ពេលវេលា​សំខាន់​ទាំង ​៧ ​ក្នុង​ជីវិត​របស់​មនុស្ស​ស្រី

  • 2017-01-19 08:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​មួយ​ជីវិត​មនុស្សស្រី​ អាច​មាន​ពេលវេលា​សំខាន់​ៗ​ប៉ុន្មាន​ដង ​ចាប់តាំង​ពី​នាង​ធំដឹងក្ដី​រហូត​ក្លាយ​ជា​ម្ដាយ​របស់គេ? បើទោះបី​ជា​ពេលខ្លះ​នាង​មិនអាច​ទទួលបាន​អ្វី​ដែល​ដូច​តាម​ការរំពឹងទុក​របស់នាង​ក៏ដោយ​ក្ដី តែ​វា​នៅតែ​ជា​អ្វី​ដែល​នាង​ចង់​បាន ​និង​រង់ចាំ​ជានិច្ច។

តើ​ពេលវេលា​សំខាន់ៗ​ទាំងនោះ​មាន​អ្វីខ្លះ​ទៅ?

១ ពេល​វេលា​ដែល​ឪពុកម្ដាយ​នាង​មាន​មោទកភាព​លើ​នាង

សេចក្ដីត្រេកអរ​ដែល​កើតចេញ​ពី​ភាពជោគជ័យ​របស់កូន​ជាអ្វី​ដែល​ឪពុកម្ដាយ​ប៉ង​ប្រាថ្នា​ ដូច្នេះ​មនុស្សស្រី​តែង​ស្រមៃ ​និង​ព្យាយាម​អស់ពី​កម្លាំង​កាយចិត្ត​ក្នុងការ​សម្រេច​បាន​អ្វីមួយ​ដើម្បី​ឱ្យ​ឪពុកម្ដាយ​របស់នាង​មាន​មោទកភាព​ចំពោះ​នាង។ មិនថាតែ​ការទទួលបាន​ពិន្ទុល្អ​នៅ​សាលារៀន​ ការទទួល​បាន​ការងារ​ដែលមាន​ប្រាក់ខែ​ច្រើន​នោះទេ។

២ ពេលវេលា​ដែលនាង​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍

នេះ​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​បង្ហាញថា​នាង​ជាមនុស្ស​ម្នាក់​ដែល​ធំដឹងក្ដី​ និង​ចេះ​មាន​ក្ដីស្រលាញ់​ហើយ។ អាការ​ថប់បារម្ភ ​ក្ដី​សង្ឃឹម ​ក្ដី​សុបិន​ និង​ភាព​ភ័យខ្លាច​បានកើតឡើង​ក្នុងចិត្ត​របស់នាង។ ការធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ជាពិសេស​នៅពេលដែល​នាង​ទទួលបាន​ការស្រលាញ់​ត្រឡប់​មក​វិញ។

៣ ពេលវេលា​ដែល​គាត់​សុំ​នាង​រៀបការ

គ្មាន​អ្វី​រីករាយ​ជាងការ​សុំ​រៀបការ​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​ឡើយ។ អារម្មណ៍​នៅពេល​នោះ​ពិត​ជា​អស្ចារ្យ និង​ជា​សុបិន​ដែល​នាង​ប្រាថ្នា​ចង់បាន​សម្រាប់​សាង​សុភមង្គល​គ្រួសារ​ដ៏ពេញលេញ​មួយ​ផងដែរ។ នាង​ចងចាំ​ពេលវេលា​ដ៏​ផ្អែមល្ហែម​បែបនេះ​មិន​ភ្លេច​ទេ ហើយ​វា​ថែមទាំង​ធ្វើ​ឱ្យ​នាង​ស្រលាញ់​គាត់​កាន់តែ​ខ្លាំង​ថែម​ទៀតផង។

