​ម្ហូប​នាំ​សំណាង​ថ្ងៃ​​ចូល​ឆ្នាំ​ចិន​ស្ត្រី​មេផ្ទះ​គួរ​ដឹង​

  • 2017-01-12 08:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​ឆ្នាំ​ចិន​ខិត​កាន់​តែ​កៀក​ហើយ​ ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​មេផ្ទះ​ទាំង​ឡាយ?​ មាន​គម្រោង​ធ្វើ​ម្ហូប​អ្វី​ខ្លះ​? បើ​តាម​ជំនឿ​ អាហារ​សម្រាប់​​ចូល​ឆ្នាំ​ចិន​មិន​មែន​​សម្រាប់​ហូប​តែ​មួយ​មុខ​​ទេ​ តែ​ជា​គ្រឿង​នាំ​សំណាង​​ដែរ។​ តោះ! ​មក​មើល​​មុខ​ម្ហូប​​ដែល​ប្រជាជន​ចិន​ជឿ​ថា​នាំ​សំណាង​​ថ្ងៃ​ចូល​ឆ្នាំ​បន្តិច​មើល៍​៖

១. ត្រី​៖ ​​តំណាង​ឲ្យ​សុភមង្គល​។​ ត្រី​ដែល​ពេញ​និយម​សម្រាប់​យក​មក​ធ្វើ​ម្ហូប​គឺ​ត្រី​ គល់រាំង​ ឬ​ត្រី​ឆ្លាំង​​ ព្រោះ​ក្នុង​ភាសា​ចិន​ពាក្យ​ហៅ​ត្រី​នេះ​ស្រដៀង​នឹង​ពាក្យ​ថា​ "ឆ្នាំ​សម្បូរ"​។ យើង​អាច​ជ្រើស​រើស​យក​មក​ចំហុយ, ខរ, ឬ ស្ងោរ​ក៏​បាន​តាម​ចំណូល​ចិត្ត​ ​តែ​​សំខាន់​ត្រូវ​ឲ្យ​ត្រី​នៅ​ទាំង​មូល​ទាំង​​ក្បាល​និង​ខ្លួន​ទើប​ល្អ​។​ ​មិន​តែ​ប៉ុណ្ណោះ​ ពេល​បរិភោគ​ត្រូវ​ដាក់​ក្បាល​ត្រី​ចង្អុល​ទៅ​អ្នក​ដែល​ចាស់​ជាង​គេ​ដើម្បី​​​សម្ដែង​ការ​គោរព​ ហើយ​អ្នក​ចាស់​​​ត្រូវ​តែ​ជា​អ្នក​ចាប់​ផ្ដើម​​ញ៉ាំ​មុន​គេ។​

២. មី​៖​ ​មិន​ត្រូវ​កាត់​វា​ទេ​ គឺ​ត្រូវ​ទុក​សរសៃ​កាន់​តែ​វែង​កាន់​តែ​ល្អ​ព្រោះ​ជា​តំណាង​ឲ្យ​អាយុ​វែង​យឺន​យូរ​។​ ​ មី​ឆា​គឺ​ជា​អាហារ​ដ៏​ពេញ​និយម​ជាង​គេ​សម្រាប់​ពេល​ចូល​ឆ្នាំ​ចិន​។​

៣. បន្លែ​បៃ​តង៖ ​គឺ​តំណាង​ឲ្យ​ភាព​ចម្រុង​ចម្រើន។​ បន្លែ​ពេញ​និយម​ជាង​គេ​គឺ​​ខាត់ណា។​

៤. បាយ៖ តំណាង​ឲ្យ​ភាព​បរិបូរណ៍​ និង​រីក​ចម្រើន។​ វា​ជា​អាហារ​នាំ​សំណាង​សម្រាប់​ជន​ជាតិ​ចិន។​

៥. នំ​ប៉ាវ៖ ជា​តំណាង​ឲ្យ​ទ្រព្យ​សម្បត្តិ​ព្រោះ​វា​មាន​រាង​ស្រដៀង​នឹង​ដុំ​មាស​សម័យ​បុរាណ។​ នំប៉ាវ​មាន​ច្រើន​ជម្រើស​ដូច​ជា​​ស្នូរ​សាច់​ជ្រូក​, បង្ការ​, ត្រី​, មាន់ ឬ សាច់​គោ​ចិញ្ច្រាំ​ជា​ដើម។ បើ​តាម​ជំនឿ​ ញ៉ាំ​នំប៉ាវ​កាន់​តែ​ច្រើន​ មាសប្រាក់​ក៏​ហូរ​ចូល​កាន់​តែ​ច្រើន​ដែរ។

៦. ផ្លែ​ក្រូច​ខ្វិច​ ឬ​ក្រូច​ពោធិ៍សាត់​​៖ វា​ក៏​សំដៅ​លើ​សំណាង​ដែរ​។ ផ្លែ​ក្រូច​ជាមួយ​ស្លឹក​ថែម​ទាំង​តំណាង​ឲ្យ​អាយុ​យាន​យូរ​ទៀត​ផង។ ប៉ុន្តែ​ត្រូវ​ជៀស​វាង​ដាក់​ក្រូច​៤​ផ្លែ​ព្រោះ​វា​​តំណាង​សេចក្ដី​ស្លាប់៕​​ ​​

ប្រភព៖ ibtimes ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម