ហេតុអ្វី​មិន​អាច​សួ​រខ្ញុំ​នូវ​សំណួរ​នោះ​ម្ដង​ទៀត?

  • 2017-01-12 06:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ភាព​ឯកា​នោះ​ទេ ប៉ុន្តែ​ប្រហែល​ខ្ញុំ​ជា​មនុស្ស​ម្នាក់​​ដែល​​ខុស​ពីគេ​​ ពីព្រោះ​ខ្ញុំ​រីករាយ​នូវ​សេរីភាព​ដែល​បាន​មក​ពីការ​រស់នៅម្នាក់​ឯង​ តាំង​ពី​នៅ​វិទ្យាល័យ​រហូត​ដល់​សាកល​វិទ្យាល័យ​។​ ខ្ញុំ​ចាំ​ថា​មិត្តភក្តិ​នៅ​វិទ្យាល័យ​មិន​សូវ​ជា​ចូលចិត្ត​និយាយ​ជាមួយខ្ញុំ​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​តែ​មនុស្ស​ម្នាក់​គត់​ដែល​តែង​តែ​ព្យាយាម​និយាយ​ជាមួយខ្ញុំ។​ គាត់​តែងតែ​រក​លេស ដើម្បី​បាន​នៅ​ក្បែរ​ខ្ញុំ​រហូត​ដល់​ពួក​យើង​ក្លាយ​ជា​មិត្តភក្តិ​ស្និទ្ធិស្នាល​នឹង​គ្នា។​  

ជីវិត​នៅ​​សាកល​​វិទ្យាល័យ​ក៏​​បាន​​មក​​ដល់ គាត់​ជ្រើស​រើស​ជំនាញ​ដែល​គាត់​ចូល​ចិត្ត​គឺ​ផ្នែក​សំណង់​ស៊ីវិល ចំណែក​​ខ្ញុំ​​វិញ​​​រៀន​​ពេទ្យ ជំនាញ​​ពួក​​យើង​​សុទ្ធ​​​តែ​​ជា​​ជំនាញ​​ដែល​​រវល់​​ដូច​​គ្នា តែ​​គាត់​​នៅ​​តែ​ព្យាយាម​​រក​​ពេល​​​ដើម្បី​​ជួប​​ខ្ញុំ។​

ចាប់​តាំងពី​​មក​រៀន​​នៅ​ភ្នំពេញ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ហាក់​បី​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើងៗ​។ ថ្ងៃ​នោះ​គាត់​បាន​ណាត់​ខ្ញុំ​ទៅ​ញ៉ាំ​អី ខ្ញុំ​ចាំ​ថា​ពេល​នោះ​ខ្ញុំ​ទៅ​យឺត​ខ្លាំង ប៉ុន្តែ​គាត់​នៅ​តែ​ញញឹម​មក​កាន់​ខ្ញុំ​ដោយ​រីក​រាយ។ បន្ទាប់​ពី​ញ៉ាំ​អី​ហើយ គាត់​បាន​ហុច​ផ្កា​មួយ​បាច់​ឲ្យ​ ខ្ញុំ ពិត​ជា​ស្រឡាំង​កាំង​ណាស់ មិន​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​សម​នោះ​ទេ។ «យ៉ា ខ្ញុំ​អត់​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​នោះ​ទេ​បន្ទាប់​ពី​ខ្ញុំ​និយាយ​វា​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ចង់​ចំណាយ​ពេល​នៅ​បែប​នេះ​ទៀត​ទេ។ យ៉ា​មាន​ដែល​មាន​ចិត្ត​ស្រឡាញ់​ខ្ញុំ​ខ្លះ​អត់? ខ្ញុំ​ស្រឡាញ់​យ៉ា​ណាស់ ហើយ​បាន​ស្រឡាញ់​តាំង​ពី​វិទ្យាល័យ​មក​ម្ល៉េះ»។​ គាត់​និយាយ​ទាំង​ទឹក​មុខ​គួរ​ឲ្យ​អាណិត។

គ្រាន់​តែ​លឺ​ពាក្យ​ទាំង​នោះ​ភ្លាម​ខ្ញុំ​និយាយ​អ្វី​មិន​ចេញ​ទាំង​អស់ ទាំង​ភ័យ ទាំង​ពិបាក​ចិត្ត ព្រោះ​ខ្ញុំ​មិន​ចង់​បាន​បែប​នេះ​ទេ។ ខ្ញុំ​ព្យាយាម​និយាយ​ទៅ​កាន់​គាត់​ទាំង​អារម្មណ៍​ពិបាក​នឹង​ពន្យល់ «រិទ្ធិ​កុំ​លេង​សើច​បែប​នេះ​អី ហើយ​បើ​ទោះ​ជា​ការ​ពិត​ក៏​ខ្ញុំ​សុំទោស​ដែរ ខ្ញុំ​អត់​ទាន់​ចង់​គិត​រឿង​ហ្នឹង​ទេ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​កុំ​មាន​រឿង​បែប​នេះ​ទៀត​អី»។ គាត់​មិន​បាន​តប​អ្វី​ទាំង​អស់ ក្រៅ​ពី​ពាក្យ​ថា «មិនអីទេ» ទាំង​ព្យាយាម​ញញឹម។

[…] ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​គាត់​នៅ​តែ​ល្អ​ជាមួយ​ខ្ញុំ​ដូច​ធម្មតា និង Call មក​ខ្ញុំ​ដូច​រាល់​ថ្ងៃ​ដែរ។ នៅ​ថ្ងៃ​ពិសេសៗ ដូច​ជា​ខួប​កំណើត​ខ្ញុំ Chritsmas និងថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ គាត់​តែង​តែ​ទិញ​កាដូ​មក​ឲ្យ​ខ្ញុំ​ជា​និច្ច។ គាត់​ធ្វើ​បែប​នេះ​រយៈពេល​៣​ឆ្នាំ​ហើយ រហូត​ដល់​ខ្ញុំ​គិត​ថា​គាត់​ជា​មនុស្ស​ល្អ​ម្នាក់​ដែល​ខ្ញុំ​អាច​ពឹង​ពាក់​បាន​បន្ទាប់​ពី​គ្រួសារ​របស់​ខ្ញុំ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រលាញ់​គាត់​ម្តងៗ​ដែរ ប៉ុន្តែ​ចេះ​តែ​ចង់​គេច​វេស។

មាន​ថ្ងៃមួយ​ដែល​ពួក​យើង​ណាត់​គ្នា​ទៅ​ញ៉ាំអី ហើយ​ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ដែរ «Hello រិទ្ធិ មក​ដល់​នៅ ខ្ញុំ​ចាំ​យូរ​ហើយ»។  «យ៉ា​ចាំ​ខ្ញុំ​តិច​ទៅ​ណា ខ្ញុំ​ទៅ​ដល់​ឥលូវ​ហើយ»។ មួយ​សន្ទុះ​មក គាត់​ក៏​បាន call មក​ខ្ញុំ​ម្តង​ទៀត «មក​ដល់​ហើយ​មែន​ទេ​?» ខ្ញុំ​សួរ​ទាំង​ញញឹម។ ប៉ុន្តែ​លើក​នេះ​មិន​មែន​សំឡេង​គាត់​ទេ បែរ​ជា​សំឡេង​មនុស្ស​ម្នាក់​ផ្សេង​ទៀត « អាឡូ! អូន​ស្គាល់​ម្ចាស់​ទូរស័ព្ទ​អត់ ឥឡូវ​ម្ចាស់​ទូរស័ព្ទ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ហើយ» ។​  រំពេច​នោះ​ខ្ញុំ​គាំង​និយាយ​អ្វី​មិន​ចេញ​ទាំង​អស់​ក្រៅ​ពី​ពាក្យ​ថា «នៅ​ឯ​ណាៗ» ។ ទឹក​ភ្នែក​ចាប់​ផ្តើម​ស្រក់​ចុះ​ សំឡេង​ទ្រហោយំ​ក៏​បន្លឺ​ឡើង​ដោយ​មិន​ខ្មាស់​អ្នក​ណា អ្វី​ក៏​ខ្ញុំ​មិន​អាច​ធ្វើ​កើត​ ក្រៅ​ពី​ផ្តល់​ដំណឹង​នេះ​ឲ្យ​គ្រួសារ​គាត់។

