​សួង​ ស៊ីណាត ស្ត្រី​ខ្មែរ​ដែល​មាន​ទាំងសមត្ថភាព​ និង​គុណធម៌​
  • 2016-12-21 03:27:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជា​វេជ្ជបណ្ឌិត​​កំពុង​បម្រើ​ការ​នៅ​ផ្នែក​សេវាកម្ម​ព្យាបាល​មនុស្ស​ចាស់​ និង​សើស្បែក នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ កញ្ញា​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ សួង​ ស៊ីណាត​ ជា​ស្ត្រី​ខ្មែរ​ដ៏​កម្រ​ដែល​មាន​ស្នាដៃ​ដ៏​លេច​ធ្លោ​ផ្នែក​សុខភាព​សាធារណ​នៅ​កម្ពុជា។​

ជា​ស្រ្តី​ខ្មែរ​ដ៏​មាន​សមត្ថភាព​និង​គុណធម៌ ក្រម​សីលធម៌ ការ​ទទួល​ខុស​ត្រូវ​នៃ​វិជ្ជាជីវៈ​វេជ្ជបណ្ឌិត រូប​នេះ​បាន​ចាត់​ទុក​ការ​ជួយ​ជីវិត​មនុស្ស​ជា​ការងារ​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​នាង។

ការ​សិក្សា៖​

ពិត​មែន​តែ​ជា​ស្ត្រី​វ័យក្មេង តែ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ សួង​ ស៊ីណាត​​ ធ្លាប់សិក្សានៅវិទ្យាស្ថានភាសា បរទេស (IFL) បន្ទាប់មកបាន​ព្យាយាម​ និង​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​បញ្ចប់​​ការ​សិក្សា​លើ​ជំនាញ​វេជ្ជសាស្ត្រ​យ៉ាង​ជោគជ័យ​មក​ពី​ប្រទេស​ជប៉ុន​។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិតរូបមានសមត្ថភាព​អាច​និយាយ​ភាសា​បរទេស​បាន​បី​ភាសា​យ៉ាង​ស្ទាត់​ផង​ដែរ​រួមមាន​ អង់គ្លេស​ បារាំង​ និង​ថៃ។

បើ​និយាយ​ពី​ការ​លំបាក​ក្នុង​ការ​សិក្សា​វិញ កញ្ញា​​​បាន​បង្ហើប​ឲ្យ​ដឹង​ថា​​មិន​ថា​ មិន​ថា​រៀន​អ្វី​ឬ ធ្វើ​អ្វី​សុទ្ធ​តែ​មាន​ការ​លំបាក​របស់​វា ​ទាស់​ត្រង់​ថា​តើ​យើង​អាច​តស៊ូ​ដើម្បី​វា​ឬ​ទេ?។​ «អ្វី​ដែល​បាន​មក​ដោយ​លំបាក ​គឺ​យើង​ប្រាកដ​ជា​មាន​មោទនភាព​ចំពោះ​វា​​ ការ​លំបាក​ប៉ុណ្ណេះ​​មិន​អាច​បញ្ឈប់​យើង​បាន​ទេ» សាស្រ្តាចារ្យបញ្ជាក់។

ជីវិត​ជា​និស្សិត​ពេទ្យ​ គឺ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​ចុះ​កម្មសិក្សា​​ដោយ​ត្រូវ​សម្រាក​ពេទ្យ​ និង​មាន​វេន​យាម​។​ ជំនួស​ឲ្យ​ការ​គិត​ថា​វា​ជា​ការ​លំបាក យើង​គួរ​ប្ដូរ​វា​មក​ជា​ឱកាស​វិញ​ ព្រោះ​វា​ជា​ពេល​ដែលយើ​ង​អាច​​ជួប​មើល​ជំងឺ​ផ្ទាល់​ក្រោម​ការ​ណែ​នាំ​របស់​សាស្ត្រាចារ្យ​ ឬ​វេជ្ជបណ្ឌិត​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​យើង​រីកចម្រើន​លឿន។​

