ផ្លុំ ឬ​ប៉ាក់​ចិញ្ចើម មួយ​ណា​ដែរ​ជា​ជម្រើស​របស់​ស្រីៗ?

  • 2017-01-18 08:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សាក់ ផ្លុំ ឬ​ប៉ាក់​ចិញ្ចើម​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ស្ត្រី​យើង ជា​ពិសេស​អ្នក​ដែល​មានគ្រួសារ​រួច​ហើយ។ តែ​បច្ចុប្បន្ន​នេះ សូម្បី​តែ​យុវវ័យ​ក៏​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ធ្វើ​ចិញ្ចើម​ដែរ ព្រោះ​តែ​ការ​ធុញ​ទ្រាន់​ក្នុង​ការ​គូរ​វា​ជា​ប្រចាំ ហើយ​ថែម​ទាំង​ប្រើ​ពេល​យូរ​ទៀត។

ម្ចាស់​ហាង Fancy Salon & Brows អ្នកស្រី ផាវី បាន​ប្រាប់​កញ្ញា​ថា ពី​មុន​​សម្បូរ​បងៗ​ដែល​ជា​ស្រ្តី​វ័យ​ខ្ទង់​៣០​ទៅ​៤០​ឆ្នាំ ពួក​គាត់​ចូល​ចិត្ត​មក​ផ្លុំ ឬ​ប៉ាក់​ចិញ្ចើម តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​សម្បូរ​តែ​យុវវ័យ​ភាគ​ច្រើន ។«តែ​បើ​និយាយ​ពី​ចំណង់​ចំណូល​ចិត្ត​វិញ​ភ្ញៀវ​ដែល​មក និយម​ប៉ាក់​ជាង​ផ្លុំ ព្រោះ​ការ​ប៉ាក់​ចិញ្ចើម​ជា​ប្រភេទ​សរសៃៗ​មើល​ទៅ​ឃើញ​បែប​ធម្មជាតិ ជា​ជាង​ការ​ផ្លុំ​ដែល​មើល​ទៅ​ដូច​ជាគូរ​ចឹង»។

មានវ័យ​២៥​ឆ្នាំ កញ្ញា យ៉ាន់ លីណា​ បាន​ប្រាប់​កញ្ញាថា ដោយ​តែ​ពិបាក​ក្នុង​ការ​គូរ​ចិញ្ចើម ហើយ​មិន​សូវ​មាន​ពេល​ផង​នោះ ក៏​សម្រេច​ចិត្ត​ទៅ​ប៉ាក់​ចិញ្ចើមតែម្តង​។ កញ្ញាបន្តថា «ចូល​ចិត្ត​ប៉ាក់​ចិញ្ចើម​ជាង​ផ្លុំ​ព្រោះ​វាមើល​ទៅ​សាមញ្ញ បែប​ធម្មជាតិៗ បើ​ផ្លុំ​វា​ក្រាស់​ពេក អត់​ចូល​ចិត្ត​ទេ ។

កញ្ញា យ៉ាន់ លីណា​

ផ្ទុយ​ពី​លីណា កញ្ញា សុគន្ធធាវី ដែល​ជា​បុគ្គលិក​ផ្នែក​លក់​គ្រឿង​សំណង់​បាន​និយាយ​ថា «សម្រាប់​ខ្ញុំ​វិញ ស្រលាញ់​ផ្លុំ​ព្រោះ​វា​ដិត​ជាង​ប៉ាក់ មិន​ពិបាក​គូរ​ពេល Make up ហើយ​ជា​ពិសេស​សម័យ​នេះ​គេ​និយម​ចិញ្ចើម​រាង​ក្រាស់ ចឹង​ហើយ​បាន​ខ្ញុំ​ផ្លុំ​ចិញ្ចើម។

កញ្ញា សុគន្ធធាវី

ទើប​តែ​នឹង​សាក់​ចិញ្ចើម​ហើយ​ថ្មីៗ អ្នកស្រី លីនី អាជីវករ​នៅ​ផ្សារ​ទួល​ទំពូង​វិញ​អះអាងថា «បង​ទៅ​សាក់​កន្លះ​ខែ​មុន​ហ្នឹង តាម​ពិត​រារែក​ដែរ​ហ្នឹង​មិន​ចង់​សាក់​ទេ តែ​យើង​អត់​សូវ​មា​នរោម​ចញ្ចើម អាក្រក់​មើល ហើយ​ត្រូវ​សម័យ​ឥលូវ​គេ​និយម​សាក់​ចិញ្ចើមក្រាស់ៗ​ទៀត ក៏​ទៅ​សាក់​នឹង​គេ​ទៅ»។

 

ចំណែក​ពិធីការីនី​កូន​មួយ​ប្រចាំ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ គិត​ខុស​ស្រឡះ​ពី​មតិ​ខាងលើ អ្នកនាង កង ចាន់សុភ័ក្រ និយាយ​ថា អត់​ចូល​ចិត្ត​ទេ​បង ផ្លុំ​ឬ​ប៉ាក់​ចិញ្ចើម​អី​ហ្នឹង ព្រោះ​ខ្ញុំ​មាន​ចិញ្ចើម​ក្រាស់​ស្រាប់​ហើយ ណា​មួយ​មិន​ចង់​ចំណាយ​លុយ​លើ​រឿង​ចឹងៗ​ទេ។

អ្នកនាង កង ចាន់សុភ័ក្រ

ចុះ​ប្រិយមិត្ត​របស់​កញ្ញា​វិញ ស្រលាញ់​ការ​ប៉ាក់​ចិញ្ចើម​ឬ​មួយ​ក៏​ផ្លុំ?

 

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម