ជៀស​វាង​ខូច​មុខ​មាត់​ និង​មាន​គ្រោះ​ថ្នាក់ មុន​កែ​សម្ផស្ស​​គួរ​គិត​គូរ​ពី​អ្វីខ្លះ?

  • 2017-01-16 11:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កែ​សម្ផស្ស​បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​នា​សម័យ​នេះ ជា​ពិសេស​ក្នុង​ចំណោម​នារីៗ។ ជា​រឿយៗ​យើង​បាន​ឃើញពួកគេ​ស្អាត​ជាង​មុន ក្រោយ​ការ​កែ​សម្ផស្ស។ ប៉ុន្តែ​យើង​ក៏​បាន​បាន​ឮ និង​បាន​ឃើញ​ពី​ផល​អាក្រក់​ដែល​កើត​ចេញ​ពី​ការ​កែ​សម្ផស្សដែរ។

មាន​មួយ​ចំនួន​ប្រែ​ក្លាយ​ជា​អាក្រក់​ជាង​មុន និង​ខ្លះ​ទៀត​សំណាង​អាក្រក់​រហូត​ដល់​ស្លាប់​ក៏​មាន។ ដូច្នេះ​ចង់​គេច​ចេញ​ពី​ផល​អាក្រក់​ទាំង​អស់​នេះ ច្បាស់​ណាស់​រក្សា​សម្រស់​ធម្មជាតិ​របស់​យើង ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​កែ​សម្ផស្ស​មែន​នោះ ថ្ងៃនេះកញ្ញា សូម​បង្ហាញ​ជូន​ពីចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​សិក្សា​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​កែ​សម្ផស្ស៖

​​ ១.សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​ចង់​កែ​សម្ផស្ស? តើ​វា​ចាំបាច់​ប៉ុណ្ណា?​ ពីព្រោះ​រឿង​កែ​សម្ផស្ស មិន​មែន​ធ្វើ​ថ្ងៃ​នេះ បន្ទាប់​លាង​ចេញ​ដូច​យើង​ផាត់​មុខ​នោះ​ទេ វា​គឺ​ជា​ដំណើរ​ការ​ដែល​នឹង​មាន​ឥទ្ធិពល​រយៈ​ពេល​វែង ឬ​មួយ​ជីវិត​ក៏​មាន។ ដូច្នេះ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត។

២.​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អី?​ កុំ​គ្រាន់​តែ​ចង់​កែ​សម្ផស្ស ត្រូវ​ដឹង​ថា​យើង​ចង់​បាន​លទ្ធផល​យ៉ាង​ម៉េច។ អាច​គូរ ឬ​បង្ហាញ​រូប​គំរូដល់​គ្រូពេទ្យ ព្រោះ​វា​ជា​ការ​ងាយ​ស្រួល​ដល់​ពេទ្យ​ក្នុង​ការ​ពន្យល់​អ្នក​អំពី​ផល​ប៉ះពាល់ ឬ​ភា​ទៅ​រួច​ចំពោះ​លទ្ធផល​ដែល​​អ្នក​ចង់​បាន។

៣.ត្រូវ​ដឹង​ថា​កែ​សម្ផស្ស​គឺ​ជា​រឿង​ប្រថុយ​ប្រថាន មួយ​ចាន​ទឹក​មួយ​ចាន​គោគ៖ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ត្រូវស្រាវ​ជ្រាវ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មើល​ព័ត៌មាន​តាម internet សួរ​មិត្ត​ភ័ក្រ​ដែល​ធ្លាប់​កែ​សម្ផស្ស ពិភាក្សា​ជាមួយ​អ្នក​ជំនាញ-ល-។

