រឿង ៩ យ៉ាងស្រ្តី​​ត្រូវ​ដឹង ព្រោះ​​គ្មានអ្នក​​ប្រាប់​​យើងពី​ការ​រៀបចំ​ខ្លួន ​ធ្វើជា​ម្ដាយ​​ដ៏​ល្អ​

  • 2017-03-17 07:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ នេះ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់ ព្រោះ​គ្មាន​នរណា​គេ​ប្រាប់​យើង​ឡើយ មាន​តែ​ស្វែង​យល់​ដោយ​ខ្លួន​ឯង។ រឿង​ទាំងនោះ​មាន៖

១.មិន​ដូច​ការ​រំពឹង​ទុក

ស្ត្រី​មួយ​ចំនួន​ហ៊ាន​លះបង់​សព្វ​បែប​គ្រប់យ៉ាង ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​គេ​​ពេល​ការ​រួច។ តែ​ជាក់ស្ដែង​ការ​មាន​ផ្ទៃពោះ​មិន​មែន​ចេះ​មាន​នោះ​ទេ ទាមទារ​ឲ្យ​យើង​ត្រូវ​តេស្ដ​សុខភាព​ជាច្រើន​ដង និង​ថែ​បំប៉ន​រាងកាយ​ឲ្យ​មាំមួន​ទើប​ជា​ការ​ប្រសើរ។

២.មាន​អារម្មណ៍​ថា​ខ្លួន​ឯង​​មិន​ដូច​ម្ដាយ​ក្នុង​កុន

ក្នុង​ទូរទស្សន៍​យើង​តែង​ឃើញ​អ្នក​មាន​ផ្ទៃពោះ​នៅ​តែ​មាន​រូបរាង​ស្លីម​ដដែល តែ​យើង​វិញ​បែរ​ជា​ឡើង​ទម្ងន់​មិន​ឈប់។ នេះ​ជា​រឿង​ពិត តែ​ម្ដាយ​នៅ​ក្នុង​រឿង​នោះ​វិញ​ទេ ទើប​មិន​ពិត ព្រោះ​ស្ត្រី​មាន​ទម្ងន់​តែង​ឡើង​គីឡូ​ជា​ទាំងអស់​គ្នា។

៣.ឈឺ​ចុក​ពេញ​ខ្លួន

ពេល​មាន​ផ្ទៃពោះ អ្នក​ម្ដាយ​គ្រប់​រូប​នឹង​មាន​អាការៈ​ចុក​​រោយ​ខ្នង ចង្កេះ, គេង​មិន​លក់ ហើយ​ខ្លះ​ទៀត​មាន​អាការៈ​ហើម​ដៃ​ដើម​ជើង​ក៏​មាន។

៤.បង្កើត​កូន​មិន​មែន​ងាយស្រួល​ដូច​ក្នុង​រឿង

ឈុត​ឆាក​ក្នុង​ខ្សែ​ភាពយន្ត​ពេល​ស្ត្រី​ឈឺពោះ គ្រាន់តែ​ចូល​បន្ទប់​សម្រាល​បន្តិច ក្រោយ​មក​ក៏​ឮ​សំឡេង​ក្មេង​យំ។ តែ​ធាតុ​ពិត​ការ​​ឈឺពោះ​ឆ្លង​ទន្លេ​មិន​មែន​មួយ​ម៉ោង​ឡើយ អាច​ឈាន​ដល់​ពីរ​ថ្ងៃ​ក៏​មាន ហើយ​ទម្រាំ​តែ​កូន​កើត​មក​ម្ដាយ​ដង្ហើម​ដក​សឹង​មិន​ដល់​គ្នា។

៥.អារម្មណ៍​ក្ដុកក្ដួល​ពេល​បី​កូន​ដំបូង

ក្រោយ​ពេល​ផ្ដល់​កំណើត​ដល់​កូន​រួច គ្រូពេទ្យ​នឹង​នាំ​ទារក​មក​ឲ្យ​យើង​បំបៅ ពេល​នោះ​ម្ដាយ​គ្រប់​រូប​នឹង​មាន​អារម្មណ៍​ក្ដុកក្ដួល​ហូរ​ទឹកភ្នែក ព្រោះ​អាច​ឲ្យ​កូន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ជោគជ័យ។ ហើយ​ពេល​ម្ដាយ​បី​កូន​ដំបូង​រឿង​ត្រូវ​ធ្វើ គឺ​ពិនិត្យ​រូបរាង​កាយ​កូន ព្រោះ​ខ្លាច​មាន​អ្វី​មិន​ប្រក្រតី។

៦.កូន​ចាប់ផ្ដើម​លូតលាស់

ទារក​ចាប់តាំង​ពី​កើត​ភ្លាម រូបរាង​កាយ​គេ​ក៏​លូតលាស់ និង​ប្រែប្រួល​មិន​មិនឈប់ឈរ​ដែរ។ ដូចនេះ​ហើយ​កូន​ខ្លះ​អាច​មិន​ស្រស់​ស្អាត ឬ​គួរ​ឲ្យ​ស្រលាញ់​ដូច​ពេល​កើត​ភ្លាម​ក៏​មាន​ដែរ។

៧.ខ្លាច​កូន​យំ

ម្ដាយ​ដែល​ទើប​មាន​កូន​ដំបូង​តែង​មាន​អារម្មណ៍​បែប​នេះ​គ្រប់​គ្នា ដោយ​ខ្លាច​កូន​ឈឺ ហើយ​អ្នក​ខ្លះ​ពេល​កូន​យំ យំ​តាម​កូន​ក៏​មាន ជាពិសេស​ខ្លាច​សូម្បី​តែ​ងូតទឹក​ឲ្យ​កូន។

៨.មិន​បាន​គេង​ពេញ​ភ្នែក​រយៈពេល​យូរ

អំឡុង​ពេល​មាន​ផ្ទៃពោះ​យើង​មិន​សូវ​បាន​គេង​ច្រើន​ម្ដង​ហើយ។ ពេល​សម្រាល​កូន​រួច​យើង​នៅតែ​មិន​បាន​គេង​ពេញ​ភ្នែក​យ៉ាងហោចណាស់​ក៏​ជិត​មួយ​ឆ្នាំ​បន្ថែម​ទៀត​ដែរ។

៩.អ្វី​ៗ​ប្រែ​ជា​មាន​តម្លៃ

ពេល​កូន​​កើត​មក​នោះ​ហើយ ទើប​យើង​ដឹង​ថា​ពិភពលោក​ពិតជា​មាន​តម្លៃ​ប៉ុណ្ណា។ ប្រែ​ជា​យល់​ដឹង​ពី​តម្លៃ​នៃ​ទឹក​ចិត្ត​ម្ដាយ​ដែល​គិតគូរ​ពី​កូន​គ្រប់​ពេល ហើយ​ធ្វើ​អ្វី​ៗ​គឺ​ដើម្បី​កូន​ទាំងអស់៕

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម