យុវតី​វ័យ​ក្មេង​ចែក​បទ​ពិសោធន៍​ប្រលង IELTS បាន​ពិន្ទុ​ខ្ពស់

  • 2017-03-21 03:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានអាយុត្រឹម ២៣ឆ្នាំ សុខចេង មាន​បទ​ពិសោធន៍ការងារជាច្រើន រួមមាន ជាអ្នកបកប្រែ អត្ថបទផង បកប្រដេញពាក្យ ភាសាអង់គ្លេសផង ជាគ្រូបង្រៀនអង់គ្លេស​ក្រៅម៉ោង នៅសាលាអន្តរជាតិ (Standford American School) ជាអតីត​អ្នក​បកប្រែ​ វិគីភីឌា​ភាសាខ្មែរ​ (Khmer Wikipedia) និងមុខងារជាច្រើនទៀត​ទាក់ទង​នឹង​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាង​ល្អ​ប្រសើរ​។

មាន​ស្រុក​កំណើត​ នៅខេត្ត​ព្រះសីហនុ​ បច្ចុប្បន្ន​ សុខ​ចេង​ ជានិស្សិតរៀន​២សាកល​វិទ្យាល័យ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកម្ពុជា។ កម្រិត​ភាសា​អង់គ្លេស​របស់​ សុខ​ចេង​ ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​ ស្មើ​នឹង​​ ៨ ពិន្ទុ​ នៅក្នុង​តេស្ត​ IELTS​។ ថ្ងៃ​នេះ​កញ្ញា​ សុំធ្វើការសំភាសន៍​សុខចេង ពីបទពិសោធន៍ការសិក្សា និងការប្រឡងធ្វើតេស្ត IELTS។

សួស្តី សុខចេង! តើ​អាច​ប្រាប់​បន្តិច​បាន​ទេ IELTS ហ្នឹង​ជា​អ្វី?

IELTS គឺ​មក​ពី​ពាក្យ​ពេញ​ថា International English Language Test System។ វាគឺជា ការ​ប្រឡង​ធ្វើ​តេស្ត​លើ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​យើង​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ។

សង្ខេប​បាន​ខ្លី​មែន ! ចុះ ហេតុអ្វី​បាន​ជា សុខចេង ដាក់​ពាក្យ​ប្រលង IELTS?

ខ្ញុំបាន​ដាក់​ពាក្យ​ប្រឡង​ IELTS​ កាល​ពីឆ្នាំ​២០១៥​ ដោយសារ​ ខ្ញុំ​ចង់​ដឹង​ថា តើកម្រិត​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ល្អ​ប៉ុន​ណា​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ?​ កាលនោះ ខ្ញុំមាន​បំណង​ចុះឈ្មោះ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា​ទៅក្រៅ​ប្រទេស​ ដែល​ភាគ​ច្រើន​គេត្រូវ​ការ​ឲ្យ​យើង​មាន​ការ​បញ្ជាក់​ពីភាសា​អង់គ្លេស​របស់​យើង​តាមរ​យៈ​ IELTS ឬ TOEFL។ កាល​នោះ ខ្ញុំទទួល​បាន​ពិន្ទុ​ ៨​ នៅ​ក្នុង​តេស្ត​ IELTS​ ដែល​អាច​ចាត់​ទុក​ថា ជា​មោទន​ភាពមួយ​របស់​ក្មេង​មក​ពីខេត្ត​ព្រះសី​ហនុ​ ដូច​ជា​ ខ្ញុំដែរ។

សុខចេង មាន​អ្វី​ចង់​ចែក​រំលែក​ខ្លះ​ទេ ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​អង់គ្លេស?

ខ្ញុំចាប់​ផ្តើម​រៀន​ភាសា​អង់គ្លេស​ តាំង​ពីអាយុ ៩​ ឆ្នាំ​ តែ​ដោយ​ជីវភាព​ខ្វះខាត​ និង​រវល់​រៀន​ខ្មែរផង​ចិន​ផង ខ្ញុំបាន​រៀនអង់​គ្លេស​ត្រឹម​សាលា​ដែល​ថោកៗ​ប៉ុណ្ណោះ។ ខ្ញុំ​ចាំពាក្យ​ម៉ាក់​ធ្លាប់​ប្រាប់​ថា សាលាល្អ​មិន​សូវ​សំខាន់​ទេ សំខាន់​គឺ យើង​ខំ​រៀន​។ ការ​ទទួល​បាន​ពិន្ទុ​ ៨​ លើ ៩​ ​នេះ ក៏​បង្ហាញ​ថា ពាក្យម៉ាក់​ប្រាប់​ត្រឹម​ត្រូវ​ណាស់។ អ្នក​មិន​ចាំបាច់រៀន​នៅសាលា​ល្អៗ​ ថ្លៃៗ​ ដើម្បី​ទទួល​បាន​ចំណេះខ្ពស់​នោះទេ សំខាន់​គឺ យើង​ខំស្វះ​ស្វែង​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ទើប​ចាំបាច់​បំផុត។​

ចុះ​ធ្វើ​យ៉ាង​ណា ទើប​អាច​ប្រលង IELTS បាន​ពិន្ទុ​ខ្ពស់?

ដើម្បី​​បាន​ពិន្ទុ​ខ្ពស់​ក្នុង​ការ​ប្រលង​ IELTS អ្នក​មិន​ត្រឹមតែប្រើប្រាស់​ភាសា​អង់គ្លេស​ប៉ុណ្ណោះទេ​ អ្នក​ក៏​ត្រូវ​តែ​ចេះ​ចំណេះដឹង​ទូទៅ​ច្រើន​ផង​ដែរ។ ប្រលង​ IELTS​ មាន​ ៤​ ដំណាក់​កាល​គឺ ការ​ស្តាប់​ ការ​អាន ការ​សរសេរ​ និង​ការ​និយាយ។​ សម្រាប់​ការ​ស្តាប់​ និង​ការអាន​ យើង​គ្រាន់​តែ​ត្រូវ​ស្តាប់​ និង​អាន​អ្វី​ដែល​គេ​ឲ្យ​ប៉ុណ្ណោះ។​ តែសម្រាប់​ការ​សរសេរ​ និង​ការ​និយាយ​ បេក្ខជន​ប្រលង​ ត្រូវ​សរសេរ និង​និយាយ​អំពី​ប្រធានបទ​ដែល​គេ​កំណត់​ឲ្យ​សរសេរ​ រួមមាន​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ ចិត្ត​វិទ្យា​ ប្រវត្តិសាស្ត្រ​ សង្គម​វិទ្យា វិទ្យា​សាស្ត្រ​ ។ល។

ដូច្នេះ​ ប្រសិន​បើអ្នកមិន​យល់​មិន​ធ្លាប់​ដឹង​អ្វី​សោះពី ប្រធានបទ​ទាំង​នេះ អ្នក​នឹង​មិន​អាច​សរសេរ​បាន និង​មិនអាច​ទទួល​បាន​ពិន្ទុ​ល្អ​ឡើយ។ ប្រសិន​បើអ្នក​ចង់​ទទួល​បាន​ពិន្ទុ​ល្អ អ្នក​គួរ​ប្រឹង​អាន ស្តាប់ ​និង​ស្រាវ​ជ្រាវ​ប្រធាន​បទ​ផ្សេងៗ​ និង​ត្រូវ​ចាំ​ពាក្យ​ ឬឃ្លា​បច្ចេក​ទេស​ផ្សេងៗ​។ មុន​ពេល​ប្រលង​ អ្នកគួរ​សាកល្បង​រៀន និង​ធ្វើ​តេស្ត​ IELTS​ តាម​រយៈអ៊ីន​ធើណែត ឬរៀន​បម្រុង​ក្នុង​សាលា​មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​សុំា​នឹង​របៀប​ប្រឡង​ IELTS​ ពិតប្រាកដ។

សុខចេង ធ្លាប់​អនុវត្ត​តាម​វិធី​នេះ​ទាំង​ស្រុង ឬ​ទើប​អាច​ប្រលង​បាន​ពិន្ទុ​ខ្ពស់​ចឹង?

មុនពេល​ប្រឡង​ ខ្ញុំធ្លាប់​បានស្រាវជ្រាវ ​អាន និង​គិត​ទាក់ទង​នឹងប្រធានបទ​ជាច្រើន​។ ដូច្នេះ​ មុន​ប្រលង​ ខ្ញុំត្រូវ​ការ​ពេល​ប៉ុន្មាន​ខែប៉ុណ្ណោះ ដើម្បីត្រៀម​ខ្លួន​ឲ្យ​សុំា ជាមួយ​នឹងការធ្វើតេស្ត។ កាលនោះ​ខ្ញុំ​ប្រឈម​តែមួយ​ទេ គឺ ការ​គ្រប់គ្រង​ពេលវេលា​ខ្លួនឯង ដើម្បី​ធ្វើការ​ហ្វឹកហាត់។​ សំណាង​ល្អ​ដែល​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឯង ឲ្យ​ធ្វើការ​ហ្វឹក​ហាត់​បាន​ច្រើន។

សុខ​ចេង ប្រាប់​ថា ប្រលង IELTS ដើម្បី​ចង់​បាន​អាហារូបករណ៍ និង​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។ ២​ឆ្នាំ​មក​នេះបាន​ទៅ​ប៉ុន្មាន​ប្រទេស​ហើយ?

ខ្ញុំបាន​ជាប់​អាហារូបករណ៍​ ទៅ​ចូលរួម​ការ​ផ្លាស់​ប្តូរ​ការ​សិក្សា​ចំនួន​ពីរ​ កាល​ពីរ​ឆ្នាំ​មុន​នេះ ហើយ​បាន​ទៅ​ប្រទេស​វៀតណាម ​ថៃ និង​ឡាវ៕

អត្ថបទៈ ឆដាភា