កូនប្រសារខឹងម្តាយក្មេកធ្វើបាប ក៏រកវិធីធ្វើសងសឹក ទីបំផុត...

  • 2017-01-12 10:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ចង់​មិន​ចង់ រឿង​ជម្លោះ​ពិត​ជា​ពិបាក​ចៀស​វាង​រវាង​កូន​ប្រសារ​ស្រី​រស់​នៅ​រួម​គ្នា​ជាមួយ​ម្តាយ​ក្មេក តាំង​ពី​សម័យ​មុន មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ក៏​នៅ​តែ​មាន​ទោះបី​ជា​កូន​ប្រសារ​ស្រី​មិន​បាន​រស់នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​ម្តាយ​ក្មេក​ក៏​ដោយ ជាពិសេស​គ្រួសារ​ដែល​ប្រកាន់​ខ្ជាប់​បែបបទ​ចិន​និយម​ខ្លាំង។

ពេលខ្លះ​ពិបាក​កំណត់​បាន​ថា​ភាគី​ខាង​ណា​ខុស​ឬ​ត្រូវ អ្វី​ដែល​ជា​លទ្ធ​ផល​ គឺ​ប្តីប្រពន្ធ​នោះ​នឹង​ពិបាក​រស់នៅ​ដោយ​មាន​សុភមង្គល។​ នេះ​ជា​រឿង​មួយ​ដែល​ភាគី​ខាង​កូន​ប្រសារ​ស្រី​ព្យាយាម​រក​រូបមន្ត​ធ្វើ​យ៉ាង​ណា​អាច​រស់​នៅ​ចុះ​សម្រុង​ជាមួយ​ម្តាយ​ក្មេក ជា​ជាង​ម្តាយ​ក្មេក​ជា​អ្នក​ខំ​រក​វិធី​មួយ​នោះ។ ខាង​ក្រោម​នេះជា​រូបមន្ត​មួយ​ដែល​អាច​ជួយ​ស្រីៗ​យើង​អាច​រស់​នៅ​ជាមួយ​ម្តាយ​ក្មេក​បាន​យ៉ាង​ល្អ សាក​អាន​រឿង​ដំណាល​មួយ​នេះ​ល៎មើល៍៖

នៅ​ពេល​មាន​ជម្លោះ​ភាគី​ទាំង​ម្តាយ​ក្មេក និង​កូន​ប្រសារ​ស្រី​សុទ្ធ​តែ​មិន​សប្បាយ​ចិត្ត​ជាមួយ​គ្នា អាច​ដល់​ស្អប់​គ្នា ធ្វើអ្វី​ក៏​នឹង​ទើស​ចិត្ត​គ្នា ទោះ​ជា​ភាគី​ម្ខាង​នោះ​ធ្វើ​បាន​ល្អ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មិន​ត្រូវ​ចិត្ត ជា​ហេតុ​ដែល​មិន​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ទាំង​កូន​ប្រសារ និង​ម្តាយ​ក្មេក​មិន​ចង់​ធ្វើ​ល្អ​ដាក់​គ្នា រហូត​ដល់​ភាគី​កូន​ប្រសារ​ខឹង​ខ្លាំង គុំ​គួន​ស្អប់​ក្នុង​ចិត្ត ព្រោះ​ម្តាយ​ក្មេក​ធ្វើ​បាប​ផ្លូវចិត្ត និង​ធ្វើ​បាប​ផ្លូវ​កាយ បម្រើ​ហត់​នឿយ​ក្នុង​ផ្ទះ។

ថ្ងៃ​មួយ​នាង​បាន​សុំ​ទៅ​លេង​ផ្ទះ​ពូ​របស់​នាង​មួយ​ថ្ងៃ ហើយ​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ដែល​ម្តាយ​ក្មេក​ធ្វើ​បាប និង​ពិបាក​ទ្រាំ​រស់​នៅ​ជាមួយ​គ្នា នាង​ក៏​សុំ​ជំនួយ​ពី​ពូ​របស់​នាង នាង​ចង់​ធ្វើ​បាប​ម្តាយ​ក្មេក​នាង​វិញ។ គ្រា​នោះ​ពូ​របស់​នាង​ក៏​បាន​ផ្តល់​វិធី​មួយ​ដល់​នាង ដែល​ធ្វើ​ឲ្យ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សប្បាយ​រីករាយ​ខ្លាំង ញញឹម​ពព្រាយ​តាម​ផ្លូវ​មក​ផ្ទះ​រហូត ព្រោះ​នាង​ស្រមៃ​ថា​ខ្លួន​នឹង​បាន​រួច​ផុត​ពី​ទុក្ខ​ទោស​ម្តាយ​ក្មេក​ឆាប់ៗ​នេះ តាម​រយៈ​វិធី​របស់​ពូ​នាង។