៤ ពេលវេលា​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ

នេះ​ជា​ពេលវេលា​ដែល​ពិសេស​បំផុត​សម្រាប់​ជីវិត​របស់នាង ​និង​ជា​ពេលវេលា​ដែល​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួននាង​ជា​មនុស្សស្រី​ដែល​ជោគជ័យ​។ ការដែល​ទទួលបាន​ការ​ដំឡើង​ឋានៈ ​និង​ការ​កោតសរសើរ​គឺ​ពិត​ជា​អស្ចារ្យ​បំផុត​សម្រាប់​នាង។

៥ ពេលវេលា​ដែល​នាង​រៀបអាពាហ៍ពិពាហ៍ ពិធី​រៀប​មង្គលការ​ដ៏​អធិកអធម​ជា​ក្ដី​សុបិន​របស់​នារី​គ្រប់រូប។ ថ្ងៃ​រៀប​មង្គលការ​ជា​ថ្ងៃ​ដែល​នាង​នឹងក្លាយ​ខ្លួន​ជា​ព្រះនាង ​និង​ជា​ថ្ងៃ​ដែល​នាង​ និង​មនុស្ស​ប្រុស​ដែល​នឹង​ក្លាយ​ជា​អនាគត​ស្វាមី​របស់នាង​ប្រកាស​ប្រាប់​ពិភពលោក​ថា​អ្នក​ទាំងពីរ​នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​ ព្រម​ទាំង​បាន​បំពេញ​មុខ ​បំពេញ​មាត់​ដល់​ឪពុកម្ដាយ​ទាំងសងខាង​ផងដែរ។

៦ ពេលវេលា​ដែល​នាង​ក្លាយ​ជា​ម្ដាយ​គេ

វា​ជា​ពេលវេលា​ដ៏​ពិបាក ​និង​អស្ចារ្យ​មួយ​ដែល​មនុស្សស្រី​ត្រូវ​ពរពោះ​កូន​ក្នុង​ផ្ទៃ​រយៈពេល ​៩​ ខែ ​១០ ថ្ងៃ។ រហូតដល់​ថ្ងៃ​ដែល​នាង​បាន​ឃើញ​មុខ​កូន​របស់នាង​ជា​លើក​ដំបូង​បំផុត។ ការ​ដែល​នាង​ក្លាយ​ជា​ម្ដាយ​គេ ​គឺ​ជា​វិថី​ជីវិត​ថ្មី ​និង​ជា​កាតព្វកិច្ច​ធំ​សម្រាប់​នាង​ផងដែរ។

៧ ពេលវេលា​ដែល​កូន​នាង​ធំ​ដឹង​ក្ដី​តាម​ដំណាក់កាល​នីមួយៗ

ពេលវេលា​ដែល​កូន​របស់នាង​ចេះ​ក្រឡាប់ ​ចេះ​អង្គុយ​ ចេះ​វារ ​ចេះ​ដើរ ​និង​ចេះ​ហៅ​នាង​ថា​ "ម៉ាក់" ជា​ពេលវេលា​ដែល​នាង​ទន្ទឹងរង់ចាំ ​និង​ចង់​ឃើញ​ចង់​ឮ​បំផុត​។ការ​ដែល​មើល​ឃើញ​កូនៗ​ធំធាត់ ​ដឹងក្ដី គឺ​ពិតជា​ពេលវេលា​ដែល​សំខាន់ ​និង​រីករាយ​សម្រាប់​ជីវិត​របស់​មនុស្ស​ស្រី​ក្នុងនាម​ជា​ម្ដាយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ពេលវេលា​ដែល​កូន​នាង​ធំ​ចម្រើន​វ័យ ​ចូល​សិក្សា​ និង​ជោគជ័យ​ក្នុង​ការងារ​ក៏​ជាពេលវេលា​ដែល​សំខាន់ ​និង​ជា​ពេលវេលា​ដែល​នាង​ចង់ឃើញ​បំផុត​ផងដែរ៕

ប្រភព៖ Likelovequotes

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម