រឿង​រ៉ាវ​​ ​ពិត​របស់​ ម៉ូដែល​​៥​​នាក់​ ដែល​មាន​រូប​រាង​មិន​ប្រក្រតី

  • 2017-01-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ជា​​តារា​ម៉ូដែល​​បាន​​​​ ធម្មតា​ត្រូវ​មាន​សម្រស់​ស្រស់​ស្អាត និង​រូប​រាង​​សម​សួន​​ស្អាត​ ប៉ុន្តែ​មិន​មែន​​ទាំង​អស់​នោះ​ទេ ដោយ​មាន​តារា​ម៉ូដែល​ល្បី​ៗ​មួយ​ចំនួន​​អាច​សមត្ថភាព​ធ្វើ​បាន ទោះ​មិន​គ្រប់​លក្ខខណ្ឌ​ក៏​ដោយ​។ ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​ខ្លី​ៗ របស់​ម៉ូដែល​ ៥​នាក់​ មាន​រូប​រាង​មិន​ប្រក្រតី​តែ មិន​ខ្ចី​ចុះ​ចាញ់​នឹង​​ព្រេង​​វាសនា​។

១. Winnie Harlow

ជា​តារា​បង្ហាញ​ម៉ូដ​ សញ្ជាតិ​កាណាដា Winnie បាន​កើត​ជំងឺ​បាត់​ពណ៌​​ស្បែក Vitiligo ដែល​​វា​ជា​បញ្ហា​មួយ​​​ដល់​អាជីព​របស់​នាង​។ យ៉ាង​ណា​មិញ​ ​នាង​​ក៏​មិន​ចុះ​ចាញ់​​​​តូច​ចិត្ត​នឹង​ជំងឺ​​នោះ​ទេ ប៉ុន្តែ​វា​បែរ​ជា​​ជំរុញ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​ រហូត​​​ទទួល​បាន​​​តំណែង​​ជា​ តារា​សម្ដែង​​ក្នុង​រឿង​ភាគ ទូរទស្សន៍​អាមេរិក​ America's Next Top Model ទៀត​ផង​។ ក្រៅ​ពី​នោះ នាង​ក៏​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​ របស់​កិច្ច​ប្រជុំ​ស្ត្រី​ពិភព​លោក​ទៀត​ផង​។

២. Viktoria Modesta

Viktoria បច្ចុប្បន្ន​​គឺ​ជា​​​​​តារា​ម៉ូដែល​ និង​​​អ្នក​សម្ដែង​សិល្បៈ របស់​​ ​អង់គ្លេស​។ មុន​​នឹង​មាន​​ថ្ងៃ​នេះ នាង​​​មិន​បាន​តូច​​ចិត្ត​នឹង​ព្រេង​វាសនា ដែល​នាង​ត្រូវ​ពិការ​ជើង​ខាង​ឆ្វេង​​​នា​ឆ្នាំ​២០០៧​មក​នោះ​ទេ។ តាំង​ពី​ថ្ងៃ​ នាង​ត្រូវ​កាត់​ជើង​ Viktoria បាន​បន្ត​​ទឹក​ចិត្ត​ដែល​នាង​ស្រលាញ់​អាជីព​ ជា​អ្នក​សិល្បៈ​ រហូត​នាង​ក្លាយ​ជា​តារា​ម៉ូដែល​នា​ពេល​បច្ចុប្បន្ន​។

៣. Madeline Stuart

Madeline គឺ​ជា​ម៉ូដែល​​ សញ្ជាតិ​​អូស្ត្រាលី វ័យ​២០​ឆ្នាំ ។ នាង​​ជា​ម៉ូដែល​​ដំបូង​គេ​ ដែល​មាន​ជំងឺ​ Down syndrome(ជំងឺ​ម្យ៉ាង​ធ្វើ​ឲ្យ​ការ​លូត​​លាស់​រាង​កាយ​​យឺត​ខុស​ធម្មតា និង​មាន​ប្រាជ្ញា​​អន់​)។ ដោយ​សារ​ចិត្ត​ស្រលាញ់​​ការងារ​ជា​តារា​ម៉ូដែល ទោះ​ជា​កើត​ជំងឺ​យ៉ាង​ណា​ នាង​បាន​ចិញ្ចឹម​ចិត្ត​​​​​​​​​​​​ថា​នឹង​ប្រឹង​ប្រែង​ក្លាយ​ជា​ តារា​ម៉ូដែល​ឲ្យ​បាន។ ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​ នាង​ត្រូវ​បាន​ទទួល​ជា​តារា​ម៉ូដែល​ បន្ទាប់​ពី​នាង​​​ខំ​ប្រឹង​​សម្រក​រាង​។ សព្វ​ថ្ងៃ​ គេ​អាច​ឃើញ​វត្ត​មាន​រូប​របស់​នាង​លើ​​ក្រប របស់​ទស្សនាវដ្ដី​ល្បី Vogue ផង​ដែរ។

៤. Diandra Forrest

មាន​ដើម​​កំណើត​ជា​ជន​ជាតិ​ អាហ្វ្រិក​ស្បែក​ខ្មៅ ប៉ុន្តែ​នាង​បាន​កើត​ជំងឺ Albinism ធ្វើ​ឲ្យ​​​នាង​ក្លាយ​ជា​ នារី​ភឿក​ស្បែក​ស ខុស​​ធម្មតា។ ទោះ​ជា​ត្រូវ​គេ​ ពេប​ជ្រាយ​ តាំង​ពី​តូច​យ៉ាង​ណា (នៅ​អាហ្វ្រិក​ មាន​​មនុស្ស​មួយ​​ចំនួន​រើស​អើង អ្នក​​មាន​ជំងឺ​ភឿក) តែ Diandra មិន​រា​ថយ ​រហូត​​បាន​​​ធ្វើ​ការ​នៅ ក្រុមហ៊ុន​​ផលិត​​សម្រស់​ល្បី​របស់​អាមេរិក MAC ក្រុម​ហ៊ុន​ រចនា​ម៉ូដ​Vivienne Westwood និង Jean-Paul Gaultier នឹង​ជា​តារា​ម៉ូដែល​របស់​ អាហ្វ្រិក​ផង​ដែរ។

៥. Moffy

Moffy តារា​ម៉ូដែល​​ដែល​មាន​ភ្នែក​ ស្រឡែវ​ (Cross-Eyed) ប៉ុន្តែ​​បាន​ធ្វើ​​ឲ្យ​​​នាង​ល្បី​ ក្នុង​វិស័យ​​ម៉ូដែល​។ ដោយ​សារ​សមត្ថភាព​សម្ដែង បាន​ធ្វើ​ឲ្យ​នាង​ជោគ​ជ័យ​ ទោះ​មាន​កែវ​ភ្នែក​មិន​ប្រក្រតី​ក៏​ដោយ។ សព្វ​ថ្ងៃ​នាង​ គឺ​ជា​តារា​ម៉ូដែល​របស់​ក្រុម​ហ៊ុន​ ដើរ​ម៉ូដ​ ដ៏​ល្បី​​របស់​ អង់គ្លេស​ Storm Models ។

​ ​​ ​​​

ប្រែសម្រួល៖ មាន រតនា

អត្ថបទពេញនិយម