នារី​កូន​ប្រសារ​បាន​ប្តូរ​អត្ត​ចរិត​ទន់ភ្លន់​ខិតខំ​ធ្វើការ​ផ្គាប់​ចិត្ត​ម្តាយ​ក្មេក ទោះ​ម្តាយ​ក្មេក​ជេរ​ស្តី​ក៏​នៅ​តែ​ញញឹម​ហើយ​ខិត​ខំ​ធ្វើការ​ផ្ទះ​បាន​យ៉ាង​ល្អ និង​ចម្អិន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​ជូន​ម្តាយ​ក្មេក​ពិសា ទោះ​បី​ជា​ម្តាយ​ក្មេក​ជេរ​ស្តី បញ្ជា​ធ្វើការ​ហត់​នឿយ​ក៏​ដោយ ព្រោះ​នាង​នឹក​ដល់​វិធី​របស់​ពូ​នាងនោះ ​គឺនាង​បាន​ដាក់​ថ្នាំ​ពុល​នៅ​ក្នុង​ម្ហូប​អាហារ​របស់​ម្តាយ​ក្មេក​ជា​រៀង​រាល់​ថ្ងៃ ដែល​ពូ​​របស់​នាង​ផ្តាំ​ថា ត្រូវ​ដាក់​នៅ​ក្នុង​ម្ហូប​បន្តិចៗ ទើប​អាច​សម្លាប់​ម្តាយ​ក្មេក ដោយ​គ្មាន​អ្នក​ណា​ដឹង ដូច​នេះ​ត្រូវ​ខិតខំ​ធ្វើការ​ដោយ​ទន់​ភ្លន់ ផ្គាប់​ចិត្ត​ម្តាយ​ក្មេក​កុំ​ឲ្យ​ម្តាយ​ក្មេក​សង្ស័យ ទោះ​បី​រង​ពាក្យ​ស្តី​បន្ទោស​យ៉ាង​ណា​ក្តី។

នារី​កូន​ប្រសារ​ធ្វើ​ល្អ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ម្តាយ​ក្មេក​ទន់​ចិត្ត ពេញ​ចិត្ត ស្រឡាញ់​កូន​ប្រសារ​យ៉ាង​ខ្លាំង ហើយ​កូន​ប្រសារ​ស្រី​ក៏​ស្រឡាញ់​ម្តាយ​ក្មេក​វិញ ប៉ុន្តែ​នាង​បែរ​ជា​ភ័យ​ខ្លាច​ម្តាយ​ក្មេក​នាង​នឹង​ស្លាប់​ឆាប់ៗ​នេះ។ នារី​កូន​ប្រសារ​ក៏​រួស​រាន់​ទៅ​ជួប​ពូ​របស់​នាង អង្វរ​ពូ​របស់​នាង​ជួយ​ម្តាយ​ក្មេក​វិញ​កុំ​ឲ្យ​ស្លាប់​ ព្រោះ​ថ្នាំ​ពុល​ដែល​នាង​បាន​ដាក់​ក្នុង​ម្ហូប​នោះ។ នាង​យំ​យ៉ាង​ខ្លាំង ព្រោះ​ដឹង​ថា​ជា​កំហុស​របស់​នាង ដែល​សម្លាប់​ម្តាយ​ក្មេក​ល្អ​ដោយ​ខ្លួន​ឯង ពេល​នោះ​ពូ​របស់​នាង​ក៏​ប្រាប់​ថា​កុំ​ភ័យ ថ្នាំ​ដែល​ពូ​នាង​ឲ្យ​នោះ​គឺ​ថ្នាំ​ប៉ូវ​កម្លាំង​ទេ មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដូច​ដែល​ពូ​នាង​ប្រាប់​មុន​នោះ​ទេ។

អ្វីដែល​ពូ​នាង​ចង់​ឲ្យ​នាង​ធ្វើ​នោះ គឺ​ការ​យក​ឈ្នះ​ចិត្ត​មនុស្ស​ដោយ​អំពើ​ល្អ រីករាយ​នឹង​ធ្វើ​ចំពោះ​គេ យូរ​ទៅគេ​នឹង​មើល​ឃើញ​ពី​ទឹកចិត្ត​ល្អ​មួយ​នោះ ហើយ​ចិត្ត​ប្រកាន់​គ្នា​ក៏​រលុប សេចក្តី​ស្រឡាញ់​ក៏​នឹង​កើត​ឡើង។ តាំង​ពី​ពេល​នោះ​កូន​ប្រសារ​ស្រី​និង​ម្តាយ​រស់​នៅ​ចុះ​សម្រុង​គ្នា ហើយ​រស់​នៅ​ក្រោម​ដំបូល​សុភមង្គល​មួយ។

រឿង​ដំណាល​មួយ​នេះគ្រាន់​តែ​គំនិត​មួយ​ផ្នែក​ជំនួយ​ដល់​ការ​ពិចារណា​របស់​កូន​ប្រសារ​ស្រី បើ​មាន​រូបមន្ត​អ្វី​ល្អ​ប្រសើរ​ជាង​នេះ ជួយ​ចែក​រំលែក​ខាង​ក្រោម ដើម្បី​ជួយ​ស្រីៗ​គ្នា​យើង​រស់​នៅ​មាន​សុភមង្គល៕        

អត្ថបទៈ ជូ ជូ