មោះ! អ្នកណាខ្លះអត់ចេះសម្អាតទូទឹកកក?

  • 2017-01-12 08:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្អាត​សម្ភារៈ និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ភាគ​ច្រើន​ជា​ភារកិច្ច​របស់​មនុស្ស​ស្រី​ជា​ពិសេស​គឺ​ផ្ទះបាយ​តែ​ម្ដង មិន​ថា​អ៊‍ីចឹង​ឬ​ស្រីៗ​គ្នា​យើង។ ពេល​ខ្លះ​ទូ​ទឹកកក​ឡើង​គគ្រេច និង​មាន​ក្លិន​មិន​ល្អ​ទៀត​ផង គិត​មើល​ទៅ​ថា​គ្មាន​អនាម័យ​ប៉ុណ្ណា។ មិន​មែន​ថា​មិន​បាន​សម្អាត​នោះ​ទេ ប៉ុន្តែ​មក​ពី​ការ​សម្អាត​នោះ​ធ្វើ​ឡើង​មិន​បាន​ត្រឹមត្រូវ​ទើប​ទោះ​ជា​សម្អាត​ញឹក​ញាប់​បែប​ណា​ក៏​នៅ​តែ​មិន​ស្អាត​ដូច​ចិត្ត​ទាល់​តែ​សោះ។​

តោះ! កុំ​បាច់​រង់ចាំ​យូរ កញ្ញា នឹង​បង្ហាញ​ពី​ការ​សម្អាត​ដ៏​ត្រឹមត្រូវ​មក​បង្ហាញ​ជូន​ណា៎៖

1.យក​ឥវ៉ាន់​ចេញ​ទាំង​អស់៖ យក​គ្រឿង​ប្រើប្រាស់ ទឹក បន្លែ​បង្ការ និង​គ្រឿង​កំប៉ុង​ដែល​មាន​ក្នុង​ទូ​ទឹកកក​ចេញ​មក​ទាំង​អស់។ ហើយ​របស់​ណា​ដែល​ប្រើ​ការ​លែង​កើត ឬ​ហួស​កាល​បរិច្ឆេទ​យក​ទៅ​បោះ​ចោល។

2.សម្អាត​ផ្ទៃ​ទូ​ទឹកកក​ទាំង​មូល៖ ដោះ​ធ្នើ និង​ប្រអប់​ដែល​មាន​ក្នុង​ទូទឹកកក​ចេញ​មក​ទាំង​អស់ រួច​យក​ច្រាស់​ដុស​ធ្មេញ​មក​ជ្រលក់​ក្នុង​ល្បាយ​ដែល​លាយ​ពី​មេ​ម្សៅ​សម្រាប់​ដុត​នំ (Baking Soda) និង​ទឹក​ក្ដៅ រួច​ដុស​នៅ​តាម​កន្លៀត និង​គែមៗ​ក្នុង​ទូ​ទឹកកក​ទាំង​មូល​ឱ្យ​ចេញ​ក្អែល និង​ស្នាម​ប្រឡាក់​ផ្សេងៗ។ យក​ក្រណាត់​ទៅ​ជ្រលក់​ទឹក រួច​យក​មក​ជូត​សម្អាត​ត្រង់​កន្លែង​ដែល​អ្នក​បាន​ដុស​ជាមួយ​នឹង​ច្រាស។

3.ដោះ​ឧបករណ៍​តម្រង​ទឹក​មក​សម្អាត៖ ប្រសិន​បើ​ទូទឹកកក​របស់​អ្នក​មាន​ឧបករណ៍​តម្រង​ទឹក​អ្នក​ត្រូវ​ដោះ​វា​មក​សម្អាត​ដោយ​ត្រាំ​វា​ក្នុង​ទឹក​ក្ដៅ​លាយ​ជាមួយ​សាប៊ូ​រយៈពេល ២ ទៅ ៣ នាទី រួច​យក​អេប៉ុង​ទៅ​ដុស​សម្អាត​ជា​ការ​ស្រេច។

4.ធ្វើ​ឱ្យ​ទូទឹកកក​មាន​ក្លិន​ល្អ៖ យក​ក្រណាត់​ស្អាត​មក​ជ្រលក់​ក្នុង​ទឹក​សាប៊ូ​រួច​យក​ទៅ​ជូត​សម្អាត​ផ្ទៃ​ទូ​ទឹកកក​ទាំង​មូល រួច​គក់​ក្រណាត់​ឱ្យ​ស្អាត​ជូត​ឱ្យ​អស់​ជាតិ​រអិល​នៃ​សាប៊ូ។ បន្ទាប់​មក​យក​ក្រណាត់​ស្អាត​មួយ​ផ្ទាំង​ផ្សេង​ទៀត​ទៅ​ជ្រលក់​ក្នុង​ទឹក​ល្បាយ​ដែល​ផ្សំ​ពី​ទឹក និង​ទឹក​ក្លិន​វ៉ានីឡា​មក​ជូត​សម្អាត​ម្ដង​ទៀត។

5.សម្អាត​ធូលី​ដី​ក្នុង​បូប៊ីនទូទឹកកក៖ យក​ជក់ ឬ​ច្រាស​មក​សម្អាត​លម្អង​ធូលីដី​ដែល​ជាប់​នៅបូប៊ីន​ទូទឹកកក។ យក​ក្រដាស​មក​ជូត​សម្អាត​ប្រដឹស​ដែក​ដើម្បី​សម្អាត​ធូលី​ដី​ដែល​កាន់​ជាប់​ឱ្យ​អស់៕  

ប្រែសម្រួលៈ ណាលីតា