរស័ព្ទ​ចុច​ពេល​កំពុង​មើល​កុន​ និង​ត្រូវ​បិទ​សំឡេង​ទូរស័ព្ទ​ផង (ទាំង​ក្នុងថ្នាក់​រៀន​ បណ្ណាល័យ​ ឬ​នៅ​ជាមួយ​សង្សារ​​ជា​ដើម)។​

៦. បណ្ដាញ​សង្គម៖ កុំ​បង្ហាញ​កំហឹង​​ ឬ ពាក្យ​ជេរប្រមាថ​តាម​ហ្វេសប៊ុក​ (ព្រោះ​គ្មាន​នរណា​ចង់​ឃើញ​ទេ), កុំ​ចូល​ទៅ​បញ្ចេញ​យោបល់​ (Comment)​ មិន​សមរម្យ​ព្រោះ​វា​ធ្វើ​ឲ្យ​តម្លៃ​យើង​ធ្លាក់​ចុះ និង​​កុំ​ចែក​ចាយ​ (Share) អ្វី​ដែល​គ្មាន​ប្រយោជន៍។​

៧. កុំ​សុំ​សង្សារ​បែក​គ្នា​តាម​រយៈ​ការ​ផ្ញើ​សារ៖ ទោះ​លំបាក​ប៉ុណ្ណា ត្រូវ​តែ​និយាយ​គ្នា​ផ្ទាល់​​ហើយ​មិន​ត្រូវ​ទៅ​ឈ្លោះ​គ្នា​នៅ​ទី​សាធារណៈ​ដាច់​ខាត។​

៨. ពេល​ទៅ​ដើរ​កម្សាន្ត៖ គួរ​​គោរព​ប្រជា​ជន​ក្នុង​ស្រុក និង​ត្រូវ​ប្រមូល​សំរាម​មក​វិញ​​ជានិច្ច៕ ​​​

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម