ជា​ម្តាយ​ដ៍​ល្អ​ផង និង​បុគ្គលិក​ឆ្នើម​ផង​ វិធី​​សាស្រ្ត​១០​យ៉ាង​នេះ​អាច​ជួយ​បាន​

  • 2017-01-18 04:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​សម្រាល​កូន​រួច អ្នកម្តាយ​ថ្មោង​ថ្មី​ត្រូវ​ប្រឈម​មុខ​នឹង​ការងារ​ជា​ច្រើន​​ មិនថា​ការងារ​ផ្ទះ ការ​ថែទាំ​កូន​ និងស្វាមី​ ជាពិសេស​គឺ​កន្លែង​ការងារ​តែម្តង។ បើ​ទោះ​ជា​មើល​ដូច​ជាមិន​សូវ​យុត្តិធម៌​សម្រាប់​ស្រ្តី តែ​ក៏​មាន​ស្រ្តី​ខ្លះ​នៅ​តែ​អាច​កែ​ខៃ​ស្ថានការណ៍​ទាំង​ការងារ​ផ្ទះ ​និង​ខាង​ក្រៅ​ឲ្យ​មាន​តុល្យ​ភាព​បាន។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ១០​យ៉ាង​ឲ្យអ្នក​ម្តាយ​គ្រប់​រូប​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​គ្រប់​គ្រង​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន​។

១. កុំគិតច្រើនពេក៖ ដល់​ថ្ងៃ​ចូល​ធ្វើការ​ហើយ​ អ្នក​ម្តាយ​ទាំង​ឡាយ​ចាប់​ផ្តើម​ចិត្ត​មិន​ស្ងប់​ ព្រោះចិត្ត​នឹកគិត​ដល់​កូន​សម្លាញ់​ដែល​គេង​ចាំ​ផ្លូវ​ម្តាយ​នៅផ្ទះ​ ណា​ត្រូវ​ទទួល​ភារ​កិច្ច​ថ្មី​ដែល​ចៅហ្វាយ​ដាក់​ឲ្យ​ធ្វើ​។ ជាងជាការ​ព្រួយ​បារម្ភ​ សូម​គិត​ថា​តើអ្នក​អាច​ទាញ​ប្រយោជន៍​ការងារ​របស់​អ្នក​ដោយ​របៀប​ណា?​ ព្រោះចំណូល​ពី​ការងារ​នេះ​ហើយ​ដែល​អាច​ជួយ​អ្នក​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បញ្ចូន​កូន​ទៅ​សាលា​ល្អៗ​ ការ​​ចាយ​វាយ​ និងទិញ​សំភារៈ​ផ្សេងៗ​ ដូច្នេះ​ កុំស្ត្រេស​ខ្លាំង​ពេក។

២. ស្វែងរកមណ្ឌលថែទាំកុមារ៖ គ្មាន​នរណា​ដែល​អាច​មើល​ថែ​ទាំ​កូន​បាន​យ៉ាង​ល្អ​ ក្រៅ​ពី​អ្នក​ម្តាយ​របស់​គេ​នោះ​ទេ​។ ដូច្នេះ​ពេល​ដែល​អ្នក​នៅឆ្ងាយ​ អ្នក​ត្រូវ​ប្រាកដ​ថា អនុញ្ញាត​ឲ្យ​កូន​របស់​អ្នក​ដែល​អ្នក​ជឿ​ទុក​ចិត្ត​បំផុត។ព្រោះ​ពួក​គេ​​ អាច​មើល​ថែកូន​អ្នក ពេល​អ្នក​អវត្ត​មាន​បាន។ ​បើ​មិន​ដូច្នេះ​ទេ អ្នក​អាច​សួរ​មិត្តភក្តិ​ជួយ​ស្វែងរក​មេដោះ អ្នក​ថែទាំ​កុមារ ឬ​ឈ្មួល(អ្នក​នៅ​ជាមួយ)​ ក៏បាន​។ បច្ចប្បន្ន​អ្នកម្តាយ​ខ្លះ​ផ្ងើ​កូន​នឹង​ជីដូន​ជីតា ដោយសារ​តែពួកគាត់​ចូល​និវន្តរ៍​ ដូច្នេះ​ពួកគាត់​មាន​ពេល​ពេញ​ ២៤ ម៉ោង សម្រាប់​ចៅសម្លាញ់​ចិត្ត។