៤.ជ្រើស​រើស​គ្រូពេទ្យ​ដែល​ល្អ​បំផុត​មួយ៖ មាន​គ្រូ​ពេទ្យ​ក្នុង​វិស័យ​នេះ​មិន​តិច​នោះ​ទេ ប៉ុន្តែ​រើស​ម្នាក់​ដែល​ល្អ​បំផុត​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ។ មើល​បទ​ពិសោធន៍​របស់​គ្រូពេទ្យ ស្ថានភាព​គ្លីនិក​ដែល​គាត់​ធ្វើការ លទ្ធផល​ដែល​គាត់​ធ្វើ​បាន។ ចុង​ក្រោយ​សួរ​ខ្លួន​ឯង​ តើ​អ្នក​មាន​ទំនុក​ចិត្ត​លើ​គាត់​ប៉ុណ្ណា?​ ត្រូវ​ចាំ​ថា​មនុស្ស​ម្នាក់​នេះ​នឹង​មាន​សិទ្ធិ កាត់ កកាយ​រាង​កាយ និង​មុខមាត់​របស់​អ្នក។​ ទុក​ចិត្ត​ចាំ​សាក។

៥.​តើ​ស្ថាន​ភាព​អ្នក​អាច​កែ​សម្ផស្ស​បាន​ឬ​អត់? តើ​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កំពុង​ប្រើប្រាស់​ថ្នាំអ្វី​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​កែ​សម្ផស្ស​ឬ​ទេ?​ សាក​សួរ​ពេទ្យ​ជំនាញ​អំពី​រឿង​នេះឲ្យ​ច្បាស់។

៦.ប្រថុយ៖ ការ​កែ​សម្ផស្ស​អាច​ផ្លាស់ប្តូរ​ជីវិត​អ្នក​ទៅ​ល្អ​ ឬ​អាក្រក់​ជាង​មុន ផ្អែក​ទៅ​លើ​លទ្ធផល​របស់​វា។ មែន​ទែន​ទៅ​មុន​កែ​សម្ផស្ស គ្រូពេទ្យ​នឹង​និយាយ​ប្រាប់​អ្នក​អំពី​ផល​ប៉ះពាល់​មួយ​ចំនួន​រួច​ហើយ។ ដូច្នេះ​ត្រូវ​ត្រៀម​ចិត្ត​ចំពោះ​លទ្ធផល។

៧.តម្លៃ៖ កែ​សម្ផស្ស​មិន​អស់​តិច​នោះទេ​។ ហើយ​បើ​សិន​ជា​អ្នក​រក​សេវាកម្ម​ដែល​អស់​តិច គុណភាព​ក៏​ជា​ក្តី​កង្វល់។ ចឹង​គិត​ដល់​រឿង​កែ​សម្ផស្ស​កុំ​ភ្លេចក្រឡេក​មើល​កាបូប តើ​គ្រាន់​អត់?

៨.ផល​រំខាន​ក្រោយ​ការ​វះកាត់៖ គេ​ថា​ចង់​ស្អាត​ទាល់​តែ​ទ្រាំ​ឈឺ គឺ​ជា​រឿង​ត្រឹម​ត្រូវ។ មិន​មែន​វះកាត់​ហើយ​អ្នក​ក៏​ស្អាត​ភ្លាម អាច​ទៅ​ណា​ម៉ោ​ណា​បាន​ភ្លាម​នោះ​ទេ។ មាន​ការ​វះ​កាត់​ខ្លះ​ទាមទារឲ្យ​អ្នក ថ្នម ខ្លួន​រាប់​អាទិត្យ ដូច្នេះ​អ្នក​មិន​អាច​ទៅ​ធ្វើការ​បាន និង​ត្រូវ​ការ​អ្នក​មើល​ថែ​ទៀត។ ដោយ​ឡែក​ការ​វះ​កាត់​ខ្លះ​ទៀត អ្នក​មិន​អាច​ត្រលប់​ទៅ​ប្រើប្រាស់​វា​ដូច​ធម្មតា​បាន​ទេ ដូច​គេ​តែង​តែ​និយាយ មើល​បាន​ហាម​ប៉ះ។

គិត​ឲ្យ​អស់​ពី​ចំណុច​ទាំង​ប្រាំ​បី​ខាង​លើ បើ​គិត​ហើយ​អូខេ កែ​ទៅ។ ជូនពរ​ទទួល​បាន​ជោគជ័យ៕

ប្រភព៖ Sofeminine

អត្ថបទៈ May

អត្ថបទពេញនិយម