ហេតុផល​ដែលអ្នកម្តាយ​គួរ​តែ​បំបៅ​ដោះ​កូន​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦​ខែ​ដំបូង

  • 2023-09-05 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បំបៅ​ដោះ​កូន​ជា​កាតព្វកិច្ច​មួយ​ដែល​ម្តាយ​គ្រប់​រូប​ត្រូវ​តែ​ផ្តល់​ទៅ​ឲ្យ​កូន​ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង ប៉ុន្តែ​ដោយ​សារ​សម័យ​កាល​កាន់​តែវិវត្ត​ទៅ​មុខ ម្សៅ​ទឹកដោះ​គោ​ក៏​កំពុង​ចរាចរណ៍​ច្រើន​នៅ​លើ​ទីផ្សារ ណា​មួយ​អ្នក​ម្តាយ​ខ្លះ​ទៀត​ក៏​មមាញឹក​នឹង​ការងារ ដូច្នេះ​ហើយម្តាយ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​ បាន​ប្រើប្រាស់​ទឹក​ដោះ​គោ​ដើម្បី​ជំនួស​វិញ។

បញ្ហា​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​បុគ្គល ជា​ពិសេស​ស្ត្រី​ដែល​ត្រូវ​​ក្លាយ​ទៅ​ជា​ម្តាយ​គេ ថាគួរ​តែ​ផ្តល់​ការ​បំបៅ​ដោះ ឬ​មិន​គួរ។ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ស្ត្រី​ជា​មាតា​គួរ​តែ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​បំបៅ​ដោះ​កូន។ តើ​ការ​បំបៅ​ដោះកូន​មាន​សារៈ​ប្រយោជន៍​អ្វីខ្លះ?

ទឹកដោះ​ម្តាយ​គឺ​ជា​អាហារ​ និង​ទឹក​ដ៏​ល្អ​បំផុត​ដែល​ទារក​ត្រូវការ​សម្រាប់​៦​ខែ​ដំបូង។​ ក្នុង​អំឡុង​ពេល​នេះ ការ​ផ្តល់​ទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​គឺ​ពុំ​អនុញាត​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ទារក​រាគរូស​ និង កើត​ជំងឺ​ដទៃ​ទៀត​ជា​ច្រើន។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO)​ បាន​ឲ្យ​ដឹង​ថា​ការ​បំបៅ​ដោះ​កូន​គឺជា​វិធី​ដ៏​សាមញ្ញ​មួយ​ដែល​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ដូចជា​ ​ វីតាមីន ប្រូតេអ៊ីន ខ្លាញ់ និង​​ជាតិ​ទឹក ដែល​ជា​តម្រូវ​ការ​របស់​ទារក​ក្នុង​ការ​លូត​លាស់​ ដូច្នេះ​ហើយ​យើង​មិន​ចាំបាច់​មាន​អាហារ​ពី​ខាង​ក្រៅ​ជំនួយ​ទៀត​នោះ​ទេ។ លើស​ពី​នេះ ទឹកដោះ​ម្តាយ​គឺ​ជា​អាហារ​ដែល​ងាយ​ស្រួល​សម្រាប់​ឲ្យ​ទារក​រំលាយ ហើយ​វា​ធ្វើ​ឲ្យ​ទារក​លូតលាស់​ធំធាត់ មាន IQ ខ្ពស់​ក្នុង​ការ​សិក្សា និង មាន​ប្រព័ន្ធភាព​ស៊ាំដែល​អាច​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន​ទៀត​ផង។

ម្យ៉ាង​វិញ​ទៀត​បើ​តាម WebMD ដែល​ជា​វិបសាយ​សុខភាព​បាន​និយាយ​ថា​ការ​បំបៅ​ដោះកូន​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ម្តាយ​ដូចជា មាន​សុខភាព​ល្អ មាន​ភាព​ជិតដិត​ជាមួយ​កូន ឆ្អឹង​រឹងមាំ សន្សំ​សំចៃ​ថវិកា ដុត​បំផ្លាញ​កាឡូរី​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក ដែល​សូម្បី​តែ WHO​ ក៏​បាន​លើក​ឡើង​បែប​នេះ​ដែរ។

សរុប​ជា​រួម​មក ការ​បំបៅ​ដោះ​កូន​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បាន​ផ្តល់​នូវ​គុណ​ប្រយោជន៍​ជា​ច្រើន​ដល់​ទារក និង​ម្តាយ។ ដូច្នេះ​ម្តាយ​គ្រប់​រូប​គួរ​តែ​ជ្រើស​រើស​វិធី​នេះ និង​ព្យាយាម​ផ្តល់​ឲ្យ​រហូត​ដល់​ទារក​យ៉ាង​ហោច​ណាស់​៦​ខែ ជា​ជាង​ការ​ប្រើប្រាស់​ទឹកដោះគោ​ឬ​អាហារ​ផ្សេងៗ​ជំនួស​បើ​សិន​ជា​អាច៕

  

អត្ថបទៈ ធីតា

អត្ថបទពេញនិយម