៣. គូស​ចំណាំ​លើ​កាលវិភាគ​របស់​អ្នក៖​

ជាការពិត​អ្នកម្តាយ​ល្អ​មួយ​រូប​ ត្រូវចេះ​រៀបចំ​កាលវិភាគ​គ្រួសារ និង​ខ្លួនឯង​ឲ្យបានត្រឹមត្រូវ ​ដូចជា ការ​ចាក់វ៉ាក់​សាំង​កូន ​ការណាត់​ជួបពេទ្យ​រោគស្ត្រី តារាង​ការងារ​នៅការិយាល័យ​ តារាង​សកម្មភាព​នៅសាលា​របស់កូន ខួប​កំណើត​ស្វាមី កូន​ជា​ទី​ស្រលាញ់ សាច់ញាត្តិ​ មិត្តភក្តិ និង​ការងារ​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត។ ប្រសិនជា​អ្នកបាន​រៀបចំបែប​នេះ ប្រាកដ​ណាស់​អ្នក​មាន​ពេល​វេលាគ្រប់គ្រាន់​ ក្នុងការត្រៀមខ្លួន​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​ខិត​ជិត​មក​ដល់។

៤. ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​សម្រាប់​ថ្ងៃ​ស្អែក៖​

កាល​វិភាគការងារ​ប្រចាំ​ថ្ងៃ គឺជា​បញ្ហា​ប្រឈម​នៅនាទីចុងក្រោយ​ដែលធ្វើឲ្យ​អ្នកម្តាយ​ចង់​ឆ្កួត​ម្តងម្តាល។ ដូច្នេះ​ចូររៀបចំ​អ្វីៗ​ដែលអ្នក​ព្រាង​ទុក​​ឲ្យ​ហើយ ដូចជាទៅ​ផ្សារ​ទិញ​ម្ហូប ធ្វើអាហារ​ពេល​ព្រឹក បោក​សំល្លៀកបំពាក់ ចាក់​សោរ​ទ្វារ​ផ្ទះ មើល​កាបូប​ខ្លួន​ឯង​ថា​មាន​ភ្លេចអ្វីអត់? ពិនិត្យ​ម្តងហើយ​ម្តងទៀត នូវ​កាល​វិភាគ​ក្នុង​ប្រតិទិន​របស់​អ្នក ជៀសវាង​នឹក​ឃើញ​ហើយ​ធ្វើ​ទាំង​ប្រញាប់​ប្រញាល់​។

៥. ផ្តើម​សន្ទនា​ជាមួយ​ផ្នែកធនធានមនុស្ស៖

រៀប​រ៉ាប់​ពីបញ្ហាដែល​អ្នក​ជួប​ប្រទះទៅ​ឲ្យ​ក្រុម​ការងារ​ធនធាន​មនុស្ស​បាន​ដឹង​ ដោយភាព​ស្មោះ​ត្រង់ និងបើក​ចំហ​ និងស្មោះ​ត្រង់​ ហើយប្រាប់​ពួកគេ​ពីដំណោះ​ស្រាយ​ផង​ ព្រោះពួកគេ​មិន​ចូលចិត្ត​ស្តាប់បញ្ហា​ទាំង​ស្រុង​នោះ​ទេ។​ សូម​ច្បាស់​លាស់​ចំពោះ​សំណួរ​របស់​ខ្លូនពីការ​ឈប់​សម្រាក​ ប្រាក់​បៀវត្ស​ ដើម្បី​កុំឲ្យ​មាន​ការ​យល់​ច្រឡំ​នៅ​ពេល​ក្រោយ។

ឧបមា​ថា​ អ្នក​ស្នើ​សុំ​ពួកគេ​ដោយ​មិន​ធ្វើការ​នៅ​ថ្ងៃ​សៅរ៍​ ឬអាទិត្យ​ បើ​ទោះ​ជា​មានវេន​ក៍​ដោយ​ជំនួស​ដោយ​ហេតុផល​ សុំ​ពេល​សម្រាក និង​មើល​ថែរក្សា​កូន​ យ៉ាង​ហោច​ណាស់​ ពួកគេ​នឹង​យល់​ពី​ស្ថានភាព​របស់​អ្នក​ជាក់​ជា​ពុំ​ខាន​។

