មនុស្ស​ប្រុស​អត់​សូវ​ចេះ​មាត់​ក ពេល​មាន​សង្សារ​មហា​កូរ ធុញនាង​អត់?

  • 2017-02-13 04:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មនុស្ស​ប្រុស​ដែល​អត់​សូវ​ចេះ​និយាយ​ស្ដី​ច្រើន ដល់​ពេល​ទៅ​មាន​សង្សារ​បែរ​ជា​មនុស្ស​និយាយ​ច្រើន ឡិកឡក់, មាន​អារម្មណ៍​ធុញ​នឹង​នាង​អត់? តោះ​ទៅ​ស្ដាប់​បុរស​ៗ​ដែល​មិន​សូវ​ចេះ​មាត់​ក តែ​សង្សារ​វិញ​មហា​កូរ៖

រូបតំណាង គង់ ចាន់ស្រីមុំ និងស្វាមី

**ច័ន្ទដារ៉ា**៖ «ពេល​ខ្លះ​ធុញ​នឹង​នាង​ដែរ​នឹង តែ​ក៏​មិន​និយាយ​អ្វី​ដែរ មានតែ​នៅ​ស្ងៀម​ៗ ដល់​យើង​អត់​មាត់​ទៅ នាង​ដឹង​ខ្លួន​ឯង​ហើយ។ តែ​សង្សារ​ខ្ញុំ​ដឹង​ខ្លួន​ថា​ខ្ញុំ​ធុញ​ហើយ មិន​មែន​ឈប់​និយាយ​ទេ គឺ​រឹតតែ​ធ្វើ​អី​ឡប់​ៗ​ឲ្យ​យើង​សើច ព្រម​និយាយ​ជាមួយ​គាត់​វិញ​ទាល់តែ​បាន»។

ពុទ្ធារិទ្ធ៖ «មិន​ធុញ​នាង​ទេ មាន​តែ​ស្រលាញ់​លើស​ដើម។ ឲ្យ​តែ​ខ្ញុំ​មិន​សប្បាយចិត្ត​គាត់​ចេះ​លួង ធ្វើ​ចារិក​ឡើង​ដូច​កូន​ក្មេង»។

លាងហាក់៖ « គ្មាន​រឿង​អី​ដែល​ត្រូវ​ធុញ​ផង ព្រោះ​ខ្ញុំ​មិន​សូវ​ពូកែ​សម្ដី តែ​បាន​មិត្ត​ស្រី​សម្ដី​ដូច​គេ​ចាក់​ទឹក​យោង។ ម្នាក់​មិន​ចូលចិត្ត​និយាយ តែម្នាក់​​ទៀត​និយាយ​ច្រើន​ជា​គូរ​នឹង​គ្នា​ត្រូវ​ហើយ»។

វណ្ណារ៉ា៖ «ជា​ធម្មតា​សង្សារ​ខ្ញុំ ចូលចិត្ត​ពូកែ​ដឹង​ចិត្ត​មនុស្ស​ណាស់ គាត់​ចូលចិត្ត​និយាយ​លេងសើច​ច្រើន​តែ​ពេល​មនុស្ស​ជុំវិញ​គាត់​សប្បាយ​ចិត្ត​ដែរ​ទេ។ ពេល​អ្នក​នៅ​ជិត​គាត់ ឬ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​គាត់​ក៏​មិន​សូវ​និយាយ​អី​ច្រើន​ទេ»។

ប៉ុនលី៖ «មាន​សង្សារ​ពូកែ​និយាយ​មាន​តែ​សប្បាយ​ចិត្ត។ គាត់​និយាយ​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​រីករាយ មិន​ចាំបាច់​ភ័យ​រឿង​គាត់​ខឹង បើ​ទោះ​ខឹង​ក៏​ខឹង​មិន​យូរ​ដែរ»។

រូបតំណាង អូនអ៉ីង និង ម៉ា ច័ន្ទបញ្ហា

វេជ្ជដា៖ «ខ្ញុំ​ស្រលាញ់​មិត្ត​ស្រី​ខ្ញុំ ព្រោះ​តែ​នាង​ពូកែ​និយាយ​នឹង​ហើយ។ ហើយ​ខ្ញុំ​ជឿជាក់​ថា មនុស្ស​ប្រុស ៨០% ស្រលាញ់​ស្រី​ៗ​ពូកែ​និយាយ»។

ម៉េងឡុង៖ «មិន​ហ៊ាន​ធុញ​នាង​ទេ មាន​តែ​ខ្លាច​នាង​ធុញ​វិញ ព្រោះ​មិន​ចេះ​ផ្អែមល្ហែម។ ពេល​ខ្លះ​អត់​ដឹង​ថា​នាង​ខឹង​ទៀត»។

ធារ៉ា៖ «យើង​អត់​ចេះ​និយាយ ហើយ​បាន​សង្សារ​ពូកែ​និយាយ​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់។ សំណាង​ហើយ​គេ​ព្រម​ស្រលាញ់​វិញ​នោះ»៕

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម