វិធីស្ងោរម្រះឲ្យមានរសជាតិឆ្ងាញ់មិនសូវល្វីង

  • 2017-02-15 09:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ល្វីង​គឺ​​ជា​អត្តសញ្ញាណ​ពិសេស​របស់​បន្លែ​ម្រះ ដែល​​រសជាតិ​ល្វីង​​របស់​​វា​​មាន​​ប្រយោជន៍​​ច្រើន​បំផុត​​សម្រាប់​​សុខភាព ដូច​ជា​ជួយ​សម្រួល​ការ​រំលាយ​អាហារ​ជា​ដើម។ ប៉ុន្តែ​ប្រិយមិត្ត​ជា​ច្រើន​​​​ប្រហែល​​មិន​ចូល​​ចិត្ត ឬ​​សុខចិត្ត​​ចៀស​​បន្លែ​​ដ៏​​មាន​​សារប្រយោជន៍​​មួយ​​នេះ​​ដោយសារ​​តែ​ទ្រាំ​​មិន​​បាន​​នឹង​ជាតិ​ល្វីង​នេះ។

អីចឹងថ្ងៃនេះយើងមកស្វែងយល់ពីវិធីកាត់បន្ថយរសជាតិល្វីងរបស់ម្រះ ដើម្បី​ឲ្យ​ងាយ​ទទួល​ទាន​​ទាំង​អស់​​គ្នា។ ប្រិយមិត្ត​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា​គ្រាន់​តែ​រំងាស់​ឲ្យ​យូរៗ ក៏​អាច​កាត់​បន្ថយ​​រសជាតិ​​ល្វីង​​បាន​​ហើយ ក៏​ប៉ុន្តែ​ការ​ពិត​គឺ​មាន​វិធី​ងាយ​ជាង​នេះ​ទៅ​ទៀត។

ជំហានក្នុងកាត់បន្ថយរសជាតិល្វីងក្នុងផ្លែម្រះ៖

១. រើសម្រះណាដែលមានពណ៌ស្រាលៗ ប្រសិនបើម្រះណាមានពណ៌បៃតងចាស់ ឬរាង​ក្រហម​ព្រឿងៗតាមក្រឡាខាងក្នុង មានន័យថាម្រះនោះមាន​រសជាតិ​ល្វីង​ខ្លាំង។

២. រើសម្រះដែលមានពណ៌ស្រាលបានហើយ ក៏យកចិត ឬហាន់តម្រូវតាមមុខម្ហូប។

៣. យកម្រះទៅក្រឡុកជាមួយអំបិល ដោយប្រើអំបិលប្រមាណ ៣ទៅ៤ស្លាបព្រាកាហ្វេ សម្រាប់​ម្រះ​មួយ​ផ្លែ ដោយ​អំបិល​មាន​នាទី​ជម្រះ​ជាតិ​ល្វីង​របស់​ម្រះ​ឲ្យ​ចេញ​មក។ ប្រឡាក់​អំបិល​​ទុក​ចោល​៣០នាទី សឹម​យក​ទៅ​លាង​ទឹក​ស្អាត។

៤. ចន្លោះពេលនេះ អាចដាំទឹកឲ្យពុះ ពេលទឹកពុះហើយ បន្ថយ​ភ្លើង​ឲ្យ​នៅ​ខ្សោយ​បន្តិច។

៥. ដាក់ម្រះដែលលាងទឹកស្អាតរួចហើយស្ងោរ ដោយមិនចាំបាច់បិទគម្របឆ្នាំង ដើម្បី​ក្លិន​ខ្លាំងៗ​របស់​ម្រះភាយចេញមកក្រៅ។

៦. ស្ងោរម្រះឲ្យឆ្អិន ដោយមើលតាមពណ៌របស់វា គឺ​ស្ងោរ​រហូត​ឲ្យ​ឡើង​ពណ៌​ត្នោត​តិចៗ។

៧. ការស្ងោរតែមួយដង អាចឲ្យម្រះនៅជាតិល្វីងខ្លះៗ ប៉ុន្តែល្មមនឹងទទួលទានបាន ប៉ុន្តែបើចង់ឲ្យបាត់ជាតិល្វីងជាងនេះទៀត អាចស្ងោរពីរដង ដោយប្ដូរទឹកថ្មី និង​ស្ងោរ​ម្ដង​ទៀត។

តែ​ប៉ុណ្ណេះ​អាច​ទទួល​បាន​ម្រះ​ដែល​មាន​ជាតិ​ល្វីង​តិច​សម្រាប់​ធ្វើ​ម្ហូប​ទទួល​ទាន​បាន​យ៉ាង​ពេញ​​ចិត្ត។ ជាតិ​ល្វីង​របស់ម្រះ ក្រៅ​ពី​ជួយ​សម្រួល​ការ​រំលាយ​អាហារ​ហើយ ក៏​អាច​ជួយ​បន្ថែម​ការ​ចង់​ញ៉ាំ​អាហារ​បាន​ថែម​ទៀត​ផង ដូច្នេះ​គួរ​បង្រៀន​ឲ្យ​ក្មេងៗ​ញ៉ាំ​បន្លែ​នេះ ដើម្បី​ជួយ​ឲ្យ​​ពួក​គេ​មិន​ធុំ​អាហារ និង​ជា​ការ​ទម្លាប់​ឲ្យ​ពួក​គេ​ញ៉ាំ​បន្លែ​បាន​ច្រើន​ប្រភេទ​ផង ៕

ប្រភព៖ food.mthai

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម