Maily ​ឌីជេ​ស្រី​កម្ពុជា​ដំបូង​គេ​ល្បីល្បាញ​​លំដាប់​អាស៊ី

  • 2017-01-19 08:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Maily គឺជា​ឌីជេ​ស្រី​កម្ពុជា​ដ៏​ល្បីល្បាញ​តាម​រយៈ​តន្ត្រី​ EDM ​ដែល​មិន​សូវ​មាន​អ្នកនិយម​ចាក់។ ​រូបភាព​របស់​នាង​ជាច្រើន​បាន​​រំលេច​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ពិធី​ជប់លៀង​ជួបជុំ​ជា​ច្រើន នៅ​ទូទាំង​ប្រទេស​កម្ពុជា។

Maily បាន​ក្លាយ​ខ្លួន​ជា​ឌីជេ​អាជីព​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ ដោយ​កញ្ញា​បាន​ដើរ​សម្តែង​នៅ​តាម​កម្មវិធី​តន្រ្តី​ផ្សាយ​ផ្ទាល់​ធំៗ​ជា​ច្រើន​ក្នុង​ប្រទេ​សកម្ពុជា​​ ​​ក្នុងនោះ​រួម​មាន​កម្មវិធី​ដែល​មាន​ហ្វូង​ទស្សនិកជន​កុះករ​​ Color Race ​​និងមហោស្រពតន្រ្តី Heineken EDM Rave Ground ​ទៀត​ផង។ ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​បាន​ធ្វើ​ឲ្យ​កេរ្ថិ៍ឈ្មោះ​របស់​នាង​ល្បី​ចេញ​ទៅ​ក្រៅ​ប្រទេស ​ដែល​ធ្វើ​ឲ្យ​កញ្ញា​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្តែង​​​​​​​នៅតាម​បណ្តា​ប្រទេស​ជា​ច្រើន​​ដូចជា ម៉ាឡេស៊ី វៀតណាម ម៊ីយ៉ាន់ម៉ា​ជា​ដើម។

ឌីជេ​វ័យក្មេង​​បានឲ្យ​ដឹង​ថា នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​​​​ចាក់ភ្លេង​កាល​ពីឆ្នាំ​២០១៣ ដោយ​មាន​មិត្តភ័ក្ត​​​​ជា​ឌីជេ​ជនជាតិ​ម៉ាឡេស៊ី​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ម្នាក់​ បាន​ណែនាំ​នាង​ឱ្យ​​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ។​​ ដោយសារ​ការ​ស្រលាញ់ផ្នែកតន្រ្តី​ពី​កំណើត​ នាង​​​បាន​លង់​ជាប់ចិត្តជាមួយ​អាជីព​មិន​សូវ​សម្បូរ​នារី​ធ្វើ​នេះភ្លាមៗតែម្តង។

 Maily​ រំលឹក​ថា៖ “គ្រា​ដែល​ខ្ញុំ​ឡើង​សម្តែង​ដំបូង​មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​ឡើយ។ ​ បែរ​ជា​ទទួល​បាន​ការ​សើច​ចំអក​ពី​ឌីជេ​បរទេស​យ៉ាង​ចាស់​ដៃ​ទៅវិញ”។  Maily​សង្កត់ធ្ងន់ថា ការ​សើច​ចំអក​នេះ​ពី​ឌីជេ​បរទេស​នេះ​បាន​ធ្វើ​ឲ្យ​នាង​ប្រឹង​ប្រែ​អភិវឌ្ឍ​​ខ្លួន ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​រហូត​អាច​កាន់​កាប់​ទីផ្សារ​មួយ​ចំណែក​នៅ​អាស៊ី​បាន​ដូច​សព្វថ្ងៃ ហើយ​ឆ្នាំថ្មី​នេះ Maily​ក៏​មាន​គម្រោង​វាយ​លុក​ទីផ្សារ​អឺរ៉ុប​ផង​ដែរ៕

អត្ថបទៈ ហ្សាលី

អត្ថបទពេញនិយម