ដឹង​អត់ រក្សា​ទុក​ឱសថ​នៅ​ផ្ទះ​ដោយ​របៀប​ណា ទើប​មិន​មាន​គ្រោះថ្នាក់​ដល់សុខភាព?

  • 2017-03-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពលរដ្ឋខ្មែរ ជា​ពិសេស​ស្រ្តី​មេផ្ទះ​តែង​មាន​ទម្លាប់​ទិញ​ថ្នាំ​ពេទ្យ​មួយ​ចំនួន ទុក​នៅ​ផ្ទះ​សម្រាប់​បង្ការ​ក្រែង​លោ​មាន​ជំងឺ​ដង្កាត់​នៅ​ពេល​យប់​ព្រលប់​ដោយ​ចៃដន្យ។​ជា​ទូទៅ​ប្រភេទ​ថ្នាំ​ទាំង​នោះ​ទិញ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជ​បញ្ជា​ទេ ដូចជា ស៊ីរ៉ូក្អក​កូន​ក្មេង ថ្នាំ​បញ្ចុះ​កម្តៅ ថ្នាំប្រឆាំង​អាលែហ្សី ដែល​អាច​រក្សា​ទុក​នៅ​តាម​ផ្ទះ​បាន​ជា​ច្រើន​ឆ្នាំ។

នេះ​ជា​គឺ​ទម្លាប់​ល្អ​មួយ តែ​ទោះ​ជា​យ៉ា​ងណា​តើ​ប្រិយមិត្តដឹង​ទេ​ថា គ្រប់ប្រភេទ​​ថ្នាំ​ទាំង​អស់​គឺ សុទ្ធ​តែ​មាន​កាល​បរិច្ឆេទ​ប្រើប្រាស់​ជាក់​លាក់ និង​មាន​គោលការណ៍​ណែនាំ​​អំពី​ការ​រក្សា​ទុក​ថ្នាំទាំង​នោះ។ ទំព័រ​សុខភាព Kanha ថ្ងៃនេះ​នឹង​បង្ហាញ​ពី​របៀប​ទុកដាក់​ថ្នាំ​ឲ្យ​មាន​​សុវត្ថិភាព ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្តី Healthwise Digest ពី DKSH ។

របៀបរបប និង​កន្លែង​ដែល​ល្អ​សម្រាប់​រក្សា​ទុក​ថ្នាំ៖

១. រៀបចំឲ្យមានរបៀបរៀបរយ

២. ធ្វើបញ្ជីសារពើភ័ណ្ឌ និងចាត់ចែងតាមប្រភេទថ្នាំដែលអ្នកមាន ដោយធ្វើវាយ៉ាងហោចណាស់រៀងរាល់ ៣ទៅ ៦ខែម្តង

៣. រក្សាថ្នាំវីតាមីន និងថ្នាំទូទៅនៅក្នុងកន្លែងដែលត្រជាក់ ស្ងួត ដូចជា ក្នុងថតទូ និងទូចាន

**៤.**រក្សាឲ្យនៅឆ្ងាយពីការប៉ះពាល់ផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យ កម្តៅ ឬចំហាយ

៥. រក្សា​តែ​ថ្នាំណា​ដែល​បាន ណែនាំ​ឲ្យ​ទុក​ក្នុង​ទូទឹកកក​តែ​ប៉ុណ្ណោះ​ដោយសារក្នុង​ទូទឹកកក​អាច​មាន​សំណើម

៦. បោះចោលថ្នាំមួយចំនួនដែលសល់ពីការព្យាបាលតាមវេជ្ជបញ្ជា

អាយុកាលរបស់ថ្នាំ និងការប្រើប្រាស់៖

១. ពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៅមុនពេលប្រើថ្នាំ

២. បោះចោលថ្នាំដែលផុតកំណត់ និងថ្នាំដែលគ្រូពេទ្យបានណែនាំឱ្យឈប់ប្រើ

៣. កុំលាយថ្នាំផ្សេងគ្នានៅក្នុងដបតែមួយ

៤. ថ្នាំដែលបានប្តូរពណ៌ មានស្នាមអុជៗ បែកជាបំណែក និងមានក្លិនប្លែកខុសពីធម្មតា អ្នកគួរ​តែ​បោះ ចោល មិនថា​វា​មិនទាន់​ផុត​​កំណត់​​ការប្រើប្រាស់​ក៏​ដោយ ជា​ពិសេស​ប្រសិន​បើថ្នាំទាំងនោះ​បាន​បើកកញ្ចប់​​រួច​ទៅ​ហើយ។

**៥.**ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្អាត​កន្លែង​ដាក់​ថ្នាំរៀង​រាល់ ៣ ខែម្តង

សុវត្ថិភាពចំពោះកុមារ៖

ដើម្បីសុវត្ថិភាពចំពោះកុមារ សូមមាតាបិតាអនុវត្តតាមការណែនាំខាងក្រោមនេះ៖

-សូមរក្សាថ្នាំឲ្យនៅខ្ពស់ និងផុតពីដៃក្មេង

-សូមប្រាកដថាថតដាក់ថ្នាំត្រូវបានចាក់សោជានិច្ច

-កុំទុកថ្នាំនៅលើតុចោលបន្ទាប់ពីការប្រើប្រាស់រួច

-ប្រាប់កូនរបស់អ្នកថា តើ​ថ្នាំ​ជា​អ្វី? ពន្យល់​ពួកគេ​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​ដែល​មិន​អនុញ្ញាត​ឱ្យ​លេប​ដោយ​ខ្លួន​ឯង។

សូម​ចាំថា ​ការ​រក្សា​ទុក​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​រឿង​ដ៏​ល្អ​បំផុត​ ដើម្បី​ការពារ​មិន​ឲ្យ​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ដោយ​អចេតនា និង​អាច​ជួយ​បញ្ឈប់​ការ​ប្រើប្រាស់​លើស​កម្រិត​ផង​ដែរ៕

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម