ហេតុអ្វី​ចាំបាច់​​ឲ្យក្មេងចាក់​ថ្នាំ​បង្ការ?

  • 2017-02-07 06:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​ទារក​ក្រោយ​ពេល​កើត គឺ​ជា​រឿង​ដំបូង​ត្រូវ​តែ​ធ្វើ ព្រោះ​កម្លាំង​ទ្រទ្រង់​រាង​កាយ​របស់​ក្មេង​ទើប​កើត​គឺ​មាន​សភាព​ទន់ខ្សោយ ងាយ​នឹង​ឆ្លង​មេរោគ ឬ​វីរុស​ណាស់។ ហើយ​ដើម្បី​ការពារ​នូវ​បញ្ហា​ទាំង​នេះ គឺ​ទាមទារ​កា​រចាក់​ថ្នាំ​បង្ការ​ ដើម្បី​បង្កើន​កម្លាំង​ទ្រទ្រង់​រាង​កាយ​ក្នុង​ការ​ប្រឆាំង​ទប់​ទល់​នូវ​​ការ​ទន្រ្ទាន​ចូល​របស់​មេរោគ និង​វីរុស​មួយ​ចំនួន។

ហេតុអ្វី​ការ​ចាក់​ថ្នំា​បង្ការ​អាច​ជួយ​ការពារ​រាល់​ជំងឺ​ឆ្លង​ទាំង​នោះ​បាន?

មនុស្ស​យើង​ក្រោយ​ពេល​មាន​ជំងឺ​ឆ្លង​ក្នុង​​ខ្លួន​អាច​នឹង​បង្កើត​ចេញ​នូវ​សារជាតិ​ទ្រទ្រង់​រាង​កាយ​មួយ​ប្រភេទ​ទប់​ទល់ សារជាតិ​ទ្រ​ទ្រង់​រាង​កាយ​នោះ​អាច​ស្ថិត​នៅ​ក្នុង​ខ្លួន​ ការពារ​ជួយ​ឲ្យ​ខ្លួនប្រាណ​បញ្ចៀស​នូវ​ការ​កើត​ឡើង​នៃ​ប្រភេទ​មេរោគ​នោះ។

រាល់​ប្រភេទ​វ៉ាក់​សាំង​គ្រាន់​តែ​បង្ការ​បាន​នូវ​ជំងឺ​ឆ្លង​មួយ​ប្រភេទ​តែ​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ការ​លូត​លាស់​របស់​ក្មេង​ក្នុង​ដំណាក់​កាល​ទាំង​ឡាយ​ ក្មេង​ចាំបាច់​ត្រូវ​តែ​ចាក់ថ្នាំ ឬ​បន្តក់​ថ្នាំវីតាមីន ដើម្បី​ប្រឆាំង​ទប់​ទល់​នូវ​រាល់​ប្រភេទ​នៃ​ជំងឺ​ផ្សេងៗ។

បើ​ទោះ​បី​ការ​ចាក់​ថ្នាំ​ផ្តល់​គុណ​តម្លៃ​ច្រើន​ក្តី តែ​ក៏​មាន​ប្រតិកម្ម​មួយ​ចំនួន​ដែល​អ្នក​ម្តាយ​ត្រូវ​តែ​ដឹង​ផង​ដែរ ដូច​ជា​សាច់​ឡើង​ប៉ោង​ក្រហម​នៅ​កន្លែង​ចាក់​ថ្នាំ ក្តៅ​ក្បាល​និង​ខ្លួន​ ឡើង​កូន​កណ្តុរ គ្រុន​ក្តៅ​ញាក់​បន្តិច​បន្តួច ប៉ុន្តែ​នេះ​គ្រាន់​ជា​ប្រតិកម្ម​ធម្មតា​ អាច​នឹង​អស់​វិញ​ដោយ​ឯកឯង។ អ្នក​ម្តាយ​ទាំងឡាយ​ត្រូវ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​កាល​បរិច្ឆេទ៕

ប្រភព៖ សៀវភៅ ១០០ សំណួរ ដើម្បីថែទាំសុខភាពកុមារ

អត្ថបទៈ ឆដាភា

អត្ថបទពេញនិយម