​អារម្មណ៍​ស្រីៗ នៅ​ពេល​ប្តី ឬ​សង្សារ ចូល​ខារ៉ាអូខេ​

  • 2017-01-03 08:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​សម័យ​ថ្មី​នេះ ខារ៉ាអូខេ​ជា​ទី​កន្លែង​កម្សាន្ត​សប្បាយៗ មិន​ថា​មនុស្ស​វ័យ​ក្មេង ឬ​ចំណាស់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ភាគច្រើន​ប្រុសៗ​និយម​ចូល​ទៅ​ច្រៀង និង​ផឹក​គ្រឿង​ស្រវឹង​នៅ​ទីនោះ ច្រើន​ជាង​ស្រីៗ​ចូល​ច្រៀង​លេង​ជា​លក្ខណៈ​គ្រួសារ។

ខារ៉ាអូខេ ក្រៅ​ពី​ការ​កម្សាន្ត​ច្រៀង​រាំ ផឹក​គ្រឿង​ស្រវឹង ញ៉ាំ​គ្រឿង​ក្លែម​នោះ ក៏​មាន​សេវា​នារីៗ​អង្គុយ​កំដរ ចាក់​ស្រា និង​ជល់​កែវ​ជាមួយ​ផង​ដែរ ជាង​នេះ​ទៅ​ទៀត​នោះ ភាព​ស្និទ្ធស្នាល​រវាង​ភ្ញៀវ​ប្រុសៗ និង​អ្នក​កំដ​រស្រី អាច​ឈាន​ដល់​ការ​ប៉ះ​ស្ទាប​អង្អែល​ ឬ​សកម្មភាព​លើស​ពី​នេះ។

នៅ​ក្រោម​ភ្លើង​ពណ៌ គ្រឿង​ស្រវឹង​ជោគ​ជាំ មើល​អ្វី​ក៏​ស្អាត ធ្វើអ្វី​ក៏​សប្បាយ ដែល​ជំរុញ​ចិត្ត​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ដឹង​ខ្លួន ឬ​មាន​បំណង​ចង់​សប្បាយ​បែប​នេះ។  ប៉ុន្ដែ​ការ​សប្បាយ​ភ្លេច​ខ្លួន​បែប​នេះ ជា​ទុក្ខ​ព្រួយ​របស់​នារីៗ ដែល​ជា​ប្រពន្ធ​កូន គូ​ដណ្តឹង និង​សង្សារ​ស្រី ដែល​ពួក​គេ​មិន​អាច​ហាម​ឃាត់​ដៃគូ​របស់​ពួកគេ មិន​ឲ្យ​ចូល​ខារ៉ាអូខេ​នោះ​ឡើយ បាន​ត្រឹម​តែ​មិន​សប្បាយ​ចិត្ត ខឹង កើត​ទុក្ខព្រួយ និង​បារម្ភ  នេះ​គឺ​ជាការ​បង្ហើប​ប្រាប់​របស់​ស្រ្តី ១០នាក់ មក​ដល់​កញ្ញា​ជួយ​ចែក​រំលែក។

នារី​ទាំង​១០រូប ក៏​យល់​ស្រប​គ្នា​ទៀត​ថា មិន​ពេញ​ចិត្ត​ចំពោះ​ដៃគូ​ខ្លួន​ចូល​ខារ៉ាអូខេ​នោះ​ទេ ទោះ​បី​ជា​ដៃគូ​របស់​ពួកគេ​បាន​ប្រាប់​មុន​ក៏​ដោយ ក៏​យល់​ថា​ការ​សប្បាយ​បែប​នេះ​គឺខ្ជះ​ខ្ជាយ ហើយ​ពិបាក​នឹង​ជឿ​ថា ស្មោះ និង​មិន​ប៉ះពាល់​នារី​កំដរ​នៅ​ខារ៉ាអូខេ​នោះ​សោះ តែ​ធ្វើ​យ៉ាង​ណា​ហាម​បាន ទាល់​តែ​ប្រុសៗ​ទាំង​នោះ​មាន​ស្មារតី មិន​ចូល​ចិត្ត​ដោយ​ឯក​ឯង នៅ​សម័យ​នេះ។

ចំណែក​នារី ៦នាក់​ក្នុង​ចំណោម​១០នាក់​នោះ​ក៏​អះអាង​បន្ត​ថា ទោះបី​ជា​ប្រុសៗ​ទាំង​អស់​នោះ​ មិន​មាន​ស្រីៗ​កំដរ ក៏​ពួក​គេ​ត្រូវ​ផឹក​ស្រា ស្រាបៀរ​ច្រើន​ដែរ បើ​មិន​ដូច​នោះ​ទេ​ពិបាក​ដើរ​ចូល​ក្នុង​ចំណោម​ក្រុម​មិត្ត ភ័ក្តិ​គ្នា​គេ​ដែរ។

នៅ​ក្នុង​នោះ នារី​៣​នាក់​ក្នុង​ចំណោម​១០​នាក់​បាន​លាត​ត្រដាង​ថា ពួកគេ​បាន​ឈ្លោះ​គ្នា​រាល់​ពេល​ដែល មិត្ត​ប្រុស​របស់​គេ​ចូល​ខារ៉ាអូខេ។ រីឯ​ម្នាក់​ក្នុង​ចំណោម​នោះ និយាយ​ថា នាង​បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សង្សារ​ដោយ​សារ​រឿង​ចូល​ខារ៉ាអូខេ​សប្បាយ​ញឹក​ញាប់​នេះ ហើយ​នារី​ម្នាក់​ទៀត​ថា នាង​សុខ​ចិត្ត​មេម៉ាយ​ដោយសារ​ទ្រាំ​នឹង​ប្តី​ចូល​ខារ៉ាអូខេ​ស្ទើរ​រាល់​យប់​មិន​បាន ទោះ​បី​ជា​ការ​ចូល​ខារ៉ាអូខេ​របស់​ប្តី​គាត់​គឺ​ជា​កិច្ចការ​រកស៊ី ត្រូវ​ជួប​មេ​និយាយ​កិច្ចការ​នៅ​ទីនោះ​ក៏​ដោយ ក៏​វា​ជ្រុល​ពេក ដែល​ប្រពន្ធ​កូន​ត្រូវ​រង់ចាំ​មើល​ផ្លូវ​ប្តី ចាំ​មើល​ផ្លូវ​ឪពុក មក​ញ៉ាំ​បាយ​ជុំ​គ្រួសារ មិន​បាន​នោះ​ឡើយ។​

នារី​មាន​គំនិត​សុទិដ្ឋិនិយម​ម្នាក់ និយាយ​ថា មិន​មែន​ស្រីៗ​តឹង​តែង​នឹង​ដៃគូ​ខ្លួន​ក្នុង​ការ​ចូល​ខារ៉ាអូខេ​ទេ គឺ​នាង​ចង់​ឲ្យ​ប្រុសៗ​ចូល​លេង​សប្បាយ​បែប​លក្ខណៈ​មិត្តភ័ក្តិ កុំ​ឲ្យ​មាន​ស្រីក្រៅ​ក្នុង​នៅ​ខារ៉ាអូខេ កុំ​ឲ្យ​ចាយ​លុយ​ខ្ជះខ្ជាយ និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ប៉ះពាល់​សុខភាព និង​អាច​នាំ​គ្រោះ​ថ្នាក់​ចរាចរណ៍ បើ​អាច​យូរៗ​ទៅ​ម្តង​ក្នុង​ឱកាស​បុណ្យ​ទាន​ពិសេសៗ និង​អាច​នាំ​នាង​ទៅ​ជាមួយ​ម្តង​ម្កាល ក៏​បាន​ដែរ។

ចុះ​នារី​ផ្សេង​ទៀត​គិត​ដូច​គ្នា​នេះ​ទេ?​ សប្បាយ​ចិត្ត​អត់​ពេល​មិត្ត​ប្រុស ឬ​ប្តី ទៅ​ខារ៉ាអូខេ?

អត្ថបទៈ ជូ ជូ

អត្ថបទពេញនិយម