ការងារ៖​​ ទាំង​ការ​បង្រៀន​ និង​ការ​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ សុទ្ធ​តែ​ជា​អ្វី​ដែល​កញ្ញា​ពេញ​ចិត្ត។​ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ ពេល​​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ យើង​អាច​ជួយ​សង្គម​ និង​ជួយ​ប្រទេស​ជាតិ​ ។ ចំណែក​ការ​បង្រៀន​នៅ​សាលា​​គឺ​ជា​ការ​ជួយ​ដល់​សិស្ស​ប្អូន​និស្សិត​ពេទ្យ​ជំនាន់​ក្រោយ​ ដោយ​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ឆ្លង​កាត់។

អ្វី​ដែល​មាន​មោទនភាព​បំផុត​នោះ ​ក្នុង​វ័យ​ទើប​តែ​៣២ឆ្នាំ សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត សួង ស៊ីណាត មាន​ទស្សន​វិស័យ​ចង់​ឃើញ​ស្រ្តី​ខ្មែរ និង និស្សិត​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ដែល​មាន​ការ​តស៊ូ​ក្នុង​វិជ្ជាជីវៈ​ជា​អ្នក​សង្រ្គោះ​និង​ថែទាំ​សុខភាព​សាធារណៈ។ បំណង​សំខាន់​បំផុត​សម្រាប់​ស្ត្រី​វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​រូប​នេះ ​គឺ​ការ​ព្យាយាម​បម្រើ​ការងារ​ និង​វិជ្ជាជីវៈ​ឲ្យ​អស់​ពី​សមត្ថភាព។​

ការ​ផ្ដាំ​ផ្ញើ​ចំពោះ​និស្សិត​ជំនាន់​ក្រោយ​

ចំពោះ​និស្សិត​ដែល​ចង់​ជ្រើសរើស​រៀន​ផ្នែក​ពេទ្យ​មិន​ថា​លើ​ជំនាញ​អ្វី​ក៏​ដោយ​កុំ​ភ្លេច​ផ្ដោត​លើ​មូលដ្ឋាន​​គ្រឹះ​សំខាន់​ពីរ​រួម​មាន​ ភាសា​អង់គ្លេស​ និង​បារាំង​ ព្រោះ​និស្សិត​ត្រូវ​អាន​ឯកសារ​អស់​នេះ​ ច្រើន​ ។ «ខ្ញុំ​គិត​ថា​ចំពោះ​ការ​រៀន​ពេទ្យ​ មិន​ចាំ​បាច់​ទាល់​តែ​កូន​អ្នក​មាន​ទើប​រៀន​បាន​នោះ​ទេ​ ព្រោះ​និស្សិត​អាច​ស្វែង​រក​ឯកសារ​ពី​បណ្ណាល័យ​យក​មក​អាន​ Free ហើយ​ឥឡូវ​នេះ​មាន​ឈាន​រហូត​ទៅ​ដល់​ប្រើ​Internet free ដើម្បី​រក​មើល​ឯក​សារ​ផ្សេងៗ​ផង​ដែរ»​ សាស្ត្រាចារ្យ​រូប​នេះ​បន្ថែម។

និស្សិត​គ្រប់​រូប​គួរ​សួរ​ខ្លួន​ឯង​ថា​​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​មាន​ពាក្យ ​«ស្រឡាញ់​» នៅ​ក្នុង​នោះ​ទេ។​ ព្យាយាម​ទៅ​មុខ មិន​ថា​លឿន​ឬ យឺត​​ត្រូវ​តែ​តស៊ូ​។

ម្យ៉ាង​ទៀត​អ្វី​ដែល​សំខាន់​នោះ​ គឺ​ត្រូវ​យក​ចំណេះ​របស់​យើង​មក​បម្រើ​ប្រទេស​ជាតិ និង​សង្គម​យើង​៕

​​​​


អត្ថបទៈ យ៉ារិទ្ធ