៦. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​របស់​អ្នក​ជានិច្ច៖

ទោះ​បី​អ្នក​នៅ​ឆ្ងាយ​ពី​កូន​របស់​អ្នក​ តែ​មិន​មែន​មាន​ន័យ​ថា អ្នក​មិន​អាច​និយាយ ឬ​មើល​មុខ​អ្នក​បាន​ទេ។ បច្ចេកវិទ្យា​នៅពេល​នេះ​បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការនាំអ្នក​ទៅជួបមនុស្ស​ជាទី​ស្រឡាញ់​ មិនថាជាតេទូរស័ព្ទ ផ្ងើសារ ឬ វីដេអូ​សំឡេង គឺ​ធ្វើឲ្យ​អ្នក​បាត់​នឹក​កូន​មួយ​រយៈ​ផង​ដែរ។

៧. កំណត់​នូវ​ភាព​រំខាន​ប្រចាំ​ថ្ងៃ៖

ផ្អាក ឬកាត់​បន្ថយ​ការ​និយាយ​ដើម​គេ​ (ញុំាត្រាវ) នៅ​បន្ទប់ធ្វើការ ឬជជែកគ្នា​នៅក្នុង​បណ្តាញ​សង្គម ប្រញាប់​ញុំា​បាយ​ថ្ងៃ​ត្រង់​ រួច​ធ្វើ​ការងារ​របស់​អ្នក​ឲ្យកាន់​តែលឿន​ សុខ​ចិត្តមាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​កូន​តូច និង​ស្វាមី​សំណព្វ​ចិត្ត។

៨. បង្កើត​ពេល​វេលា​ពិសេស​សម្រាប់​គ្រួសារ​៖

ពេល​វេលា​សម្រាប់​គ្រួសារ​មិន​ចាំបាច់​ដល់​ទៅ​កម្សាន្ត​ក្រៅ​ប្រទេស ឬញ៉ាំ​ម្ហូប​ថ្លៃៗនៅ​ភោជនីយដ្ឋាន​នោះ​ទេ គ្រាន់​តែ​មាន​ពេល​ជួប​ជុំ​នៅតុ​បាយ​ ពេលព្រឹក​ ឬ​ពេល​ល្ងាច ​ប៉ុណ្ណឹង​ក៏ធ្វើ​ឲ្យ​​អ្នក​អាច​ញញឹម​បាន​ទៅ​ហើយ។

៩. ស្រលាញ់​កូន​ពេក តិច​លោ​ភ្លេច​ស្វាមី៖

ស្វាមី​ក៍​ចេះ​អន់​ចិត្ត​ដែរ ប្រសិន​ជាអ្នក​ចំណាយ​ចិត្ត​កាយ​ បេះដូង​ ទៅកូន​ទាំង​អស់​ពេក។​ ចំណាយ​ពេល​មួយ​ម៉ោង​ ឬពីរ​ម៉ោង​ ទៅកន្លែង​ណា​មួយ​ដែល​ធ្វើឲ្យ​អ្នកទាំង​ពីរ​សប្បាយ​ចិត្ត​​​ និង​ផ្អែម​ល្អែម​ដូចមុន ។

១០. កុំ​ភ្លេច​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​ខ្លះ​ផង៖

អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​បាន​គេង​សម្រាក​ ក្នុង​អាង​ហែល​ទឹក​ ស្ប៉ា​ ខាត់ស្បែក​ ហាត់​យូហ្គា​ ឬទៅហាង​លក់​សម្លៀក​បំពាក់ ជា​ដើម ដើម្បី​ឲ្យជីវិត​អ្នក​បាន​ធូរ​ស្បើយ​ពីការងារ​ជុំវិញ​ខ្លួន​ខ្លះ។ ចាំ​ថាអ្នក​មិន​អាច​ក្លាយ​ជា​ម្តាយដ៏​ល្អ​បំផុត រាល់​តែ​ថ្ងៃ រាល់​ពេល រាល់​នាទី នោះ​ទេ ដូច្នេះ​ពិភាក្សា​ជាមួយ​ស្វាមី​របស់​អ្នក ប្រសិនជា​អ្នកត្រូវការជំនួយ​ និងការគាំទ្រ​ជាពិសេស ។

ប្រភព៖ Curejoy

​

​

ប្រែសម្រួល៖ ឆដាភា