[…] ថ្ងៃរះ​ដែល​ខ្ញុំ​មិន​ចង់​ឃើញ សំឡេង​ភ្លេង​ដែល​ខ្ញុំ​មិន​ចង់​ស្តាប់  សូរស័ព្ទ​ទ្រហោយំ​ដែល​ខ្ញុំ​មិន​ចង់​ឮ ប៉ុន្តែ​វា​នៅ​តែ​រត់​មក​រក​ខ្ញុំ​ដដែល។ ខ្ញុំបោះ​ជំហាន​ទៅ​កាន់​ទីនោះ​ទាំង​អារម្មណ៍​ក្តុក​ក្តួល​ដែល​មិន​អាច​នឹង​រៀប​រាប់​បាន ជើង​ទាំង​ពីរ​របស់​ខ្ញុំ​ឈប់​ស្ងៀម​ចំ​ពី​មុខ​រូបថត​របស់​គាត់​ដែល​កំពុង​ញញឹម​មក​កាន់​ខ្ញុំ។ ទឹក​ភ្នែក​ខ្ញុំ​រមៀល​ចុះ​មិន​ដាច់ «ហេតុអី​បង​ទៅ​ឆាប់​បែប​នេះ? ដឹង​អត់​ថា​ខ្ញុំ​មាន​សំណួរ​ជាច្រើន​ចង់​សួរ​បង។ ហេតុ​អ្វី​បង​មិន​សួរ​ខ្ញុំ​ម្ដង​ទៀ​តថា​ ខ្ញុំ​ស្រលាញ់​បង​អត់​? ហេតុអី​មិន​អាច​សួរសំណួរ​នេះ​ម្តង​ទៀត? ហេតុ​អី?  បង​សួរ​ខ្ញុំ​មក ខ្ញុំ​ចង់​ឆ្លើយ​វា»។ តែ​សំណួរ​នេះ​លែង​អ្នក​សួរ​ខ្ញុំ​ទៀត​ហើយ។ អារម្មណ៍​ដ៏​ឈឺ​ចាប់​ចំពោះ​ការ​បាត់​បង់​មួយ​នេះ​អ្នក​ណា​យល់​ខ្លះ​ទៅ?

រូបតំណាង

នេះ​ជា​វិប្បដិសារី​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បំផ្លាញ​ពេលវេលា​ ៣ឆ្នាំ ទៅ​ដោយ​គ្មាន​ន័យ​ បើ​ខ្ញុំ​ទទួល​យក​គាត់ យ៉ាង​ហោច​ណាស់​ក៏​ខ្ញុំ​មាន​ការ​ស្រឡាញ់ និង​ការ​ចងចាំ​ដ៏​ល្អ​ជាមួយ​គាត់​ដែរ តែ​ចុង​ក្រោយ​ខ្ញុំ​សល់​ត្រឹម​តែ​ការ​សោក​ស្តាយ  ឈឺចាប់ មិន​អាច​លុប​បាន​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​ពេល​វេលា​អាច​ត្រឡប់​ក្រោយ​បាន​ខ្ញុំ​នឹង​ប្រាប់​គាត់​ថា «អូន​ស្រឡាញ់​បង» មុន​នឹង​គាត់​ចាក​ចេញ​ទៅ។  

សាច់រឿងផ្តល់ដោយ៖ សែន វណ្ណរិយ៉ា ខេត្តកំពង់ចាម

អត្ថបទៈ ផេង ផលធិតា

អត្ថបទពេញនិយម