ជឿ​អត់​បើ​ស្រីៗ​ប្រាប់​ថា​ដើរ​ផ្សារ​ម៉ា​ភ្លែត?

  • 2017-02-17 07:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើរផ្សារ​ជា​ចំណូល​ចិត្ត​របស់​ស្រ្តីៗ ឲ្យ​ស្រីៗ​ដើរ​ផ្សារ​មិន​ចេះ​ហត់ មិន​ចេះ​ធុញ ថែម​ទាំង​សប្បាយ​ភ្លេច​ខ្លួន ហើយ​ចូល​ចិត្ត​និយាយ​ថា ដើរ​ផ្សារ​ម៉ា​ភ្លែត​ទេ។ ជឿ​អត់? តោះ​អាន​បន្តិច​មើល ម៉េច​បាន​ស្រីៗ​ឲ្យ​តែ​បាន​ដើរ​ផ្សារ​ស៊ីម៉ោង​យូរ​អត់​ដឹង​ខ្លួន?

កញ្ញា​បាន​សួរ​ស្រីៗ​គ្រប់វ័យ​ប្រមាណ ១០នាក់ ទាក់​ទង​នឹង​ចំណូល​ចិត្ត​ដើរ​ផ្សារ​នេះ ក្នុង​នោះ​៧​នាក់​បាន​ឲ្យ​ដឹង​ថា ដើរ​ផ្សារ​ពិត​ជា​ជក់​ចិត្ត ពេល​ខ្លះ​ថា​ដើរ​តែ​មួយ​ភ្លែត​ទេ តែ​ដល់​ពេល​ទៅ​ដល់​ឃើញ​ខោ​អាវ​ស្អាតៗ ឬ​មាន​លក់​របស់​ប្លែកៗ ក៏​លង់​ខ្លួន​ទៅ។

ឯ​៣​នាក់​ទៀត​ប្រាប់​ថា ឲ្យ​ដើរ​លឿន​ម៉េច​ឃើញ​របស់​ល្អ​ហើយ ត្រូវ​នៅ​ពិនិត្យ​មើល​ឲ្យ​ហ្មត់​ចត់ ទិញ​ប្រញាប់ៗ​ខ្លាច​ទិញ​ខុស បើ​ខោ​អាវ​វិញ​ត្រូវ​ចំណាយ​ពេល ល រើស​ពណ៌ ហើយ​ពេល​ខ្លះ​ត្រូវ​ចាំ​អ្នក​ទិញ​ផ្សេង​ទៀត​ដើរ​ចេញ​អស់​ស្រួល​ត​ថ្លៃ។

ចំណែក​យុវតី រក្សា និយាយ​ថា បើ​នាង​វិញ​ដឹង​ថា​ខ្លួន​ឯង​ដើរ​យូរ​ហើយ ចឹង​មិន​ឲ្យ​អ្នក​ណា​ចាំ​ ឬ​ប្រាប់​គេ​ថា​មួយ​ភ្លែត​ទេ តែ​បើ​មាន​ពេល​តិច សុំ​មិន​ដើរ​ផ្សារ​ទេ ព្រោះ​មើល​អី​ក៏​មិន​ទាន់​ដែរ នាំ​ខូច​អារម្មណ៍ ។ ជាមួយ​គ្នា​នេះ នារី​ម្នាក់​ទៀត​ក្នុង​ចំណោម​នោះ និយាយ​ដោយ​សំណើច​តិចៗ​ថា ស្រីៗ​បាន​ដើរ​ផ្សារ ដូច​គេ​ប្រលែង​ចេញ​ពី​ទ្រុង​ចឹង មើល​អី​ក៏​មិន​ឆ្អែត​ដែរ ជា​ពិសេស​ពេល​ទៅ​ដើរ​ផ្សារ​នៅ​ក្រៅ​ស្រុក ដើរ​ដាច់​ជើង​ចោល ទិញ​យួរ​ដាច់​ដៃ​ចោល។

ស្ត្រី​ចំណាស់​បន្តិច ឈ្មោះ សុឡាង ប្រាប់​ថា ពេល​គាត់​មាន​បេសកកម្ម​ការងារ​នៅ​ក្រៅ​ប្រទេស ដើរ​ផ្សារ​គឺ​ជា​ទីន្លែង​ដែល​គាត់​ប្រាថ្នា ដើរ​មើល ដើរ​ទិញ​ទល់​តែ​ផ្សារ​បិទ​ទើប​ឈប់​ដើរ ព្រោះ​កម្រ​មាន​ឱកាស។

អាន​ហើយ​ឃើញ​ថា ស្រីៗ​កម្រ​ដើរ​ផ្សារ​លឿន​ណាស់ ចុះ​ប្រិយមិត្ត​វិញ​ដើរ​ផ្សារ​យូរ​ទេ​ម្តងៗ?    

អត្ថបទៈ ជូ ជូ

អត្ថបទពេញនិយម